BREAKING NEWS
Search

ទឹក​បូម​ពី​ស្ទឹង​សិរីសោភ័ណ​ ទើប​ហូរ​ចូល​ស្ទឹង​មង្គល​បូរី តែ​មិនទាន់​ដល់​គោលដៅ​ទេ

បន្ទាយមានជ័យ ​៖​ ទឹក​ ដែល​បូម​ពី​ស្ទឹង​សិរីសោភ័ណ​ត្រង់​ភូមិ​ព្រៃ​ឫស្សី ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ​បូម​ដាក់​ប្រឡាយ​ជាង​៨​គីឡូ ​តាំងពី​ថ្ងៃ​ទី​៩​ ខែ​មករា មកទល់​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ​២០២០​​ ទើប​ហូរ​ចូល​ស្ទឹង​មង្គល​បូរី​ ត្រង់​ស្ពាន​បត់​ត្រង់​ ឃុំ​បត់​ត្រង់​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​កំពុង​រង់ចាំ​ទឹក​នេះ ​​យក​មក​ប្រើ​ប្រាស់​ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​នៅ​ឡើយ ​​ខណៈ​ឃុំ​ឫស្សី​ក្រោក កណ្ដាល​ទីប្រជុំជន​ស្រុក​មង្គល​បូរី​ ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ​និង​ទឹក​បរិភោគ​ដ៏​ធ្ងន់ធ្ងរ​នោះ។

ចំណែក​ទឹក​ដែល​បង្ហូរ​ទម្លាក់​ពី​ប៉ែក​ខាងលើ​ នៃ​ស្ទឹង​មង្គល​បូរី​ពី​ភូមិសាស្ត្រ​ស្រុក​ប​វេ​ល​ខេត្ត​បាត់ដំបង ក៏​ទើប​ហូរ​មកដល់​ភូមិសាស្ត្រ​ឃុំ​រហាត់ទឹក ​ស្រុក​មង្គល​បូរី​ប៉ុណ្ណោះ​ ពោលគឺ តំបន់​ផ្នែក​កណ្តាល ​នៃ​ស្ទឹង​មង្គល​បូរី​ ក្នុងភូមិ​សាស្ត្រ​ស្រុក​នេះ នៅ​បន្ត​គ្មាន​ទឹកជា​ច្រើន​ថ្ងៃ​ទៀត​ ឬ​និយាយថា ទឹក​បូម​ និង​ទឹក​ទម្លាក់​ចុះ​ពី​ខ្សែទឹក​ខាងលើ មិនទាន់​មក​ជួប​គ្នា ហើយ​ហូរ​ដល់​គោលដៅ​នៅ​នៅឡើយ។ នេះ​បើ​តាម​ លោក​ ពិន សេង​ហាប់ អភិបាល​រង​ស្រុក​មង្គល​បូរី​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​ ខែមករា ឆ្នាំ​២០២៩​នេះ​។​

លោក​ និង​លោក ​រ័ត្ន ដា​ស៊ីណង់ អភិបាលស្រុក ​ព្រមទាំង​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​ដែល​ចុះ​អនុវត្ត​ការងារ​បូម​បូមទឹក​នេះ​ ទាំងយប់​ ទាំង​ថ្ងៃ​ បាន​ប្រាប់​ឲ្យ​ដឹងថា ​មក​ទល់​ពេលនេះ ក្រុមការងារ​ និង​គ្រឿងចក្រ ​បាន​កាយ​មកដល់​ចំណុច​ស្ពាន​បត់​ត្រង់​ហើយ ហើយ​បាន​ដាក់​ម៉ាស៊ីន​បូមទឹក​បញ្ជូន​នៅ​ប្រឡាយ​ស្ពាន​តា​ផាន់ ​​ដោយ​ទឹក​ទើបបាន​និង​កំពុង​ហូរ​បណ្ដើរៗ​ចូល​ដងស្ទឹង​ទី​រួម​ស្រុក​មង្គល​បូរី​ហើយ។ ទោះបីជា​ប្រឡាយ បាន​ស្ដារ ​និង​កាយ​រួចរាល់​ហើយ​ក្ដី លោក​អភិបាលស្រុក​មង្គល​បូរី រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត នៅតែ​បន្តការងារ​ចុះ​ពិនិត្យមើល​ការ​បូម​ទឹក​គ្រប់​ចំណុច នៃ​ប្រឡាយ​ស្ពាន​តា​ផាន់ និង​ប្រឡាយ​នាំ​ទឹកជា​ច្រើន​កំណាត់ បត់​បែន ទាប​ខ្ពស់​ពី​ដើមទី​ដាក់​ម៉ាស៊ីន​បូមទឹក​២​គ្រឿងក្នុង​ស្ទឹង​សិរីសោភ័ណ​ដល់ចុងទី​ដាក់​ម៉ាស៊ីន​បូម​ទឹក​បញ្ជូន​១​គ្រឿង​ទៀត រហូតដល់​ស្ទឹង​មង្គល​បូរី​ដើម្បី​បញ្ជូន​ទឹកបាន​លឿន​ចូល​ស្ទឹង​មង្គល​បូរី ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ស្រុក​មង្គល​បូរី បាន​បរិភោគ ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី ផ្នែក​ខាងលើ ​និង​ផ្នែក​ខាងក្រោម​នៃ​ដងស្ទឹង​មង្គល​បូរី​មានទឹក​អាច​ប្រើប្រាស់​ និង​បរិភោគ​ធម្មតា​ទេ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​លួច​បូមទឹក​ស្រោចស្រព​ស្រូវ​រដូវប្រាំង​លើក​ទី​២​ជា ដាច់ខាត ចំពោះ​នៅ​ផ្នែក​កណ្តាល ដែលមាន​ពលរដ្ឋ​រស់​នៅ​ច្រើន ទឹកស្ទឹង​បាន​រីង​ខះ​ហើយ។​

សូម​បញ្ជាក់​ថា អំពី​ការ​ប្រឈម​ខ្វះ​ទឹក​ធ្ងន់ធ្ងរ​នៅ​ផ្នែក​កណ្តាល ​នៃ​ដងស្ទឹង​មង្គល​បូរី ​ក្នុងស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយមានជ័យ​ នា​រដូវប្រាំង ​ឆ្នាំ​២០២០ នេះ មន្ត្រី​អាជ្ញាធរ​ដែនដី​ និង​ជំនាញ​ធនធាន​ទឹក​ថា​មកពី​កសិករ​បូម​ទឹក​ធ្វើស្រែ​ប្រាំង​លើក​ទី​២ ​ពី​ខែ​តុលា​ ឆ្នាំ​២០១៩ ​ដល់​ឥឡូវ​នេះ​ច្រើន​លើស​២​ដង ​គឺ​ផែនការ​ឲ្យ​ធ្វើ​តែ​៧.០០០​ហិកតា ប៉ុន្តែ​កសិករ​ បាន​ធ្វើ​ដល់​២៣.០០០​ហិកតា​ ឯ​ការ​ប្រើប្រាស់ ​និង​បរិភោគ​ទឹក​របស់​ពលរដ្ឋ​មាន​បញ្ហា​ការ​ធ្វើ​ស្រូវប្រាំង​លើក​ទី​១ ​ខែ​ឧសភា​ដល់ ​ខែ​តុលា ​ឆ្នាំ​២០១៩​កន្លង​មក ចំនួន​៥០.០០០​ហិកតា គ្មាន​បញ្ហា​ចោទ​ទេ​ ព្រោះ​ជា​រដូវវស្សា៕


អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114