BREAKING NEWS
Search

រថយន្ត​សាំ​យ៉ុង ​បើក​បុក​បុរស​អ្នក​ជិះ​ម៉ូតូ​ម្នាក់ ​បាក់ជើង​ពីរ​កំណាត់​

ភ្នំពេញ ៖ ធ្វេសប្រហែស​តែ​បន្តិច ​គ្រោះថ្នាក់​ នឹង​កើតមាន​ចំពោះ​លោកអ្នក​ភ្លាម បើកបរ​សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ខណៈ​បុរស​ម្នាក់​រងរបួស​បាក់ជើង​ស្តាំ​២​កំណាត់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ រថយន្ត​សាំ​យ៉ុង​រត់​ឈ្នួល បើក​បុក​អ្នកជិះ​ម៉ូតូ​ហុងដា​គុប កំពុង​បើក​ច្រាស​ទិស​គ្នា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ​ក្នុង​ករណី​ខាងលើ ​ឈ្មោះ ណេ វណ្ណៈ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រង​បួស​បាក់ជើង​ស្តាំ​២​កំណាត់។​

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-6027 ជា​រថយន្ត​រត់​ឈ្នួល បើក​តាម​ផ្លូវ​ជាតិ​លេខ​៣ ​ក្នុង​ល្បឿន​លឿន​គួរសម​ទិសដៅ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ បែរជា​ទៅ​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​គុប​មូល ពណ៌​ខៀវ អត់​ស្លាក​លេខ ដែល​បើក​ច្រាស់​ទិស​គ្នា បណ្តាល​ឲ្យ​ផ្លោង​មនុស្ស​ផ្ទប់​នឹង​កញ្ចក់​រថយន្ត បែក​កញ្ចក់ ធ្លាក់​មកវិញ​បាក់ជើង​ស្តាំ​ជា​២​កំណាត់ ហើយ​ម៉ូតូ​រង​ការ​ខូចខាត​រួញ​មួយ​កំណាត់​មុខ។​

ក្រោយ​កើតហេតុ ជនរងគ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រីឯ​រថយន្ត​ និង​ម៉ូតូ សមត្ថកិច្ច​វាស់វែង ​រួច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ខណ្ឌ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕


អត្ថបទ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114