BREAKING NEWS
Search

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​សម្រាប់​អភិរក្ស​វប្បធម៌

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា W. Patrick Murphy និង​លោកស្រី ភឿង សកុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ដើម្បី​ការពារ​វាយ​ន​ភណ្ឌ​ដែលជា​របស់​ជនរងគ្រោះ​នៃ​មន្ទីរ​ស ២១ ឬ​គុក​ទួលស្លែង​។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ព័ត៌មាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថា ពិធី​ចុះហត្ថលេខា​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​សារមន្ទីរ​ទួល​ស្លែង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ​។

សូម​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង ឬ​សារមន្ទីរ​ទួល​ស្លែង គឺជា​សារមន្ទីរ​មួយ​នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​ចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។ ទីនេះ​ជា​អតីត​មន្ទីរ​សន្ដិសុខ​២១ (​ហៅ​កាត់​ថា «​ស​.២១») នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​ប៉ុល​-​ពត (​ឈ្មោះ​ដើម សា​ឡុ​ត​ស​) ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​។ មន្ទីរ​ស​.២១ ជា​កន្លែង​ឃុំឃាំង​សួរចម្លើយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ និង សម្លាប់​ក្រោយពេល​បាន​បំពេញ សំណុំ​ឯកសារ​សេចក្ដី​សារភាព​ចប់សព្វ​គ្រប់​។ ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ បក្ស​និង​រដ្ឋ​បានរៀបចំ​ប្រមូលផ្ដុំ​វត្ថុតាង​ដែល​មាន​នៅក្នុង​មន្ទីរ​ស​២១ ដូចជា រូបថត ហ្វ៊ីល សំណុំ​ឯកសារ​សេចក្ដី​សារភាព​ជនរងគ្រោះ​សម្ភារៈ​ធ្វើ​ទារុណកម្ម ខ្នោះ​កងជើង​និង​សាកសព​ជនរងគ្រោះ​ចំនួន​១៤​នាក់​(​ក្នុងនោះ​មាន​ស្ដ្រី​ចំនួន​១​នាក់​)​តាំង​ជា​ពិព័រណ៍​ជូន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ទស្សនា​។ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង បាន​បើកទ្វារ​នៅ​ថ្ងៃ​ដែល​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​បើកសវនាការ​កាត់ទោស​មេដឹកនាំ កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល​-​ពត អៀង​-​សារី និង ខៀវ​-​សំផន (​នៅ​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)​។ អតីត​មន្ទីរ​ស​២១​មាន​ទំហំ​៦០០​ម​x៤០០​ម មាន​ព្រំប្រទល់​ខាងជើង​ទល់នឹង​មហាវិថី​ព្រះ​នរោត្តម​សីហនុ ខាងត្បូង​ទល់នឹង​មហាវិថី​ម៉ៅ​សេទុង ខាងកើត​ទល់នឹង​មហាវិថី​ព្រះមុនីវង្ស ខាងលិច​ទល់នឹង​ផ្លូវ​លេខ​១៦៣ ហ៊ុំ​ព័ន្ធ​ដោយ​របង​ស័ង្កសី​ពីរ​ជាន់​រាយ​លួស​បន្លា​យ៉ាង​ស្អេកស្កះ​ពីលើ​។ គ្រឹះស្ថានសិក្សា​ពីរ​គឺ​សាលាបឋមសិក្សា​ទួលស្លែង​និង​វិទ្យាល័យ​ទួល​ស្វាយព្រៃ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ការ​ហ៊ុមព័ទ្ធ​តំបន់​នោះ ពួកវា​បាន​ធ្វើ​របង​ស័ង្កសី​មាន​លក្ខណៈ​ដូចគ្នា​ហ៊ុមព័ទ្ធ​គ្រឹះស្ថាន​ទាំងពីរ​នេះ​ មួយ​ជាន់​ទៀត​ ដែល​មាន​ព្រំប្រទល់​របង​ខាងកើត​ទល់នឹង​ផ្លូវ​លេខ​១១៣ ខាងលិច​ទល់នឹង​ផ្លូវ​លេខ​១៣១ ខាងជើង​ទល់នឹង​ផ្លូវ​លេខ​៣២០ ខាងត្បូង​ទល់នឹង​ផ្លូវ​លេខ​៣៥០​។ ការ​ហ៊ុមព័ទ្ធ​នេះ ​ធ្វើ​នៅ​ក្រោយ​ពេល​បណ្ដេញ​ប្រជាជន​ចេញពី​ភ្នំពេញ ឲ្យ​ទៅ​តំបន់​ព្រៃភ្នំ ឬ ជនបទ​ដាច់ស្រយាល​រស់នៅ​ជា​ភាព​ទាសករ​ប្រៀប​ដូច​ជា គុក​គ្មាន​ជញ្ជាំង​។ អគារ​ទាំង​៤​នៃ​វិទ្យាល័យ​ដែល​មាន​បន្ទប់​ថ្នាក់រៀន​ត្រូវបាន​ពួក​មន្ទីរ​ស​២១ ប្រែក្លាយជា​បន្ទប់​តូចៗ​ដែល​មាន​ប្រវែង​២​ម​x០.៨០​ម សម្រាប់​ឃុំឃាំង​អ្នកទោស​ម្នាក់ៗ​។ ខាងមុខ​អគារ​ពាស​ដោយ​លួស​បន្លា​ជា​ក្រឡា​ចក្រ​ត្រ​ង្គ​ ដើម្បី​ការពារ​កុំ​ឲ្យ​ជនរងគ្រោះ​ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​ចុះមក​ក្រោម​។

ដោយឡែក​នៅ​ឆ្នាំ​១៩៧៧~៧៨ អគារ “​ក​” បាន​រៀប​ចំ​ជា​បន្ទប់​ទំហំ​៦​ម​x៤​ម​មាន​បង្អួច​ឃាំង​ដោយ​ចំរឹង​ដែក​យ៉ាងរឹងមាំ និង​ពាស​ដោយ​កញ្ចក់​ការពារ​កុំ​ឲ្យ​សំរែក​ឈឺចាប់​នៃ​ជនរងគ្រោះ​លឺ​ចេញ​មក​ក្រៅ​នៅពេល​ធ្វើ​ទារុណកម្ម​ម្ដងៗ​។ អគារ “​ក​” សម្រាប់​ឃុំឃាំង​កម្មាភិបាល​ដែល​ត្រូវបាន​ចោទប្រកាន់​ជា អ្នកប្រឆាំង អង្គការ​បដិវត្តន៍​មាន​របប​គ្រែ​ដេក ភួយ​ខ្នើយ កន្ទេល​។ រីឯ​កេស​ដែក និង ប៊ីដុង​ជ័រ សម្រាប់​ជនរងគ្រោះ​ប្រើប្រាស់​ឲ្យ​ការ​បន្ទោបង់​។ អគារ “​ខ គ និង ឃ​” ជាន់​ខាងក្រោម​ខណ្ឌ​ជា​បន្ទប់​តូចៗ​សង់​ពី​ឥដ្ឋ ជាន់​ទី​២​បន្ទប់​អំពី​ឈើ ជាន់​ទី​៣​បន្ទប់​ឃុំឃាំង​រួមគ្នា​។

ផ្នូរ​សាកសព​ចំនួន​១៤ គឺ​សាកសព​ជនរងគ្រោះ ដែល​បាន​រក​ឃើញ​ដោយ​កងទ័ព​រណសិរ្ស​ស​ង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ សាកសព​មាន​សភាព​ហើមរលួយ​មិនអាច​មើល​ស្គាល់​ឡើយ បាន​សែង​យក​មក​កប់​នៅខាងមុខ អគារ “​ក​” ។ សាកសព​ទាំង​១៤​នាក់ ក្នុងនោះ​មាន​សាកសព​ម្នាក់​គឺ​នារី​។ ពួក​ស​២១​បាន​សម្លាប់​ជនរងគ្រោះ​ទាំងអស់នេះ​ ជា​ចុងក្រោយបង្អស់​មុនពេល​ពួកវា​រត់គេច​ភៀសខ្លួន​ចេញទៅ​។

បង្គោល​ឈើ​សម្រាប់​សិស្សានុសិស្ស​ធ្វើ​លំ​ហាត់​កីឡា ត្រូវ​បាន​ធ្វើជា​កន្លែង​សម្រាប់ធ្វើ​ទារុណកម្ម​សួរ​ចំលើយ ដោយ​ចងដៃ​ជនរងគ្រោះ​ទាំងពីរ​ទៅ​ក្រោយ​ហើយ​ទាញ​ឡើង​ខ្ពស់​ទៅលើ​រួច​ទម្លាក់​ចុះមក​ក្រោម​ជាច្រើនលើក​ជាច្រើន​សារ​រហូត​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី ទើប​ពួកវា​យក​ជនរងគ្រោះ​ជ្រមុជ​ក្បាល​ចូល​ទៅក្នុង​ពាង​ដែល​មាន​ទឹក​សំអុយ​ដើម្បី​ឲ្យ​មាន​ស្មារតី​ឡើងវិញ​រួច​សួរចំលើយ​បន្ដទៀត​។

ដើម្បី​រក្សា​សន្ដិសុខ និង ចាត់ចែង​ការងារ​ផ្ទៃក្នុង​មន្ទីរ​ស​២១ និង​សាខា​នានា ពួក​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្រើប្រាស់​កម្លាំង​បុគ្គលិក​នៅក្នុង​ឆ្នាំ​១៩៧៦ មាន​ចំនួន​១៦៨៤​នាក់ ចែកចេញជា​៣​អង្គភាព​គឺៈ មន្ទីរ​ស​២១(​ទួលស្លែង​) មន្ទីរ​ស​២១ ក​(​នៅ​តាខ្មៅ​) មន្ទីរ​ស​២១ ខ​(​នៅ​ព្រៃ​ស ខាងលិច​ក្រុងភ្នំពេញ​ខណ្ឌដង្កោ ខេត្តកណ្ដាល​) ជា​កន្លែង​ផលិត​គ្រឿង​កសិកម្ម​ផ្ដល់អោយ​មន្ទីរ​ស​២១​។ មន្ទីរ​និង​សាខា​ទាំងអស់នេះ ស្ថិត​នៅ​ក្រោម​ឱវាទ​ក្រសួង​ការពារ​ប្រទេស​ និង ​មជ្ឈិម​បក្ស ប៉ុលពត ផ្ទាល់​ដែលមាន​គណៈអចិន្ដ្រៃយ៍​មជ្ឈិម​បក្ស​ជា​ជំនួយការ​ម្នាក់​និង​ជា​អ្នកទទួលខុសត្រូវ​គឺ​ឈ្មោះ កាំ​ង​ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ជាតិខ្មែរ ស្រុកកំណើត​នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ មុខរបរ​សាស្ដ្រាចារ្យ​។ ឈ្មោះ​ឌុ​ច​គឺ​អតីត​ប្រធាន​មន្ទីរ​ស​២១​។

យោងតាម​ការស្រាវជ្រាវ​ទៅលើ​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​ដែល​ចេញចូល​ពី​ឆ្នាំ​១៩៧៥ មកទល់​ខែមិថុនា​ឆ្នាំ​១៩៧៨​។​ឆ្នាំ​១៩៧៥ មាន​ចំនួន​១៥៤​នាក់​។​ឆ្នាំ​១៩៧៦ មាន​ចំនួន​២២៥០​នាក់​។​ឆ្នាំ​១៩៧៧ មាន​ចំនួន​២៣៥០​នាក់ និង​ឆ្នាំ​១៩៧៨ មាន​ចំនួន​៥៧៦៥​នាក់​។

ចំនួន​នេះ​មិនបាន​រាប់បញ្ចូល​កុមារ​តូច​ៗ​ ដែល​ពួកវា​បាន​សម្លាប់​ផង​ទេ​។ តាម​ការ​ប៉ាន់ស្មាន​មាន​ប្រហែល ២០ ០០០​នាក់​។ រយៈពេល​ឃុំឃាំង​មាន​២​ខែ​ទៅ​៤​ខែ​ខ្លះ​ទៀត​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​(​អ្នកទោសនយោបាយ​)​គឺ​ឃុំឃាំង​រហូតដល់​៦ ឬ ៧​ខែ​ក៏មាន​។

ដូច្នេះ​ជា​ការ​ចាំបាច់​បំផុត យើង​ត្រូវការពារ​កន្លែង​នេះ​ឲ្យបាន​គង់វង្ស​ជាពិសេស​ឯកសារ និង​ភស្ដុតាង​នានា​ដើម្បី​បញ្ជាក់​និង​ដក់​ងំ​ក្នុង​ចិត្ត នូវ​អំពើ​ជិះជាន់​សង្កត់សង្កិន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​កុំ​ឲ្យ​របប​នេះ​វិលត្រឡប់​សាជាថ្មី​ក្នុង​សង្គម​កម្ពុជា​ទៀត​។ កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់ៗ​រូប​ត្រូវ​ចង់ចាំ​ជានិច្ច​នៅ​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​និង​ជូរចត់​មួយ​នេះ​ទុកជា​បទពិសោធន៍​ជីវិត​សម្រាប់​ទៅ​ពេល​អនាគត ហើយ​ខិតខំ​កសាង​ប្រទេសជាតិ​ដោយ​ដើរ​ជៀស​ឲ្យ​ផុត​ពី​ផ្លូវ​មួយ​នេះ​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114