BREAKING NEWS
Search

លោក Koizumi ក្លាយជារដ្ឋមន្ត្រីជប៉ុនដំបូងគេដែលប្រកាសអំពីការសុំច្បាប់ឈប់សម្រាកបិតុភាព

រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃពុធថា លោកនឹងសុំច្បាប់ឈប់សម្រាកបិតុភាពរយៈពេល២សប្តាហ៍ដែលនេះជាលើកទី១ហើយដែលសមាជិកគណៈរដ្ឋមន្រ្តីមួយរូបបានអះអាងជាសាធារណៈចំពោះទង្វើបែបនេះនៅក្នុងប្រទេស។

រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនលោក Shinjiro Koizumi បានចូលរួមសន្និសីទសារព័ត៌មានមួយនៅឯគេហដ្ឋានផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe ក្នុងទីក្រុង តូក្យូ (រូប REUTERS)

លោក Shinjiro Koizumi អាយុ៣៨ឆ្នាំដែលបានរៀបការជាមួយអតីតពិធីករទូរទស្សន៍ម្នាក់បានប្រាប់កិច្ចប្រជុំក្រសួងថា វាជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការថ្លឹងថ្លែងរវាងតួនាទីរបស់លោកជារដ្ឋមន្រ្តីនិងបំណងប្រាថ្នាចង់នៅជាមួយកូនទើបនឹងកើតរបស់លោក។

លោកបាននិយាយថា “ខ្ញុំចង់ចំណាយពេលសរុបចំនួន២សប្តាហ៍ដោយសុំឲ្យមានការលើកលែងចំពោះកាតព្វកិច្ចសាធារណៈសំខាន់ៗ”។ លោកសង្ឃឹមថា ការសម្រេចចិត្តរបស់លោកនឹងជួយផ្លាស់ប្តូរការយល់ឃើញនិងលើកទឹកចិត្តឪពុកដទៃទៀតឲ្យធ្វើតាម។
ទោះបីជាយ៉ាងណាក៏ដោយ លោកនឹងមិនឈប់សម្រាកក្នុងសប្តាហ៍ជាប់ៗគ្នាទេហើយបាននិយាយថា លោករំពឹងថានឹងអាចធ្វើការពីចម្ងាយឬឈប់តិចជាងការសុំច្បាប់នេះ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលបានគាំទ្រទង្វើនេះដោយនិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសការងារអំណោយផលនិងការទទួលយកនិងការគាំទ្រពីសង្គមសម្រាប់បុរសក្នុងការស្នើសុំនិងឈប់សម្រាកបិតុភាព។

លោក Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថា ការសម្រេចចិត្តរបស់លោក Koizumi នឹងជះឥទ្ធិពលវិជ្ជមានទៅលើឥរិយាបថចំពោះបុរសជាឪពុក។

មិនមានរបាយការណ៍ជាផ្លូវការណាមួយបង្ហាញថាតើសមាជិកគណៈរដ្ឋមន្រ្តីណាម្នាក់ធ្លាប់បានសុំច្បាប់ឈប់សម្រាកមាតុភាពឬបិតុភាពដែរឬអត់នោះទេប៉ុន្តែលោក Koizumi គឺជាអ្នកទីមួយដែលប្រកាសជាសាធារណៈថាគាត់បានធ្វើដូច្នេះ។

គួរបញ្ជាក់ថា ក្នុងនាមជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី, លោក Koizumi ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីមួយកាលពីខែកញ្ញាដែលបានក្លាយជារដ្ឋមន្រ្តីវ័យក្មេងជាងគេបំផុតទី៣របស់ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មក៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ