BREAKING NEWS
Search

ការជំនុំជម្រះក្ដីថ្មីត្រូវបានបើកសម្រាប់លោកស្រី Park អតីតមេដឹកនាំកូរ៉េខាងត្បូង

ការជំនុំជម្រះក្ដីសាជាថ្មីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានបណ្តេញចេញលោកស្រ Park Geun-hye បានចាប់ផ្តើមកាលពីថ្ងៃពុធជុំវិញរឿងអាស្រូវពុករលួយដែលលោកស្រីត្រូវបានគេចោទប្រកាន់ ផ្ដន្ទាទោស និងជាប់ពន្ធនាគារ ខណៈដែលសវនាការបានបញ្ចប់ត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះ ។

ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានបណ្ដេញចេញលោកស្រី Park Geun-hye បានមកដល់ដើម្បីសាកសួរនៅឯតុលាការក្រុងសេអ៊ូល ។ (រូប REUTERS)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា លោកស្រី Park ដែលជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសបានធ្វើពហិការមិនចូលរួមការកាត់ក្ដីនោះទេ ។ លោកស្រីបានបដិសេធមិនចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់តុលាការប្រឆាំងនឹងលោកស្រីអស់រយៈពេលជាង ២ ឆ្នាំមកហើយ ។

សារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ជាលទ្ធផលតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលបានពន្យារពេល និងកំណត់ពេលការកាត់ក្ដីមួយផ្សេងទៀតនៅថ្ងៃទី ៣១ ខែមករា ។

លោកស្រី Park បានចុះចេញពីតំណែងកាលពីឆ្នាំ ២០១៧ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដ៏ធំដែលបង្កឡើងដោយការចោទប្រកាន់ថា លោកស្រី និងមិត្តជិតស្និទ្ធបានទទួលសំណូកពីក្រុមហ៊ុនធំៗសម្រាប់ការអនុគ្រោះពីរដ្ឋាភិបាល ។

លោកស្រីត្រូវបានផ្តន្ទាទោសកាលពីខែមេសា ឆ្នាំ ២០១៨ ពីបទទទួលសំណូក និងរំលោភបំពានអំណាច ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ ឆ្នាំក្រោយមកត្រូវបានបន្ថែមរយៈពេល ១២ ខែទៀត និងពិន័យជាប្រាក់ចំនួន ២០ ពាន់លានវ៉ុន (១៧ លានដុល្លារ) ។

លោកស្រីក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំផងដែរពីបទយកលុយដោយខុសច្បាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស និង ២ ឆ្នាំពីបទរំលោភច្បាប់បោះឆ្នោត ។

ទន្ទឹមនោះការកាត់ទោសត្រូវបានអនុវត្តជាបន្តបន្ទាប់មានន័យថាបច្ចុប្បន្នលោកស្រីកំពុងជាប់ពន្ធនាគារសរុបចំនួន ៣២ ឆ្នាំ ។
ប៉ុន្តែតុលាការកំពូលបានបញ្ជាឲ្យមានការកាត់ទោសរួមគ្នាសាជាថ្មីនូវករណីអំពើពុករលួយ និងភ្នាក់ងារចារកម្មដោយនិយាយថា ការចោទប្រកាន់ពីបទទទួលសំណូកមួយចំនួនគួរតែត្រូវបានដោះស្រាយទៅជាបទចោទប្រកាន់ដាច់ដោយឡែកពីគ្នាដែលអាចនាំឲ្យមានទោសធ្ងន់ជាងនេះ ។

រឿងអាស្រូវពុករលួយនេះបានលាតត្រដាងពីទំនាក់ទំនងរវាងក្រុមហ៊ុនធំៗ និងនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយលោកស្រី Park និងមិត្តជិតស្និទ្ធលោកស្រី Choi Soon-sil ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន Samsung Electronics ផងដែរជាថ្នូរនឹងការអនុគ្រោះ ។

គួររម្លឹកដែរថា លោកស្រី Park ត្រូវបានផ្តន្ទាទោសកាលពីខែមេសា ឆ្នាំ ២០១៨ ពីបទទទួល ឬទាមទារប្រាក់ជាង ២០ លានដុល្លារ ចែករំលែកឯកសារសម្ងាត់របស់រដ្ឋ បញ្ជីខ្មៅសិល្បករដែលរិះគន់គោលនយោបាយរបស់លោកស្រី និងបណ្តេញមន្ត្រីដែលប្រឆាំងនឹងការរំលោភអំណាចរបស់លោកស្រី ៕ AFP

ប្រែសម្រួល៖ ជីវ័ន្ត