BREAKING NEWS
Search

ធនាគារ ​អេស៊ីលីដា​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​ ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ ​ ៖ ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​សំដៅ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ផ្ទេរប្រាក់​កាន់តែ​ងាយស្រួល​ថែមទៀត។

លោក​ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​សហការ​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​វី​ង កាលពី​រសៀល​ថ្ងៃទី ១៥ មករា​នៅ​ការិយាល័យ​កណ្ដាល​អេស៊ីលីដា អោយដឹងថា​ការចាប់​ដៃគូ​ជាមួយ​ធនាគារ​អេស៊ីលីដា នេះ​គឺ​ដោយសារតែ​ធនាគារ​នេះ​ជា​ធនាគារ​នាំមុខគេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ក្នុងប្រទេស​តែងតែ​ចង់​សហការ​ជាមួយ​ធនាគារ​ធំ​បែបនេះ​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន ហើយ​ម្យ៉ាងទៀត​បេសកកម្ម​របស់​ធនាគារ​អេស៊ីលីដា និង​វី​ង គឺមាន​ភាពស្រដៀងគ្នា​ច្រើន ដោយ​ផ្ដោតលើ​ការយកចិត្តទុកដាក់​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ប្រសើរឡើង។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​ឯកទេស​វី​ង នៅពេលនេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ។

លោក​បណ្ឌិត​បាន​បន្តថា​បច្ចុប្បន្ននេះ​អេស៊ីលីដា មាន​សាខា​តែ​ជាង​២៦២​សាខា​ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​នៅពេលដែល​ចាប់ដៃ​ជាមួយ​ធនាគារ​ឯកទេស​វី​ង ដែលមាន​សាខា​រាប់ពាន់​នៅ​កម្ពុជា នោះ​អតិថិជន​ក្ដី​និង​មិនមែន​អតិថិជន​ក្ដី អាច​ប្រើប្រាស់​សេវា​របស់​វី​ង និង​អេស៊ីលីដា ។ ម្យ៉ាងទៀត ធនាគារ​អេស៊ីលីដា មាន​ម៉ោង​ធ្វើការ និង​មាន​ថ្ងៃ​ឈប់សម្រាក តែ​សម្រាប់​ភ្នាក់ងារ​វី​ង​វិញ គឺ​ធ្វើការ​មួយ​សប្ដាហ៍ ដូច្នេះ​អតិថិជន​អេស៊ីលីដា អាច​ផ្ញើ​តាម​វី​ង​ទៅ​ដៃគូរ​អេស៊ីលីដា​របស់ខ្លួន​បាន​ដោយ​ងាយស្រួល​ទៀតផង។

លោក​បន្តថា កន្លងមក​អតិថិជន​អេស៊ីលីដា ដែល​ចង់​សង​ប្រាក់​ត្រលប់​មកកាន់​ធនាគារ​វិញ ត្រូវធ្វើ​ដំណើរ​មកកាន់​ការិយាល័យ ចំពោះ​អតិថិជន​ដែល​មិនមាន​ភ្ជាប់​ទាន់​ចិត្ត ឬ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន តែ​នៅពេលដែល​សហការ​ជាមួយ​វី​ង អតិថិជន​របស់​អេស៊ីលីដា​អាច​ផ្ញើ​ប្រាក់​មកា​ន់​ធនាគារ​អេស៊ីលីដា​តាម​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​ការិយាល័យ​ណាមួយ​របស់​ធនាគារ​អេស៊ីលីដា​ទៀតឡើយ។ អេស៊ីលីដា មាន​ចក្ខុវិស័យ​ជួយ​ដល់​អតិថិជន​និង​ប្រជាពលរដ្ឋ កម្ពុជា ដោយ​មិន​បន្ថែម​ការចំណាយ​រប​ស់​អតិថិជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទៀត​នោះទេ។

លោក​បណ្ឌិត​អ៊ិន ចាន់នី សង្ឃឹមថា ​តាមរយៈ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ធំ​ទាំងពីរ​នោះ នឹង​ជំរុញ​អោយ​ពលរដ្ឋ​កម្ពុជា ងាក​មក​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ តាម​ភ្នាក់ងារ និង​បច្ចេកវិទ្យា ដោយ​កាត់បន្ថយ​នូវ​ការ​​ធ្វើដំណើរ​មកកាន់​ការិយាល័យ​របស់​ធនាគារ​កណ្ដាល ដែល​ជាការ​ចំណេញ​នូវ​ពេលវេលា និង​ថវិកា​អតិថិជន​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

ចំណែក​លោក​ម៉ា​នូ រ៉ា​ចាន់ ក៏បាន​អះអាង​ដែរ​ថា​ បន្ទាប់ពី​កិច្ចសហការ​ជាមួយ​ធនាគារ​អេស៊ីលីដា ប្រជាជន​កម្ពុជា​នឹង​កាន់តែ​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​ពលរដ្ឋ​កម្ពុជា នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវា ហើយ​កាន់តែ​មាន​ងាយស្រួល​និង​ទូលំទូលាយ​បន្ថែម​ទៀត​ផងដែរ៕
សំអឿន​
​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114