BREAKING NEWS
Search

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ការ​នាំ​ផលិតផល​កម្ពុជា​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន បញ្ជាក់​ពី​សមត្ថភាព​ទំនិញ ជាពិសេស​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព

កំពង់ស្ពឺ ​៖ ការ​លើក​ឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​វេច​ខ្ចប់ កែច្នៃ​ផលិត ផល​ផ្លែឈើ​ស្រស់ ហ៊ី​យុន​ដាយ ម៉ៅ​លី​ហ្គើ​ស៊ី នៅ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០​។

ថ្លែង​ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​ដំណើរ​ការវិវឌ្ឍន៍​ទៅមុខ​របស់​ក្រុមហ៊ុន ហ៊ី​យុន​ដាយ ម៉ៅ​លី​ហ្គើ​ស៊ី ដែល​បន្ទាប់ពី​ការបើក​ការដ្ឋាន​សាងសង់​មក ថ្ងៃនេះ​ខ្សែសង្វាក់​ផលិតកម្ម និង​ការរៀបចំ​ហេដ្ឋាន​រចនាសម្ព័ន្ធ​នានា បាន​លេចចេញ​ជា​រូបរាង​ឡើង ហើយក៏​បានចាប់ផ្តើម​ផលិត និង​ធ្វើការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅកាន់​បរទេស​ផង​ដែរ និង​សូម​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ ចំពោះ​ការ​ទទួលបាន​នូវ​សមិទ្ធផល​រោងចក្រ​វេច​ខ្ចប់​កែច្នៃ​ផលិតផល​ផ្លែឈើ​ស្រស់​ដ៏​ថ្មី​សន្លាង​មួយ​នេះ សម្រាប់ធ្វើ​ការនាំចេញ​កសិផល​ផ្លែឈើ​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា នេះ គឺជា​មោទនភាព​ជាតិ​របស់​យើង​ក្នុងនាម​ជា​ខ្មែរ ពីព្រោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​លក្ខខណ្ឌ​តម្រូវ​ស្តង់ដារ​ខ្ពស់ ដូច្នេះ​ការដែល​យើង​អាច​ជ្រៀត​មុខទំនិញ​កសិផល​របស់​យើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ទាំងនោះ​បាន គឺ​បាន​បញ្ជាក់​អំពី​សមត្ថភាព​ទំនិញ​របស់​យើង​ជាពិសេស​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព ដែល​មាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ និង​អាច​បម្រើ​ដល់​តម្រូវ​ការ​របស់​ទីផ្សារ​ពិភពលោក ចូល​រួម​ចំណែក​មួយ​ផ្នែក​ក្នុង​ការ​លើកស្ទួយ​ដល់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ស្លាក យីហោ​ដាក់ថា “​ផលិត​នៅ​កម្ពុជា (Made in Cambodia)”។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងកសិកម្ម ក៏ដូចជា​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូលរួម​ជំរុញ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ហើយ​ជ្រុង​មួយទៀត គឺ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ដែល​មាន​អត្ថប្រយោជន៍​ច្រើន ទាំង​ការ​បង្កើន​ការងារ និង​ការធានា​នូវ​តម្លៃ​របស់​ទិន្នផល​កសិកម្ម ដើម្បី​ជួយ​ដល់​ប្រជាកសិករ​។ លោក​បន្ត​ថា ការ​សហការ​វិនិយោគ​បណ្តាក់​ទុន​រួមគ្នា​រវាង​វិនិយោគិន​កម្ពុជា ជាមួយនឹង​ដៃគូ​ធុរកិច្ច​កូរ៉េ​នៅក្នុង​ក្រុមហ៊ុន​ហ៊ី​យុន​ដាយ ម៉ៅ​លី​ហ្គេ​ស៊ី ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល នៅក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ក្នុង​សន្ទុះ និង​ទំហំ​ថ្មី​មួយ ដើម្បី​ពង្រីក និង​ពង្រឹង​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ចជាតិ​ផង ព្រមទាំង​បង្កើន​ល្បឿន​នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ផង​។ ទាំងអស់​នេះ គឺជា​ការ​ចូលរួមចំណែក​ពង្រឹង​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ ឲ្យ​កាន់តែ​រឹងមាំ​។ កំណើន​បែបនេះ មិនមែន​កើត​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ វា​គឺជា​លទ្ធផល​នៃ​ការ​បូក​បញ្ចូល​គ្នា​នៃ​កំណើន​លើ​គ្រប់​វិស័យ​ទាំងអស់ ទាំង​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ការ​ចាប់​ដៃគូ​ធុរកិច្ច​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ​កើត​ចេញ​មក​អំពី​ចក្ខុវិស័យ​ច្បាស់លាស់ និង​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយក៏​កំពុងមាន​ភាពរឹងមាំ​កាន់​តែ​ខ្លាំង​ឡើង​លើ​គ្រប់​វិស័យ ដែល​ពិតជា​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល និង​លទ្ធភាព​កាន់តែ​ខ្ពស់​ដល់​ធុរជន និង​វិនិយោគិន​កូរ៉េ ក្នុងការ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម និង​ធ្វើ​ឲ្យ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ពួកគេ​នៅ​កម្ពុជា​កាន់តែ​រីក​ធំធាត់​លូតលាស់​ល្អ​។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចក្ខុវិស័យ​ដ៏​ច្បាស់លាស់ និង​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​នាំមក​ផង​ដែរ​នូវ​សន្តិភាព ដ៏​ស្រស់បំព្រង​ដល់​ដែនដី​កម្ពុជា​។ សន្តិភាព បាន​ផ្តល់នូវ​សាធុការពរ​ដ៏​ច្រើន​អនេក​មកដល់​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​អ្វី​ដែល​យើង​កំពុង​ឃើញ​ជាក់ស្តែង​នា​ពេល​នេះ គឺ​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ទាញយក​ប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ជា​ដៃគូ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។ មានតែ​សន្តិភាព​ទេ ដែល​នាំមក​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូចដែល​យើង​កំពុងមាន​សព្វថ្ងៃ​នេះ​។ សូម​អរគុណ​សន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ​នេះ​, សូម​អរគុណ​អ្នករក​សន្តិភាព និង​សូម​នាំគ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​។ ការ​រួបរួម​គ្នា​ថែរក្សា សន្តិភាព​នេះ គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទាំង​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ភាពរឹងមាំ និង​ស្ថិតស្ថេរ​យូរអង្វែង​តទៅ​មុខ​។

ជាមួយ​នឹង​ការ​ជួយ​គាំទ្រ ការ​លើក​ទឹកចិត្ត និង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការណ៍​ថ្មីៗ​ជាច្រើន​ក្នុង​រយៈកាល​កន្លងមក​នេះ ក្រុមហ៊ុន​អាច​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង និង​រឹងមាំ​ឡើងជា​លំដាប់ សំដៅ​ធានាបាន​នូវ​ភាព​ជោគជ័យ​ផ្ទាល់​របស់​ក្រុមហ៊ុន ក៏ដូចជា​របស់​វិស័យ​ឯកជន​ទាំងមូល​នៅ​កម្ពុជា ដែលជា​ចលករ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114