BREAKING NEWS
Search

លោក កឹម សុខា ទទួលស្គាល់​សំឡេង និង​រូបភាព នៅលើ​ខ្សែ​វីដេអូ ដែលជា​ភស្តុតាង​សម្រាប់​ចោទប្រកាន់

ភ្នំពេញ ​៖ តាម​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៥ និង​១៦ ខែមករា ឆ្នាំ​២០២០ ហើយ​នៅ​ក្នុង​សវនាការ នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា លោក កឹម សុខា បាន​ទទួល​ស្គាល់​សំឡេង និង​រូបភាព នៅ​លើ​ខ្សែ​វីដេអូ ដែលជា​ភស្តុតាង​សម្រាប់ធ្វើ​ការចោទប្រកាន់ តែ​បដិសេធ​ខ្សែ​វីដេអូ ដោយសារ​ខ្សែ​វីដេអូ​នោះ​ខ្លី​ពេក​។

លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ពី​គេហដ្ឋាន តាមរយៈ​រថយន្ត​ផ្ទាល់ខ្លួន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​ប្រមាណ​៧ និង​៣៥ នាទី​ព្រឹក ដែល​អមដំណើរ​ដោយ​អ្នកគាំទ្រ​មួយ​ចំនួន​ដូចជា លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​, លោក មុត​ចន្ថា និង​សហការី​មួយ​ចំនួន​ទៀត ហើយ​ទិដ្ឋភាព​ជាក់ស្ដែង​នៅខាងមុខ​តុលាការ ក៏ដូចជា​នៅ​ជុំវិញ​តុលាការ មិន​មាន​បាតុភាព ឬ​ការ​តវ៉ា​ណាមួយ​ពី​សកម្មជន ឬ​អ្នកគាំទ្រ​នោះទេ ក្រៅតែ​ពី​សកម្មភាព​រប​ស់​អ្នក​តាម​ដាន​សវនាការ​ដែល​មាន​ដូចជា អ្នកគាំទ្រ ក៏ដូចជា​សមាជិក សមាជិកា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អ្នកសង្កេតការណ៍​មកពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សរុប​ប្រមាណ​២០០​នាក់​។ ដោយឡែក​សន្តិសុខ សណ្តាប់​ធ្នាប់ ក៏ត្រូវ​បាន​រឹត​បណ្តឹង​ផង​ដែរ ដោយ​អ្នកចូលរួម​នៅក្នុង​សវនាការ​ទាំងអស់​ត្រូវ​បាន​ពាក់​កាត ដែល​ផ្តល់​ដោយ​តុលាការ​។

សវនាការ​នោះ​ដឹកនាំ​ដោយ​លោក កូយ សៅ អនុប្រធាន​សាលាដំបូង និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក​ចៅក្រម សេង លាង លោក ធា​ម ច​ន្ទ័​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា និង​លោក ជ័យ វាសនា ជា​ក្រឡាបញ្ជី​សវនាការ ហើយ​នៅ​ក្នុង​សវនាការ មាន​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចំនួន​៤​រូប បាន​ចូលរួម​ផង​ដែរ ដែល​រួមមាន ទី​១, លោក ចាន់ ចេ​ន​, ទី​២, លោក ផែង ហេង​, ទី​៣, លោកស្រី ម៉េង សុភា​រី​, និង​ទី​៤, លោក ផាន់ ច័ន្ទ​សក្តិ​។ ចំណែក​មេធាវី​របស់​រា​ជ​រដ្ឋាភិបាល គឺ​លោក គី តិច ហើយ​ភាគច្រើន​នៃ​អ្នកចូលរួម​នៅក្នុង​សវនាកា គឺជា​តំណាង​ទូត​បរទេស និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​។

ក្រោយ​សម្រាក​ពី​សវនាការ នា​វេលា​ថ្ងៃត្រង់ លោក ពេជ្រ ស្រស់ ដែល​បាន​តាមដាន​ដំណើរការ​សវនាការ​នេះ​ដែរ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​ថា សវនាការ​នា​ព្រឹក​នេះ នៅ​មិនទាន់​ដំណើរការ​ដល់​អង្ក​សេចក្តី​នោះ​ទេ នៅ​ជាប់​គាំង​ត្រឹម​ជន​ត្រូវ​ចោទ​សុំ​ដាក់​ភស្តុតាង​បន្ថែម ដូច្នេះ​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ មិនទាន់បាន​ជជែក​ទៅលើ​អង្គសេចក្តី​ទេ នៅ​ជជែក​គ្នា​ត្រឹម​ការសុំ​ផ្ដល់​ភស្តុតាង​បន្ថែម គឺ​សុំ​ដាក់​ខ្សែ​វីដេអូ​។

ចំណែក​លោក ចាន់ ចេ​ន ជា​មេធាវី​មួយ​រូប​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​ដែរ​ថា សវនាការ​មួយ​ព្រឹក​នេះ មិនទាន់​ស៊ីជម្រៅ​ដល់​អង់​សេចក្តី​ទេ គឺ​គ្រាន់តែ​ដេញដោល​លើ​ការ​គាត់​សំគាល់ អំពី​សមាសភាព​ចូលរួម ជាពិសេស​ទាក់ទង​ទៅ​នឹង​ភស្តុតាង ដែល​តុលាការ​បានដាក់​ភស្តុតាង​ដាក់​បន្ទុក​រយៈពេល​ខ្លី​ប្រមាណ​ជា​២​នាទី​ប៉ុណ្ណោះ បន្ទាប់មក សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មាន​ភស្តុតាង​សម្រាប់​ដោះ​បន្ទុក ដែល​មាន​រយៈពេល​ជាង​១​ម៉ោង ហើយ​ចុង​ក្រោយនេះ ខាង​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ថា ទទួលយក​ភស្តុតាង​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ចាក់ខ្សែ​វីដេអូ​នេះ​ទេ ហើយ​នឹង​ចាក់​នៅ​សប្តាហ៍​ក្រោយ​។ មានន័យថា អ្វី​ដែល​សមត្ថកិច្ច​បាន​យក​ភស្តុតាង​មក​ដាក់បន្ទុក​លើ​កូនក្តី​របស់​លោក គឺជា​ភស្តុតាង​ខ្លី ឯកសារ​វីដេអូ​ខ្លី ដែលមាន​លក្ខណៈ​កាត់ត​ជា​កង់​ខ្លីៗ ប៉ុន្តែ​វីដេអូ ដែល​សុំ​ដាក់​ជា​ភស្តុតាង​នេះ គឺជា​វីដេអូ​វែង ហើយ​ជា​វីដេអូ​ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​រយៈពេល​ជាង​១​ម៉ោង​។

តាម​លោក ចាន់ ចេ​ន នៅ​ក្នុង​សវនាការ​នេះ លោក កឹម សុខា បាន​ឆ្លើយ​ខ្លះៗ​ហើយ តែ​មិនទាន់​ស៊ីជម្រៅ ដោយ​គាត់​បាន​ឆ្លើយ​ទាក់ទង​ទៅ​នឹង​វីដេអូ គឺ​លោក កឹម សុខា បាន​បដិសេធ​វីដេអូ​នោះ ពីព្រោះ​វា​ជា​វីដេអូ​ខ្លី កាត់​ជា​កង់​ៗ តែ​សំឡេង និង​រូបភាព​លោក កឹម សុខា ទទួលស្គាល់ ហេតុដូច្នេះ​ហើយ​ទើប​លោក​ស្នើសុំ​ចាក់ខ្សែ​វីដេអូ​ទាំងស្រុង​ពេញ​ទាំងមូល​តែម្ដង ហើយ​តុលាការ​បានទទួល​យក និង​អះអាងថា នឹង​ចាក់​បង្ហាញ​នៅ​សប្តាហ៍​ក្រោយ​។

ទោះជា​យ៉ាងណា​លោក ចាន់ ចេ​ន នៅតែ​ទម្លាក់​បញ្ហា​ទាំងនេះ​ថា ជា​រឿង​នយោបាយ​ហើយ​លោក​អះអាង​ថា រឿង​នេះ គឺជា​ទំនាស់​រវាង​អ្នកនយោបាយ ដូច្នេះ​គួរតែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ វា​ល្អ​ជាង​ការដោះស្រាយ​តាម​ផ្លូវ​តុលាការ បើ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​នេះ លោក​សង្ឃឹម​ច្រើន ដោយសារ​កន្លងមក​យើង​ធ្លាប់​មាន​បទពិសោធន៍ ខ្មែរ​យើង​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ រហូត​មានការ​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ តែ​ទីបំផុត​ខ្មែរ​នៅតែ​អាច​ជជែក​គ្នា ដោះស្រាយ​បញ្ហា​ជូន​ជាតិ​បាន​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​កួន​ក្តី​របស់លោក​។

ដោយឡែក​លោក គី តិច មេធាវី​រាជរដ្ឋាភិបាល និង​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្រោយ​សម្រាក​សវនាការ​ថា នៅ​ក្នុង​សវនាការ​នា​ព្រឹក​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​ចាក់​ភស្ដុតាង ដែល​ជា​វីដេអូ​ឃ្លឹប​សំខាន់ និង​ជា​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​លោក កឹម សុខា ហើយ​ពេលនោះ លោក កឹម សុខា បាន​ទទួល​ស្គាល់​សំឡេង និង​រូប​របស់លោក​នៅ​ក្នុង​ឃ្លឹប ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចាក់​ជូន​អង្គ​សវនាការ​មើល គឺ​លោក​ទទួលស្គាល់​សំឡេង រូប​របស់គាត់​ពិតប្រាកដ​មែន​។

​លោក​មេធាវី គី តិច បាន​បញ្ជាក់​ថា ការ​ទទួលស្គាល់​របស់​លោក កឹម សុខា ក្រោយពី​ក្រុមប្រឹក្សា​សម្រេច​ចាក់​វីដេអូ​ឃ្លឹប​នេះ នៅ​ក្នុង​អង្គ​សវនាការ ហើយ​វីដេអូ​នេះ​ជា​ភស្តុតាង​សំខាន់​ក្នុង​សំណុំរឿង “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​”​។ ទន្ទឹមនឹង​ការទទួលស្គាល់​នេះ លោក កឹម សុខា បាន​បដិសេធ​ចំណុច​មួយ​នៅត្រង់ថា វីដេអូ​ដែល​ចាក់​នេះ​មិន​គ្រប់​ទេ ពោលគឺ​បាន​កាត់​ជា​កំណត់ ខណៈដែល​ចំណុច​សំខាន់​មួយចំនួន ជា​ផលប្រយោជន៍​សម្រាប់​គាត់ គឺ​ត្រូវបាន​កាត់ចេញ​។ នេះ​ជា​អ្វីដែល​លោក កឹម សុខា តវ៉ា​នៅ​បន្ទាប់ពី​ការចាក់​វីដេអូ​ឃ្លឹប​។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មី​មួយ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​អះអាងថា ជា​វីដេអូ​ឃ្លឹប​ទាំងស្រុង​របស់លោក​។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោង​តាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។

មកដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយមាន​ការ​បន្ធូរបន្ថយ​កាតព្វកិច្ច​ដែល​ត្រូវអនុវត្ត ហើយ​អ្វី​ដែល​ត្រូវ​គោរព​បន្ត​ទៀត​នោះ​មាន​ដូច​ជា ទី​១, មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២, មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ទី​៣, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។

ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ដំបូង​នៃ​សវនាកា​នេះ លោក កឹម សុខា បាន​ចេញ​សារ​មួយ​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន​៥ ចំណុច គឺ​ទី​១, បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មកលើ​រូបលោក ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ ទី​២, លោក​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ទី​៣, លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​លោក​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​។ ទី​៤, សកម្មភាព​ទាំងអស់​របស់​លោក គឺ​ផ្តោត​លើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​៥, គ្រប់​សកម្មភាព​នយោបាយ​របស់​លោក គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ទី​៦, លោក​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល​ជា​ស្ថាពរ ចំពោះ​បទ​ចោទ​មកលើ​រូបលោក ដើម្បី​អាច​អនុវត្តបាន​នូវ​សិទ្ធិ សេរីភាព នយោបាយ​ពេញលេញ​ក្នុង​ការចូល រួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114