BREAKING NEWS
Search

ពិត​ជា​មាន​មោទនភាព​ណាស់! ខណ្ឌ​ដូនពេញ ទទួល​ជយលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន

ភ្នំពេញ ​៖ ​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់ ខណ្ឌ​ដូនពេញ (​រាជធានី​ភ្នំពេញ​) បាន​ទទួល​ជយលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅ​ក្នុង​ពិធី​ចែក​ជយលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២០ នៅ​ប្រទេស​ព្រុយ​ណេ។

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដល់ទី​ក្រុង​ទេសចរណ៍ ចំនួន ២១ នៅ​ក្នុង​តំបន់​។

ការប្រគល់​រង្វាន់​នេះ ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅ​ក្នុង​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ក៏ដូចជា​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។

គួរ​បញ្ជាក់​ថា ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវ​បាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ ២០១១​ដោយមាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដារ​នេះ​ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​នឹង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជំរុញ​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅ​ក្នុង​តំបន់​អាស៊ាន។

នេះ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114