BREAKING NEWS
Search

បុរស​ម្នាក់​កំពុង​អង្គុយ​លើ​ត្រាក់ទ័រ​សុខ​ៗ ស្រាប់​តែ​រអិល​ធ្លាក់ ត្រូវ​ត្រាក់ទ័រ​កិន​ពីលើ​ ស្លាប់​ភ្លាមៗ

រតនគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ ខណៈ​អង្គុយ​នៅ​លើ​ត្រាក់ទ័រ​កំពុងបើក ស្រាប់តែ​រអិល​ធ្លាក់​មក​ដី​ត្រូវ​ត្រាក់ទ័រ​កិន​ពី​លើក​។

ករណី​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ការដ្ឋាន​ទី​២ ក្រុមហ៊ុន​ហ័ង​អញ់​លំផាត់ ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​ពក​តូច ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី​។

លោក ភោគ បូរិទ្ធ អធិការ​នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា អ្នកបើកបរ​ត្រាក់ទ័រ​មានឈ្មោះ ប៉ែន សង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី។

អ្នក​រួម​ដំណើរ​ឈ្មោះ សេក យ៉​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ច្រាំង ឃុំ​ពល​រោង ស្រុក​ព្រៃវែង ខេត្តព្រៃវែង បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។

ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ និង​ធ្វើ​កោសល្យវិច័យ​លើ​សព ឃើញ​ថា ពិតជា​បាន​ស្លាប់​ដោយ​ត្រាក់ទ័រ​កិន​ពីលើ​ពិតប្រាកដ​មែន​។

ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ​នោះ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​អ្នកបើកបរ​ត្រាក់ទ័រ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក​កូន​មុំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ត្រាក់ទ័រ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការនគរបាល​ស្រុក​កូន​មុំ​ផងដែរ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114