BREAKING NEWS
Search

លោក គី តិច ថា មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​សំណួរ​ខុស​ប្រធានបទ និង​ផ្ទុយ​ពី​ការកំណត់​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​អ្នកចូលរួម

*សវនាការ​លើ​សំណុំរឿង “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” របស់លោក កឹម សុខា បាន​សំរាក​ជា​បណ្តោះអាសន្ន ហើយ​នឹង​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ និង​២៣ ខែមករា

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” របស់លោក កឹម សុខា បន្តទៀត ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដូច​ថ្ងៃទី​១​ដែរ តែ​ជាការ​កត់សម្គាល់​នៅ​ព្រឹក​ថ្ងៃទី​២ នៃ​សវនាការ​នេះ មិនសូវមាន​អ្នកគាំទ្រ ឬ​សមាជិក សមាជិកា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​គាំទ្រ​នៅខាងមុខ​តុលាការ​ច្រើន ដូច​ថ្ងៃទី​១​នោះទេ​។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ បន្ទាប់ពី​បញ្ចប់​សវនាការ​ថា សវនាការ​នា​ព្រឹក​នេះ គឺ​បន្ត​នីតិវិធី​កាលពី​ម្សិលមិញ ដែល​ក្នុង​ដំណាក់កាល​សួរដេញដោល​ជនជាប់ចោទ ហើយ​ពេញ​មួយ​ព្រឹក​នេះ បាន​ត្រឹមតែ​ដំណាក់កាល​សួរដេញដោល​ជនជាប់ចោទ​។

ទោះជា​យ៉ាងណា​លោក​អះអាង​ថា សវនាការ​នេះ ភាគី​នីមួយៗ​បាន​ប្រឹងប្រែង​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​ភស្តុតាង ក៏ដូចជា​ការ​កត់សម្គាល់​ផ្សេងៗ ហើយ​ដំណាក់កាល​សួរដេញដោល​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​តំណាង​ឯកា​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ អាច​ដាក់​សំណួរ​ទៅ​ជនជាប់ចោទ ហើយ​ការដាក់​សំណួរ​នេះ គឺ​សំដៅ​ពី​ឆ្នាំ​១៩៩៣ ដល់​២០១៧ ហើយ​ការចែក​ដំណាក់កាល​របស់​ចៅក្រម​នេះ ដើម្បី​កុំ​ឲ្យ​ច្របូកច្របល់​។ លោក​គិតថា ការផ្ដល់​ឱកាស​បែបនេះ គឺជា​រឿង​ល្អ​ដែល​នាំ​ឲ្យ​ជនជាប់ចោទ​អាច​គិត​ទាន់ អាច​ឆ្លើយ​ទៅនឹង​សំណួរ​របស់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​សវនាការ​។

តាម​លោក​គី​តិច​នៅ​ក្នុង​សវនាការ​នេះ មានការ​ជជែក​គ្នា​តឹងតែង​ពាក់ព័ន្ធ​ទៅនឹង​ការ​ដាក់​សំណួរ ដោយ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ច្រើន​ដាក់​សំណួរ​មិន​ចំ​កម្មវត្ថុ មិន​ចំ​ចន្លោះ​ឆ្នាំ​ដែល​ក្រុមប្រឹក្សា​បានកំណត់ ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ពី​តំណាង​មហាអយ្យការ ហើយ​អ្វី​ដែល​ការ​លើក​ឡើង​របស់​មេធា​វី​ជនជាប់ចោទ​នេះ លោក​យល់ថា ហាក់ដូច​ជា​មាន​ចេតនា ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ឃាត់ ហើយ​ធ្វើ​ឲ្យ​ភាគី​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជំទាស់ នៅពេលនោះ​ធ្វើ​ឲ្យ​សាធារណជន ដែល​អង្គុយ​នៅក្នុង​បន្ទប់​សវនាការ ដែល​មកពី​គ្រប់​សមាសភាព​វាយតម្លៃ​ខុស ទៅលើ​ការ​ផ្ដល់​សិទ្ធ​។ មានន័យថា មេធាវី​ជនជាប់ចោទ​និយាយ​មិនបាន ឃាត់​រហូត ដូច្នេះ​នេះ អាចជា​ចេតនា​មួយបែប​នេះ។

លោក​បន្ត​ថា នៅ​ពេល​នោះ​លោក​ក៏បាន​ធ្វើការ​បំភ្លឺ​បន្ថែម​លើ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយហេតុថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ពន្យល់​ហេតុផល​ជាច្រើន លើ​ដំណើរការ​នីតិវិធី ប៉ុន្តែ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ហាក់ដូចជា​មិន​សប្បាយចិត្ត ដោយ​មានការ​ថ្នាក់​ចិត្ត ហើយ​សាធារណជន​មួយចំនួន ដែល​គាត់​មិន​យល់​អំពី​នីតិវិធី នៃ​ការជំនុំជម្រះ អាច​វាយតម្លៃ​ខុស​ថា ក្រុមប្រឹក្សា​មានការ​បិទ​សិទ្ធិ​មិន​ឲ្យ​មានការ​តតាំង​គ្នា​។

​លោក គី តិច បាន​អះអាង​ទៀត​ថា សវនាការ​នេះ គឺជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ដែល​មាន​តទៅ​មុខ​ច្រើន​ទៀត ហើយក៏​មិន​ដឹង​ប៉ុន្មាន​ដង ប៉ុន្មាន​ពេល​ទៀត​ចប់​ដែរ​។ បើតាម​លោក គី តិច នៅ​ក្នុង​សវនាការ​នោះ​ជនជាប់ចោទ គាត់​ច្រើន​តែមាន​ចម្លើយ ដែល​ឆ្លៀតឱកាស​ធ្វើ​សេចក្តី​សន្និដ្ឋាន ដែល​ដំណាក់​ការសន្និដ្ឋាន​នេះ គេ​ធ្វើ​នៅ​ខាងក្រោយ​គេ ហើយ​ចង់​ធ្វើ​សេចក្តី​ថ្លែងការណ៍​ប៉ុន្មាន​ម៉ោង​ក៏​គេ​មិន​បិទ​សិទ្ធិ​ដែរ​។

ដោយឡែក​ទាក់ទង​ទៅនឹង​ឈ្មោះ​របស់​ប្រទេស​មួយ​ចំនួន ដែល​ទាក់ទង​នៅក្នុង​សំណុំ​រឿងក្តី​នេះ លោក គី តិច បាន​អះអាង​ថា ឈ្មោះ​ប្រទេស​ដែល​បានលើកឡើង​នោះ គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​ប៉ុណ្ណោះ គឺ​តាង​ឈ្មោះ​សម្រាប់​ដាក់​ស្នើ​ទៅ​ចៅក្រម ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​នោះ​ជាមួយ​កម្ពុជា ពីព្រោះ​ពិតមែន​តែ​ជា​ឈ្មោះ​របស់​ប្រទេស​នោះ មាននៅ​ក្នុង​ឯកសារ​មែន ប៉ុន្តែ​គ្រាន់តែ​ជា​អង្គការ​មួយ​នៅ​ក្នុង​ប្រទេស​នោះ ដូច្នេះ​វា​មិនមែន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ទេ​។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​មួយ​ចំនួន​ដែល​តែងតែ​អះអាងថា សំណុំរឿង​លោក កឹម សុខា ជា​រឿង​នយោបាយ​នោះ លោក គី តិច បាន​អះអាង​ថា ដំណើរការ​រឿងក្តី​នេះ គឺជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ មិនមែន​ជា​រឿង​នយោបាយ​ទេ ជាក់ស្ដែង​ភាគី​ទាំងអស់​បាន​ចូលរួម​សវនាការ​ទទួលស្គាល់​ការដឹកនាំ​ធ្វើ​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុមប្រឹក្សា​ជំនុំជម្រះ​ភាគី​មេធាវី​ជនជាប់ចោទ​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺ​ចូលរួម​សហការ​តាម​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ មានន័យថា បាន​ទទួល​ស្គាល់​សំណុំ​រឿង​នេះ គឺជា​សំណុំរឿង​ព្រហ្មទណ្ឌ ហើយ​លទ្ធផល​យ៉ាងណា​យើង​នឹង​ឃើញ​ទាំងអស់​គ្នា​នា​ពេល​ខាង​មុខ​។ លោក​បញ្ជាក់​ថា ដំណើរការ​សវនាការ​នឹង​បន្តទៀត​នៅ​ថ្ងៃទី​២២ និង​២៣ ខែមករា ខាងមុខ ហើយ​ឯកសារ​មាន​ច្រើនណាស់ ដែល​លោក​នឹង​បង្ហាញ​តាម​ដំណាក់កាល​នីមួយៗ​។

ចំណែក​លោកស្រី ម៉េង សុភា​រី មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា នៅក្នុង​សវនាការ​នា​ព្រឹក​នេះ បាន​សួរដេញដោល​តែ​លើ​អង្គហេតុ​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧ មិនទាន់​ឆ្លង​ដល់​ឆ្នាំ​ផ្សេង​នោះទេ ហើយ​លោក កឹម សុខា បានបញ្ជាក់​នៅ​ក្នុង​សវនាការ​អំពី​វីដេអូ​នោះ​ថា ជា​វីដេអូ​កាត់ត និង​បាន​អះអាងថា គាត់​មិនបាន​នាំ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឈ្លានពាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ហើយក៏​មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ទឹក​បាត់​ដី​នោះដែរ ហើយ​គាត់​បានបញ្ជាក់​អំពី​តួនាទី​ស្របច្បាប់​របស់​គាត់ នៅក្នុង​រដ្ឋសភា ព្រឹទ្ធសភា និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​បាន​អះអាងថា វីដេអូ​នោះបាន​កាត់ផ្ដាច់​ពាក្យ​សំខាន់ៗ​របស់​គាត់ ដែល​ធ្វើ​ឲ្យ​បាត់បង់​ខ្លឹមសារ​ជា​យុទ្ធសាស្ត្រ​របស់​គាត់​។ លោកស្រី​អះអាងថា អំពើ​ដែល​កូន​ក្តី​របស់​លោក​ស្រី​បានធ្វើ​សុទ្ធតែជា​អំពើ​ត្រឹមត្រូវ​តាមច្បាប់ ពីព្រោះ​គាត់​ជា​អ្នក​ប្រជាធិបតេយ្យ គាត់​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស ដូច្នេះ​គាត់​មិនបាន​ធ្វើ​នូវ​អំពើ​ណា ដែល​នាំទៅដល់​ការបាត់បង់​ផលប្រយោជន៍​ជាតិ​នោះទេ​។

បើ​តាម​លោកស្រី​ម៉េង ​សុភា​រី​ វីដេអូ​ទាំងស្រុង ដែល​ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ដាក់​ជូន​តុលាការ​នោះ អាច​នឹង​ចាក់​នៅ​ថ្ងៃ​ទី​២២ ឬ​ថ្ងៃ​២៣ សប្តាហ៍​ក្រោយ ហើយ​ខ្លឹមសារ​រយៈពេល​ជាង​១​ម៉ោង នៅលើ​ខ្សែ​វីដេអូ​នោះ មាន​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត ដែល​បញ្ជាក់ថា​ គាត់​មិន​ចង់​ឃើញ​ឈាម​ខ្មែរ​ហូរ​ទេ​។ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ការ​លំបាក​ច្រើនណាស់ គាត់​គ្រាន់តែ​ចង់ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ចេះ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន​តែ​ប៉ុណ្ណឹង​។

ដោយឡែក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ដែល​បាន​តាមដាន​សវនាការ​នោះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ភាព​មិន​មាន​ភាព​ចាស់ទុំ​ផ្នែក​ច្បាប់​របស់​ក្រុម​មេធាវី លោក កឹម សុខា បាន​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ នៅ​ក្នុង​ពេល​ធ្វើ​សវន​ការ និង​ធ្វើ​ឲ្យ​សាធារណជន​មាន​អារម្មណ៍​ធុញទ្រាន់ រហូតដល់​លោក​មើល​ឃើញ​ថា អង្គ​ជំនុំជម្រះ​មាន​ភាព​លំអៀង​ទៅលើ​មេធាវី​លោក កឹម សុខា​។

លោក ពេជ្រ ស្រស់ បញ្ជាក់​ថា នៅ​ក្នុង​សវន​ការ​នៅ​ពេញ​មួយ​ព្រឹក​នេះ លោក​បាន​មើលឃើញ​ថា មិនទាន់​ស៊ីជម្រៅ​លើ​អង្គហេតុ និង​អង្គសេចក្តី​របស់​លោក កឹម សុខា នៅឡើយ​ទេ​។ ដោយ​ដំណើរការ​នីតិវិធី​សវនាការ ដោយសារតែ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ហាក់​បី​ដូច​មាន​ចេតនា​បង្អាក់​ដំណើរ​នីតិវិធី ឬ​ហៅ​ម្យ៉ាង​ថា ពួកគាត់​មិនចេះ ឬ​មិន​យល់​ពី​ច្បាប់​ក្នុងការ​តតាំង​នៅក្នុង​សវន​ការ​។ ដោយ​នៅក្នុង​សវន​ការ មេធាវី​លោក កឹម សុខា បាន​ចោទ​សំណួរ​ដែល​មិនមាន​ប្រយោជន៍ នៅក្នុង​ដំណើរការ​សវន​ការ ដែល​ធ្វើ​ឲ្យ​បាត់​ប្រយោជន៍​ទាំងមូល​នៅក្នុងពេល​សវន​ការ ដែល​ធ្វើ​ឲ្យ​លោក រួម​ទាំង​សាធារណជន ដែល​កំពុង​រង់ចាំ​ស្តាប់ មាន​អារម្មណ៍​ធុញទ្រាន់ ឬ​មាន​ចេតនា​បង្ហាញ​ដល់​សាធារណជន​ថា សវន​ការ​នេះ​មិន​មាន​ភាព​ប្រក្រតី ឬ​មិន​មាន​ភាព​តម្លាភាព​ទៅលើ​លោក កឹម សុខា ជាដើម​។

បើ​តាម​លោក ពេជ្រ ស្រស់ នៅក្នុង​សវន​ការ​នេះ លោក​យល់​ឃើញ​ថា តំណាង​អយ្យការ ក៏ដូចជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ មក​បកស្រាយ​ច្បាប់ ឲ្យ​ទៅលើ​មេធាវី​លោក កឹម សុខា ឲ្យ​យល់​ពី​នីតិវិធី​ទៅវិញ​។ នៅ​ក្នុង​អង្គ​សវនាការ​មួយថ្ងៃ​១​ព្រឹក គឺ​តុលាការ​បាន​បើក​ជំហរ​ទូលំទូលាយ​យ៉ាង​ខ្លាំង ទៅ​ឲ្យ​ភាគី​ទាំង​សង្ខាង​បាន​តតាំង​គ្នា ចំពោះ​មុខ​ច្បាប់ អង្គហេតុ និង​អង្គ​សេចក្តី ប៉ុន្តែ​ផ្ទុយទៅវិញ​ភាគី​មេធាវី​មិន​ចេះ ប្រើ​ពេលវេលា​ឲ្យ​មាន​តម្លៃ មិន​ចេះ​ប្រើ​ពេល​ឲ្យ​មាន​ប្រយោជន៍ ទៅដល់​កូន​ក្តី​ខ្លួន ហើយ​មិន​មាន​សំណួរ​ដោះ​បន្ទុក​ដល់​កូនក្តី​ខ្លួន រហូត​ទៅដល់​ប្រធាន​អង្គ​ជំនុំជម្រះ​បាន​ប្រាប់​គន្លឹះ​ឲ្យ​មេធាវី​របស់​លោក កឹម សុខា ទៅទៀត ដែល​ចំណុច​អាច​បង្ហាញថា អង្គ​ជំនុំជម្រះ​មាន​ភាពលំអៀង​ទៅលើ​លោក កឹម សុខា ទៅវិញ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114