BREAKING NEWS
Search

ប្រទះ​ឃើញ​រូបចម្លាក់​សត្វ​ដ៏​ធំ​មួយ​មិន​ធ្លាប់​ឃើញ នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ភ្នំ​គូលែន

សៀមរាប ​៖​ យោងតាម​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ បាន​ឲ្យ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា ចម្លាក់​សត្វ​មករ ដ៏​ធំ​មួយ ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​អ្នកជំនាញ ប្រទះឃើញ​នៅក្នុង​ព្រៃ​នៃ​តំបន់ភ្នំ​គូលែន ដែល​អ្នក​គ្រប់គ្នា មិន​ធ្លាប់​ឃើញ​ពីមុនមក។

មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បន្តថា ទីតាំង​នោះ ​ស្ថិតនៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ខាងកើត​ទំនប់​បុរាណ​មួយ​ឈ្មោះថា ទំនប់ទឹក​ងូត​ប្រមាណ ៣០​ម៉ែត្រ ខាងកើត​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​- នរោត្តម ភ្នំ​គូលែន។ មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ដឹកនាំ​ដោយ លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា​និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​រូប​សត្វ​មករ​ម្យ៉ាង​ដែលមាន​ទំហំ​ធំ ដែលមាន​បណ្តោយ​២.១៤​ម៉ែត្រ កម្ពស់​០.៩៧ ម៉ែត្រ ទទឹង​០.៧៩​ម៉ែត្រ ដែល​មិន​ធ្លាប់​ឃើញ​នៅ​ចម្លាក់​លើ​ផ្តែរ និង​ប្រាសាទ​ព្រហ្មញ្ញសាសនា​នា ក្នុង​ប្រវត្តិ​សិល្បៈ​ខ្មែរ។ ជា​លទ្ធផល​ក្រៅពី​ចម្លាក់​មករនេះ​ ក្រុមការងារ​បាន​​​រកឃើញ​បំណែក​ថ្ម​សរុប​ចំនួន​១៣​ដុំ​ផងដែរ។

សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ​នៅ​ខេត្តសៀមរាប មាន​ក្រុម​អ្នកស្រាវជ្រាវ និង​អ្នក​កំណាយ​រក​របស់​ផ្សេងៗ បាននាំគ្នា​រុករក ហើយ​គេ​នៅ​មិនទាន់​ដឹងថា ការ​កំណាយ​នោះ​ ធាតុពិត​គេ​ចង់រក​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ៕
កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114