BREAKING NEWS
Search

សមត្ថកិច្ច​ជលផល​សម្រេច​រឹបអូស លៀស​ចំនួន​៥១០ ការុង លក់ឡាយឡុង បង់​ចូល​ថវិកា​ជាតិ ខណៈ​​ម្ចាស់​លៀស​នាំគ្នា​រត់​គេច​ខ្លួន​អស់​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​

កំពង់ឆ្នាំង ​៖ លៀស​ចំនួន ៥១០ ការុង នៅ​ចំណុច​មាត់​កំពង់ទឹក ក្នុង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នេះ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​សម្រេច​រឹបអូស លក់ឡាយឡុង​បង់​ចូល​ថវិកាជាតិ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​អ្នក រក​​លៀស​ដោយ​ម៉ាស៊ីន​ខុសច្បាប់​ទាំងនោះ បាន​រត់ចោល​លៀស​រប​ស់​ខ្លួន​អស់​ក្នុង​ពេល​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មករា ។

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ លៀស​សរុប​មាន​ចំនួន ជាង​៧០០ កា​រុង​ក៏​ពិតមែន ប៉ុន្តែ​លៀស​មួយ​ចំនួន​បាន​ខូចគុណភាព និង​នៅ​សល់​តែ​៥១០​កា​រុង​ដែល​នៅ​មាន​គុណភាព ។ ដូច្នេះ​ហើយ​តាម​ឯកភាព​របស់​ថ្នាក់លើ នៅ​ពេល​នេះ​ខណ្ឌ​រដ្ឋបាល​ជលផល​បានសម្រេច​រឹបអូស​លៀស ដែល​មាន​គុណភាព ចំនួន​៥១០ កា​រុង លក់ឡាយឡុង​ដើម្បី​បង់​ចូល​ថវិកាជាតិ ។

​លោកនាយ​ខណ្ឌ​ជលផល​បាន​បញ្ជាក់​ទៀត​ថា​ ការ​កាវ​លៀស​ដោយ​ម៉ាស៊ីន​គឺជា​ទង្វើ​ខុសច្បាប់ ដែល​ច្បាប់​ស្ដីពី​ជលផល​បាន​ហាមឃាត់ ដោយឡែក​ការ​កាវ​លៀស​ដោយ​ដៃ​គឺ​ច្បាប់​អនុញ្ញាត ដូច្នេះ​អ្នក​កាវ​លៀស​ខុសច្បាប់​គឺ​សមត្ថកិច្ច​និង​បន្ត​ចុះ​បង្ក្រាប មិន​ឲ្យ​កើតមាន​ឡើយ ។ ចំណែក​ក្រុម​ឈ្មួញ ដែល​នាំគ្នា​មក​ទិញ​លៀស យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ ក៏​សមត្ថកិច្ច​និង​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ចូល​ទិញ​និង​ដឹក​លៀស​នេះ​បន្ត​ទៀត​ដែរ ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ