BREAKING NEWS
Search

កាត់ទោសនាយទាហ៊ានឆបោក ថ្ងៃ០៣ មីនា ប្រកាសសាលក្រម

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកយកសំណុំរឿងនាយទាហ៊ានជាន់ខ្ពស់មួយរូប បម្រើការងារនៅអគ្គបញ្ជាការដ្ឋានក្រសួងការពារ ជាតិ នឹងជាទីប្រឹក្សាឯកឧត្តមម្នាក់ មកបើកសវនាការជំនុំជម្រះក្តី ពាក់ពន្ធលើការចោទប្រកាន់ពីបទ.ឆបោក ។  ជនជាប់ចោទមាន ឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅផ្ទះលេខ ២៧A សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សវនាការនេះដឹកនាំដោយលោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ហើយសវនាការនោះបានធ្វើឡើងចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី កំបាំងមុខដើមបណ្តឹង ប៉ុន្តែចាត់ទុកជាចំពោះមុខ ព្រោះមានមេធាវីការពារសិទ្ធិដែលបានចូលរួម ។  ជនជាប់ចោទត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ពន្ធលើពាក្យបណ្តឹងរបស់ឈ្មោះ ផាត សេន នឹងឈ្មោះ ម៉ា សំកុល ដែលបានចោទប្រកាន់​ថា ឆបោក ប្រាក់ចំនួន១៣ ០០០ ដុល្លារអាមេរិក យកទៅរត់ការធ្វើប្លង់ដី តែមិនគោរពតាមកិច្ចសន្យា ។ ចៅក្រមជំនុំជម្រះបានលើយកសំណុំរឿងនេះមកសួរដេញដោល​លើជនជាប់ចោទនោះគឺ កាលពីក្នុងអំឡុងដើមឆ្នាំ២០១៩ ដើមបណ្តឹង និងជនជាប់ចោទដែលជាមនុស្សធ្លាប់ស្គាល់ នឹងរាប់អានគ្នា រីឯជនជាប់ចោទជាមនុស្សមានអំនួត​អួតអាងថា ខ្លួនជានាយទាហ៊ានជាន់ខ្ពស់ ជាទីប្រឹក្សាឯកឧត្តមម្នាក់ នឹង កំពង់ត្រៀមឡើងធ្វើជាអភិបាលរងខេត្តបន្ទាយមានជ័យ ។ ដោយយល់ឃើញថា ជនជាប់ចោទជាមនុស្សមានបុណ្យសក្តិ កិត្តិយសខ្ពង់ខ្ពស់ដូច្នោះហើយ បានជាធ្វើឲ្យឈ្មោះ ផាត សេន នឹងឈ្មោះ ម៉ា សំកុល ត្រូវការពឹងពាក់ឲ្យជួយរត់ការដោះស្រាយរឿងទំនាស់វិវាទដីធ្លី នឹងធ្វើប្លង់កាន់កាប់ដីមួយកន្លែងមានទំហ៊ុំ២ហិកតា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដើមបណ្តឹង នឹងជនជាប់ចោទ បានធ្វើកិច្ចសន្យាជាមួយគ្នា ហើយដើមបណ្តឹងបានប្រគល់ប្រាក់ ឲ្យទៅជនជាប់ចោទជាបន្តបន្ទាប់រហូតដល់ចំនួន១៣ ០០០ ដុល្លារអាមេរិក ដើម្បីយកទៅរត់ការដោះស្រាយរឿងទំនាស់វិវាទដីធ្លី២ ហិកតានោះ ដែលដីនោះទី១.ត្រូវដោះស្រាយបណ្តឹងជាប់ពាក់ពន្ធនៅតុលាការ នឹងទី២.ត្រូវដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ។ ប៉ុន្តែនៅពេលជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹងហើយ បែជាទៅធ្វើកិច្ចការនោះមិនបានសម្រេច នឹងថែមទាំងគេចវេសមិនព្រមជួបដើមបណ្តឹងទៀតផង ទើបបានជាកើតរឿងក្តីក្តាំនោះ ។

នៅមុខរង្វង់ក្រចកសេះជនជាប់ចោទឈ្មោះ មុំ អស្សនី បានបដិសេដ្ឋចំពោះការចោទប្រកាន់នេះ ដោយបានឆ្លើយដោះបន្ទុកខ្លួន ឯងថា ទទួលស្គាល់ពេលធ្វើកិច្ចសន្យា ប៉ុន្តែមិនទទួលស្គាល់ការចោទប្រកាន់ថា បានយកប្រាក់ពីដើមបណ្តឹងរហូតដល់១៣ ០០០ដុល្លារអាមេរិកនោះទេ កិច្ចសន្យាធ្វើមែនតែលុយអត់បានឲ្យដល់ដៃ ។ ដោយសារដើមបណ្តឹងមិនបានចូលរួមសវនាការ ក្នុងការសាកសួរដេញដោលទល់មុខគ្នា ជាមួយជនជាប់ចោទ លើការចោទប្រកាន់នេះ ចៅក្រមជំនុំជម្រះបានទុកសិទ្ធិឲ្យតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ ទើបតំណាងអយ្យការ នៅតែរក្សាការចោទប្រកាន់លើជនជាប់ចោទពីបទ.ឆបោក ដដែល ។ ជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស.ឆបោក តាមមាត្រា ៣៧៧ នឹង៣៧៨ នៃក្រហ្មទណ្ឌ តម្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី៦ខែ ដល់ទៅ៣ឆ្នាំ នឹងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល ។  ក្រោយបញ្ចប់ការសាកសួរដេញដោល ចៅក្រមជជំនុំជំរះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ ខាងមុខ ។ ក្រៅពីសំណុំរឿងឆបោកនេះ ជនជាប់ចោទ មុំ អស្សនី នៅមានរឿងក្ដីចេញសែកអត់លុយចំនួន១០មុឺនដុល្លារមួយករណីទៀតដែលតុលាការកំពង់ចាត់ការនៅឡើយ ៕

អត្ថបទ៖ មករា