BREAKING NEWS
Search

ប្រជុំ​ផ្សព្វផ្សាយ​ ស្ដីពី​សភាពការណ៍​ក្នុងប្រទេស​ និង​ការវិវត្តន៍​ខាង​នយោបាយ​ក្នុង​សន្និបាត​លើក​ទី​៤២​ អាណត្តិ​ទី​៥

បន្ទាយមានជ័យ ៖ លោកនាយ​ឧត្ដមសេនីយ៍​ កែ ​គឹមយ៉ាន​ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា លោក ​អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ខេត្ត ស្រុក ក្រុង និង ចៅសង្កាត់ ឃុំ​មាន​ចំនួន​១.៨២៨​នាក់ ​បាន​ចូលរួម​​ប្រជុំ​ផ្សព្វ​ផ្សាយ ​ស្ដីពី​សភាពការណ៍​ក្នុង​ប្រទេស​ និង​ការវិវត្តន៍​ខាង​នយោបាយ​ក្នុង​សន្និបាត​លើក​ទី​៤២​ អាណត្តិ​ទី​៥ ​នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត កាលពី​ព្រឹក ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល ​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២ ​អាណត្តិ​ទី​៥​ នេះ​ផ្តោត​លើ​ការងារ​សំខាន់ៗ​រួមមាន ៖ ​ការពិនិត្យ​ពិភាក្សា ​និង​ឯកភាព​លើ​របាយការណ៍ ស្ដីពី​សភាពការណ៍​ទូទៅ​ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២០ ​កែសម្រួល​រចនាសម្ព័ន្ធ​ក្នុង​ខេត្ត​។

​ក្នុងនោះ​ លោក ​អ៊ុំ ​រាត្រី ​បាន​មាន​ប្រសាសន៍​ថា​ សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤២​អាណត្តិ​ទី​៥​នេះ បាន​លើក​យក​អំពី​សភាពការណ៍​កន្លងមក​ដែល​ពួក​ប្រឆាំង​ជ្រុលនិយម​បាន​រក​គ្រប់​ល្បិច គ្រប់ វិធី​សំដៅ​ធ្វើ​ឲ្យ​គណបក្ស​របស់ខ្លួន​រស់​ឡើងវិញ​តាមរយៈ​ការ​ជំរុញ​សកម្មភាព​ទូទៅ​ និង​ធ្វើការ​វាយបក​នានា​ឥត​ឈប់ឈរ​ទាំង​នៅ​ក្នុង​ប្រទេស ​និង​នៅក្រៅ​ប្រទេស​ ការខិតខំ​រក្សា​កម្លាំង​ និង​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ការប៉ុនប៉ង​បំផ្លាញ​ការ​បោះឆ្នោតជាតិ​នីតិកាល​ទី​៦ ការពារ​ និង​ធ្វើការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុ​ជា​ការ​មួលបង្កាច់​ពិតៗ​ការ​ខិត​ខំ​បំផុស​មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ​ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ​និង​ចង់​ប្ដូរ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ តាមរយៈ​ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​អតីត​មេដឹកនាំ​បក្សប្រឆាំង​ និង​បក្សពួក ​កាលពី​ថ្ងៃទី​៩ ខែ​៦ ឆ្នាំ​២០១៩​កន្លងមកនេះ និង​ធ្វើ​ការវាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​មក​លើ​អង្គ​ព្រះមហាក្សត្រ ​និង​និយាយ​បរិហារ​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើកកម្ពស់​ជា​ធ្លុង​មួយ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល​ ការពារ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ តាម​គោលការណ៍ ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ការពារ​ព្រះមហាក្សត្រ​ និង​ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ​ដោយ​បំផ្លាញ​ចោល​នៃ​ក្រុម​ក្បត់ជាតិ​នានា​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ ស្ថិរភាព ​និង​ដំណើរការ​អភិវឌ្ឍន៍​នៅ​គ្រប់​វិស័យ​។​

ក្នុងនោះដែរ​ លោកនាយ​ឧត្ដមសេនីយ៍​ ​កែ ​គឹមយ៉ាន​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ អង្គ​សន្និបាត​ថ្ងៃនេះ បាន​កំណត់​យ៉ាង​ច្បាស់​អំពី​សារសំខាន់​ចាំបាច់ ​នៃ​ការ​បន្ត​ដំណើរការ​កែទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​តាម​អភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច ស្រុះដៃ​គ្នា ​និង​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព​ដើម្បី​ធានា​សាមគ្គីភាព និង​ប្រសិទ្ធភាព​ នៃ​ស្ថាប័ន ការ​ទ្រទ្រង់​សេដ្ឋកិច្ច និង​ការ​ផ្ដល់​សេវា​ឲ្យ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ ក៏​ដូច​វិស័យ​ឯកជន​ជាដើម​។​ ទាំងអស់នេះ​ជា​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ​ក្រោម​ការដឹកនាំ​របស់​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ សម្ដេច​អគ្គ​មហា​សេនាបតី​ប​តី​តេ​ជោ ហ៊ុន សែន​ ដឹកនាំ​រំដោះ ប្រទេស​កម្ពុជា​ទាំងមូល​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​រប​ស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខ​សន្តិភាព សិទ្ធិ​សេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម​ដ៏​ល្អ​ត្រចះត្រចង់​៕​


អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114