BREAKING NEWS
Search

អភិបាលរង​ខេត្ត ៖ ​ការកែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ថ្នាក់ក្រោម​ជាតិ ​ចាប់​អនុវត្ត​ហើយ​

ស្វាយរៀង ​៖ ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំកុរ ព​.​ស ២៥៦៣ ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​សាលាស្រុក​រមាសហែក​ មាន​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ស្រុក​រមាសហែក ​ក្រោម​អធិបតីភាព​ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី​នាយក នាយករង ទីចាត់ការ​សាលាខេត្ត លោក​លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​សាលាខេត្ត លោក​ប្រធាន ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល​ នៃ​គណៈ​អភិបាលស្រុក តំណាង​កងកម្លាំង​ទាំងបី លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោកនាយក នាយករង រដ្ឋបាល​សាលាស្រុក លោក លោកស្រី​ជា​មេឃុំ​ទាំង 16 លោក​លោកស្រី​ស្មៀនឃុំ​ទាំង 16 លោក លោកស្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល លោក លោកស្រី​តំណាង​គ្រឹះស្ថាន​ធនាគារ លោក លោកស្រី ជា​ប្រធាន​អនុប្រធាន​សមាជិក​សមាជិកា ការិយាល័យ​ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​សរុប​វត្តមាន​ចំនួន​១៣៥​នាក់​។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ថ្នាក់ ឃុំ សង្កាត់ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០០២ ដោយ​ផ្អែកលើ​បទពិសោធន៍ និង​លទ្ធផល​វិជ្ជមាន ​ដែល​សម្រេច​បាន​នៅ​ថ្នាក់​ឃុំ សង្កាត់ រាជ​រដ្ឋាភិបាល​ បាន​ប្ដេជ្ញា​ចិត្ត ពង្រីក​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​នៅ​ថ្នាក់​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំង​ប្រទេស តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឈាន​ទៅ​រៀបចំ​ក្របខណ្ឌ​ច្បាប់​ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ និង​ បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់រដ្ឋបាល តាម​អាណត្តិ​ដែល​បាន​កំណត់​រៀងរាល់​៥​ឆ្នាំ​ម្តង​ចាប់តាំងពី​ឆ្នាំ​២០០៩​ មកដល់​បច្ចុប្បន្ន​។​

លោក​អភិបាលរង​ខេត្ត​បន្តថា គិត​រហូតមក​ដល់ពេលនេះ ​យើង​បានរួម​សហការគ្នា​រៀបចំ និង​អនុវត្ត​កម្មវិធី​ជាតិ​អស់​រយៈពេល​៩​ឆ្នាំ​ហើយ ដែល​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​រួមមាន ៖​ជា​អាទិ៍​៖
១-ការរៀបចំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​
២-ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។​
៣-​ការបង្កើត​មូលនិធិ​ ឃុំ សង្កាត់ និង​ក្រុង ស្រុក រួម​ទាំង​ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ។​
៤-ការរៀបចំ​ប្រព័ន្ធ​កសាង​ផែនការ​អភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ។​
៥-ការកែសម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួមទាំង​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។​

លោក​បាន​បញ្ជាក់ថា ចំពោះមុខ​អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវ​ប្រមូលផ្ដុំ​ធ្វើការ​បូកសរុប​ដំណើរការ នៃ​ការ​ធ្វើ​សមាហរណកម្ម និង​ការ​ចាប់ផ្ដើម​ដំណើរការ​ នៃ​រចនាសម្ព័ន្ធ ប្រព័ន្ធ​គ្រប់គ្រង ក្រុង ស្រុក ខណ្ឌ ដើម្បី​រាយការណ៍ និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន សំដៅ​ឲ្យ​មាន​ការ​ឯកភាព​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​អនុវត្ត ឲ្យ​បាន​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ដែល​បាន​កំណត់​៕


អត្ថបទ ៖ ​គឹម​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114