BREAKING NEWS
Search

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​

កំពង់ឆ្នាំង ៖ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​សាលា​សាលាខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មាន លោក ត្រាំ អ៊ីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ក្រុមការងារ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជា​សមាជិក សមាជិកា​ ដែលជា​ក្រុមការងារ និង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ​ជា​ក្រុម​ប្រឹក្សា​ខេត្ត លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន ១៧៩ នាក់​។​

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត បាន​ធ្វើ​របាយការណ៍​សង្ខេប​អំពី​សកម្មភាព និង​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​មាន ៖ បាន​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​ដើម្បី​ពិនិត្យ និង​ដោះ​ស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន ៤៩​លើក និង​ទទួលបាន​សំណូមពរ និង​បញ្ហា​ប្រឈម​នានា សរុប​ចំនួន ៤៨៥ ចំណុច។ ជាមួយគ្នានេះ ​ក្រុម​ការងារ​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ បាន​ខិតខំ​រួម​សហការគ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។​​ ដោយឡែក​សម្រាប់​ទិសដៅ​ឆ្នាំ​បន្តបន្ទាប់​ ក្រុមការងារ​ នឹង​ខិតខំ​បំពេញ​បន្ថែមទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ​លើ​គ្រប់​វិស័យ។​

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ចុះ​ដល់​មូលដ្ឋាន​ទូទាំង​ខេត្ត រួមគ្នា​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួកគាត់ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​មន្ត្រី​អាជ្ញាធរ ត្រូវ​បន្ត​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​តាមរយៈ​ការធ្វើ​វេទិកា​សាធារណៈ​នា​ពេល​កន្លងមក និង​ត្រូវ​បន្តធ្វើ​វេទិកា​នេះ​គ្រប់​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់​ពួកគាត់ ព្រមទាំង​រួមគ្នា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​បាន​ឆាប់រហ័ស ស្របតាម​អភិក្រម ធ្វើឲ្យ​បាន ធ្វើឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព។

​ឯកឧត្ដម​បណ្ឌិត​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ​ឲ្យ​ក្រុមការងារ​យកចិត្តទុកដាក់​ផង​ដែរ​អំពី​ការ​លើកកម្ពស់​សុខភាព និង​អនាម័យ​របស់​ប្រជា​ពល​រដ្ឋ ព្រោះថា​ ខេត្តកំពង់ឆ្នាំង ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤ ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​ការ​បន្ទោ​បង់​ពាសវាលពាសកាល​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​៕


អត្ថបទ ៖ កញ្ញា វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114