BREAKING NEWS
Search

អគ្គិភ័យ​ឆាបឆេះ​ហាង​ទុកចោល​មួយ​កន្លែង​​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍

ភ្នំពេញ​ ៖​ អគ្គិភ័យ​ឆាបឆេះ សម្ភារៈ​ក្នុង​ហាង​មួយ​កន្លែង ដែល​ម្ចាស់​ទុកចោល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​​​ជួយ​អន្តរាគមន៍។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ​ថ្ងៃទី​១៣ ខែ​​កុម្ភៈ​ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

ប្រជាពលរដ្ឋ​ដែល បានឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ​គេ​បាន​ឃើញ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ ចេញពី​បន្ទប់ ក្នុង​ហាង​ដែល​ម្ចាស់​ទុកចោល ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​ ​ជួយ​ជះ​ទឹក និង យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ដែរ តែ​មិន​រលត់ ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​សហការ​គ្នា​ជាមួយ សមត្ថកិច្ច​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ជាបន្ទាន់​ផង​ដែរ។ មិន​បាន​ប៉ុន្មាន​ផង​ ស្រាប់តែ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦​គ្រឿង របស់​ស្នងការ​រាជធានី​ភ្នំពេញ មកដល់​កន្លែង​កើតហេតុ និង​ធ្វើ​ការ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​៣​ឡាន ផង​ដែរ​ ទើប​រលត់​ជា​ស្ថាពរ​ទៅវិញ​ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ទីតាំង​ហាង ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាង​លើ​នេះ ​គឺ​តែងតែ​មាន​ក្រុម​ជនអនាថា​មក​ស្នាក់នៅ ពពាក់ពពូន​ប្រើប្រាស់​សារធាតុ​ញៀន​ជា​យូរ​ណាស់​មកហើយ​ មិនដែល​ឃើញ​មាន​សមត្ថកិច្ច​មក​ដេញ​ឬក៏​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ រហូតមកដល់​យប់​កើតហេតុ​នេះ​ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បែបនេះ​តែម្ដង៕
ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114