BREAKING NEWS
Search

អវត្តមានកោះតៃវ៉ាន់ជាសមាជិភាពរបស់ WHO នាំឲ្យមានក្ដីបារម្ភលើបញ្ហាសុខភាពសាធារណៈ

ការបដិសេធកោះតៃវ៉ាន់មិនឲ្យចូលជាសមាជិកក្នុងអង្គការសុខភាពពិភពលោក កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីសុខភាពអំឡុងពេលមានវិបត្តិផ្ទុះឡើងជុំវិញវីរុស Covid-19 ។

តៃវ៉ាន់បានអំពាវនាវម្តងហើយម្តងទៀតដើម្បីសុំចូលរួមនៅក្នុងអង្គការសុខភាពពិភពលោក ប៉ុន្តែត្រូវបានហាមឃាត់ដោយប្រទេសចិន។ ចិនបានដាក់សម្ពាធការទូតលើកោះតៃវ៉ាន់ដោយមិនឲ្យចូលរួមនៅក្នុងសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំរបស់អង្គការនេះហើយសូម្បីតែអ្នកសង្កេតការណ៍ក៏មិនត្រូវបានអនុញ្ញាតដែរ។

ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់មកគ្រប់គ្រងដោយខ្លួនឯង និងប្រើការទូតរបស់ខ្លួនដើម្បីបញ្ឈប់កោះនេះពីការចូលរួមជាមួយអង្គការនានា។ កោះតៃវ៉ាន់បានចាកចេញពីអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧១ នៅពេលដែលប្រទេសចិនចូលរួមជាមួយអង្គការនេះ និងត្រូវបានដកចេញពីទីភ្នាក់ងារទាំងអស់រួមទាំងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលបានជះផលមិនល្អនៅក្នុងវិបត្តិបច្ចុប្បន្ន។

អ្នកសង្កេតការណ៍ខ្លះនិយាយថា ការវាយលុកជាសាធារណៈរបស់កោះតៃវ៉ាន់ហាក់ដូចជាបង្ហាញអំពីភាពឯកោការទូតដែលដាក់ដោយចិន ព្រោះវាទាក់ទងនឹងសុខភាពសាធារណៈ។ ចំណែកឯមន្ត្រីនិងអ្នកវិភាគបាននិយាយថា កង្វះសមាជិកភាពរបស់អង្គការសុខភាពពិភពលោកធ្វើឱ្យតៃវ៉ាន់ប្រឈមនឹងហានិភ័យនៃការបាត់ដំណឹងថ្មីៗពីជំងឺឆ្លង។

ផ្ទុយពីការលើកឡើងនេះ កោះតៃវ៉ាន់និយាយថា ខ្លួនអាចរកវិធីផ្សេងៗដើម្បីទទួលបានព័ត៌មាន។ ក្នុងនោះលោកស្រី Alex Chiang សាស្ត្រាចារ្យរងផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិមានប្រសាសន៍ថា បញ្ហារបស់អង្គការសុខភាពពិភពលោកគឺជានយោបាយច្រើនជាងតម្រូវការជាក់ស្តែង។ ទោះបីកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសុខភាពពិភពលោកក៏ដោយ ក៏នៅតែអាចទទួលបានព័ត៌មានផ្នែកសុខភាពពីកន្លែងជាច្រើនទៀតដែរ។ លោកស្រីមានប្រសាសន៍បន្តថា ប្រសិនបើគ្មានមធ្យោបាយណាមួយដើម្បីទទួលបានព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃវីរុសថ្មី ក៏ដូចជាមិនមានមធ្យោបាយចូលរួមពេញលេញនៅក្នុងស្ថាប័នសុខាភិបាលអន្តរជាតិទេនោះ នោះទើបអាចជាហានិភ័យខ្ពស់ពិតមែន។

កាលពីឆ្នាំ ២០១៦ យុទ្ធនាប្រឆាំងនឹងកោះតៃវ៉ាន់របស់ចិនចាប់ផ្ដើមតានតឹងខ្លាំង គឺនៅពេលដែលប្រធានាធិបតីតៃវ៉ាន លោក Tsai Ing-wen បានចូលកាន់តំណែង និងបានទាមទារឯករាជ្យពីប្រទេសនេះ។ រដ្ឋាភិបាលកុម្មុយនិស្តចិនព្យាយាមយកកោះតៃវ៉ាន់ដាក់ជាទឹកដីចិនពាក់កណ្តាលស្វយ័តហុងកុងនិងម៉ាកាវ ប៉ុន្តែប្រជាជនដីកោះនេះចេញមកតវ៉ាមិនយល់ព្រមឡើយ។

វីរុសថ្មី Covid-19 បានបណ្តាលឱ្យមនុស្សស្លាប់ជិត ១៥០០ នាក់នៅចិនដីគោកគិតត្រឹមថ្ងៃសុក្រនេះ។ ក្នុងនោះតៃវ៉ាន់បានរាយការណ៍ថាមាន ១៨ ករណីឆ្លងវីរុសនិងមិនមានអ្នកស្លាប់ឡើយ។

ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោក Tarik Jasarevic នៅទីក្រុងហ្សឺណែវបាននិយាយកាលពីថ្ងៃពុធថា អង្គការនេះកំពុងអនុញ្ញាតឱ្យកោះតៃវ៉ាន់ទទួលបានព័ត៌មានអំពីវីរុសនេះ ហើយកំពុងទទួលយកទិន្នន័យមេរោគពីកោះតៃវ៉ាន់សម្រាប់ការប្រើប្រាស់កាន់តែទូលំទូលាយ។ លោក Jasarevic បាននិយាយថា កោះតៃវ៉ាន់ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងវេទិកាវីរុសកូរ៉ូណាពិភពលោកនៅសប្តាហ៍នេះដែរ៕

 

ចុចអាន៖ ប្រធានអង្គការ WHO ផ្ញើសារអរគុណកម្ពុជាម្ដងទៀតសម្រាប់សាមគ្គីភាព និងមនុស្សធម៌ ក្រោយក្រសួងសុខាភិបាលប្រកាសពីលទ្ធផលពិនិត្យអ្នកដំណើរលើ​កប៉ាល់ Westerdam

ប្រែសម្រួល៖ សន្យា