BREAKING NEWS
Search

អាវុធហត្ថ​ក្រុង ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ ករណី​ឆក់​ទូរសព្ទ

ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ឈ្មោះ មុំ ណាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ចោរ​ឆក់ ដែល​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​១៥​នាទី បន្ទាប់ពី​រូបគេ រួមជាមួយ​នឹង​បក្ខពួក​ម្នាក់ទៀត (​រត់គេច​ខ្លួន​) បានធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើផ្លូវ នៅ​ចំណុច​មុខ​បន្ទាយ​កង​ពលតូច​ដឹកជញ្ជូន​៩៩ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។​

​ក្រោយពី​ឃាត់ខ្លួន ​ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា រូបគេ រួម​នឹង​បក្ខ​ពួក​ម្នាក់ទៀត (​រត់គេចខ្លួន​) ពិតជា​បានធ្វើ​សកម្មភាព​ឆក់ ទូរសព្ទ​ដៃ ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដង​ផ្លូវ នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន ដោយ​ប្រើ​មធ្យោបាយ​សម្រាប់​ឆក់​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ 1K-9523​។​

ជនសង្ស័យ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កន្លងមក​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩ រូបគេ និង ​ឈ្មោះ ហាក់ (​គេច​ខ្លួន​) បានធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ពី​ប្រជាពលរដ្ឋ​បាន​០១​គ្រឿង ម៉ាក Iphone 6 Plus ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​បានសម្រេច ហើយ​យក​ទៅ​លក់​បាន​ប្រាក់​៣០​ដុល្លារ​អាមេរិក​។​

បន្ទាប់ពី​ធ្វើការ​សួរចម្លើយ​ជនសង្ស័យ​រូបនេះ​រួច សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទ​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114