BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​ បន្ត​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០២០

ព្រៃវែង​ ៖ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រៃវែង​ បាន​បន្ត​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០២០ ក្រោម​ដឹកនាំ​ លោក ជា សុ​មេធី អភិបាលខេត្ត និង​លោកស្រី ដែល​មាន​ការចូលរួម​ពី​គណៈកម្មការ​រៀបចំ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ​លោក ជា សុ​មេធី អភិបាលខេត្ត ​ក៏បាន​ឲ្យ​គណៈកម្មការ ទាំង​៨ ដើម្បី​លើក​ឡើង​អំពី​គម្រោង​ផែនការ​សកម្មភាព​របស់​ខ្លួន ​និង​គម្រោង​ថវិកា​សម្រាប់​ធ្វើ​ការ​ចំណាយ​នៅ​ក្នុង​ការរៀបចំ​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០២០ នេះ ធ្វើ​យ៉ាង​ណា​រៀបចំ​ការងារ​នេះ​ឲ្យ​បាន​រលូន។​

​នៅក្នុង​នោះ​ដែរ ​គណៈកម្មការ​រៀបចំ​សោភ័ណភាព​សម្រាប់​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០២០ ក៏បាន​លើក​ឡើង​ពី​គម្រោង​ផែនការ​មាន​ដូចជា រដ្ឋបាល​ខ្លឹមសារ និង​ប្រតិកម្ម​រហ័ស ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ និង​តុប​តែង​រចនា ផ្គត់ផ្គង់ និង​ដឹកជញ្ជូន និង​ប្រតិបត្តិ​។

​ជាមួយគ្នានេះដែរ លោក ជា សុ​មេធី បាន​លើកឡើងថា ព្រឹត្តិការណ៍​សង្ក្រាន្ត​​ព្រៃវែង​ឆ្នាំនេះ ​នឹងធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ ​និង​ប្លែក​ភ្នែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​អញ្ជើញ​មក​ទស្សនា លេង​កម្សាន្ត​នៅក្នុង​សង្ក្រាន្ត​​ព្រៃវែង​ឆ្នាំ​២០២០ នេះ​។ ក្នុងនោះ​ក៏មាន​ការតុបតែង ភ្លើង តុបតែង​ខ្លោងទ្វារ តំបន់​ត្រជាក់ចិត្ត រៀបចំ​ស្តង់​នានា និង​មានការ​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ឆ្នាំ​២០២០ នេះ​។​

លោក​អភិបាលខេត្ត​ព្រៃវែង សង្ឃឹមថា សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០២០​នេះ បងប្អូន​ប្រជាពលរដ្ឋ ​នឹង​មក​លេង​ច្រើនជាង​ឆ្នាំ​កន្លង​ទៅនោះ​ផងដែរ​។ សូមបញ្ជាក់​ផងដែរ​ថា ​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​ សង្ក្រាន្ត​​​ព្រៃវែង ដែល​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​មកលេង​កម្សាន្ត​ប្រមាណ​២៣​ម៉ឺន​នាក់ ហើយ​ក្នុងឆ្នាំនេះ ​លោក​សង្ឃឹមថា ​ប្រជាពលរដ្ឋ​នៅ​មកលេង​កម្សាន្ត​នៅ​សង្ក្រាន្ត​​ព្រៃវែង​ឆ្នាំ​២០២០ នេះ​ កើន​ដល់ ២៤ ម៉ឺន​នាក់​។

លោក​អភិបាលខេត្ត បាន​លើកឡើងថា ចំពោះ​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំនេះ ក្នុង​គោលបំណង ​ដើម្បី​ផ្តល់​ភាពសប្បាយ រីករាយ ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ តាមរយៈ​ការ​រៀបចំ​ពិធី​សាសនា ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ទស្សនីយភាព​សិល្បៈ ល្បែង​ប្រជាប្រិយ​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ពី​ដូនតា ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ស្គាល់​កាន់​តែ​ច្បាស់ ពី​វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង របស់​ខ្មែរ​តាំងពី​បុរាណ​៕​


អត្ថបទ ៖ សៅ​គ្រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114