BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន៖ EBA មិន​​មែនជារឿង​គួរឱ្យ​ភ័យខ្លាចទេ តែ​ Covid-19 ទើបជារឿង​គួរ​ឱ្យភ័យ​

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៍​ថា ប្រព័ន្ធ​អនុគ្រោះពន្ធ EBA មិន​មែន​ជារឿងគួរឱ្យ​ភ័យខ្លាច​ទេ​ តែការឆ្លងរីករាយដាល​នៃ​វីរុស​  Covid-19 ទើប​ជារឿង​គួរ​​ឱ្យ​ភ័យ​ខ្លាច​។ ការ​​ភ័យ​ខ្លាច​​នៃ​ជំងឺ​ជំងឺនេះ​ ដែល​កំពុង​វាយប្រហារ​សេដ្ឋកិច្ច​ក្នុងតំបន់​​រួម​ទាំង​កម្ពុជា​ផង បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យទេសចរ ការដឹក​ជញ្ជូន និង​ការផ្គត់ផ្គង់វត្ថុធាតុដើមនៅតាមរោងចក្រសហគ្រាសមួយចំនួន​។

សម្តេចបានបន្ថែម​​ថា ជំងឺភ័យ​ខ្លាចដំបូង​បង្អស់​បានធ្វើ​ឱ្យម៉ាស​ឡើង​ថ្លៃ ទាំង​អ្នក​មិន​ត្រូវ​ពាក់ម៉ាសក៏ត្រូវពាក់ម៉ាស​ រហូត​ដល់​ព្រះមហាក្សត្រ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ព្រះអង្គមិន​ពាក់ម៉ាសផង បែរប្រជាពលរដ្ឋមួយចំនួនបាន​ពាក់ម៉ាស។ជាការពិតអ្នក​ជិះម៉ូតូគឺត្រូវពាក់ម៉ាសជៀសមិន​ផុត​ដើម្បីការពារធូលីដី តែអ្នកខ្លះមិន​ចាំបាច់ពាក់ម៉ាសផង ក៏ពាក់ដែរ។

សម្តេចលើក​​ឡើង​ទៀត​ថា ​តំបន់​អាស៊ាន​មិនចាំ​បាត់រង់ចាំ​វិបត្តិមក​ដល់​ទេ តែវាបាន​មក​ដល់​ទៅ​ហើយ​ បញ្ហា​គឺ​បណ្តាល​មកពីការខ្លាចជ្រុល។ ភ្ញៀវទេសចរអន្តរជាតិ នៅប្រទេសវៀតណាម​ ថៃ និង​កម្ពុជា​ជាដើមផង ​កំពុង​ដាំក្បាល​ចុះ ខណៈឆ្នាំ​មុន​កម្ពុជា​បា​នទទួល​ភ្ញៀវទេសចិនជាង២លាននាក់​។ “អញ្ចឹង​ទេ ចំណុចនេះគឺជាចំណុចវ៉ៃ​ប្រហារ​លើ​សេដ្ឋកិច្ច ក្នុងតំបន់ ហើយដំបូង​គេគឺសេវាទេសចរ​​ បន្ទាប់​មក​ស្អីទៀត​សេវាដឹក​ជញ្ជូន​ និងវត្ថុធាតុដើមសម្រាប់​ផ្គត់​ផ្គង់តាមរោងចក្រសហគ្រាស។ ដូចខ្ញុំនិយាយ​ក្នុងពិធីសម្ពោធ​ផ្លូវជាតិលេខ២​ ការបិទរោងចក្រណាមួយ​មិន​មែន​មកពី EBA នោះទេ​ អា EBA ហ្នឹង​វាចូលជាធរមាន​នៅខែ​សីហា​ឯណោះ ហើយ EBA មិនមែនជារឿងភ័យខ្លាចរបស់កម្ពុជាទេ តែ​អាកូរ៉ូណាទៅវិញទេ ប្រទេសមួយចំនួនបានបិទរោងចក្រហើយ ជាប្រទេសទទួល​វត្ថុធាតុដើមពីចិន​ តែយើង​សំណាងដោយសារ​បានទិញស្តុក​ទុក​មុន និង​​មិនបាន​បិទជើងហោះហើរ​ចិន​។ អញ្ចឹងតិចទៀត​ខោអាវឡើង​ថ្លៃ​ហើយ”។