BREAKING NEWS
Search

បើក​ការដ្ឋាន​ជីក​ដាក់​លូ​មុខកាត់​១​ម៉ែត្រ​កន្លះ​លើ​កំណាត់​ផ្លូវ​លេខ​៣៥១

​ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភព​ពី​លោក​ សំ សុធា​រី ប្រធាន​ការិយាល័យ​ផែនការ​និង​អភិវឌ្ឍន៍​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ​នេះ​ សាលា​ខណ្ឌ​ច្បារអំពៅ​បាន​បើក​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​កំណាត់​ផ្លូវ​លេខ​៣៥១(​ផ្លូវ​តាងូវ​)​ដែល​ផ្លូវ​នេះ​មិន​ទាន់​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅឡើយ​។

​លោក​ សំ សុធា​រី បាន​បន្ត​ថា​ ផ្លូវ​លេខ​៣៥១​នេះ ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​ឆ្ពោះ​មក​ផ្លូវ​ចូល​មន្ទីរពេទ្យ​នគរបាល​ដែល​មាន​ព្រំប្រទល់​សង្កាត់​និរោធ​ និង​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ហើយ​ការ​បើ​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នេះ​គឺ ​ចាប់​ផ្តើម​ឡើង​ពី​ផ្លូវ​ព្រែក​បារាំង​មកដល់​មុខ​សាលាសង្កាត់​និរោធ ​ដែល​មាន​ប្រវែង​១១៧៧​ម៉ែត្រ​។ ​លូ​ថ្មី​នេះ​មាន​ទំហំ​១​ម៉ែត្រ​កន្លះ​។

​លោក​ប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា ​ផ្លូវ​នេះ​បាន​សាងសង់​សង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១២​ដោយ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​ ប៉ុន្តែ​កាលពី​ស្ថាបនា​ដំបូង​គឺ​ ពុំ​បាន​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នោះ​ទេ​។​ ដូច្នេះ​ហើយ​ទើប​រាល់​រដូវវស្សា​ ត្រូវ​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លើង​មិនដែល​ខកខាន​ឡើយ​។

​បន្ទាប់ពី​សាលា​ខណ្ឌ​ច្បារអំពៅ ​បាន​បើក​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​ថ្មី​មុខកាត់​រហូតដល់​១​ម៉ែត្រ​កន្លះ​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​សប្បាយចិត្ត​ព្រោះ​អាច​រំដោះ​ទឹក​ចូល​ក្នុង​លូ​ដែល​ពី​ដើម​មក​មិន​ដែល​មាន​ទាល់តែសោះ​៕

អត្ថបទ៖ ន​រា​