BREAKING NEWS
Search

កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការងារ​បូម​ខ្សាច់​អនាធិបតេយ្យ និង​ការងារ​គ្រប់គ្រង​ទូក​ទេសចរណ៍ នៅ​តាម​ដង​ព្រែក​កំពង់បាយ​

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ទប់​ស្កាត់​ការងារ​បូម​ខ្សាច់​អនាធិបតេយ្យ នៅតាម​ដងព្រែក​កំពង់បាយ​។​ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី អភិបាលក្រុង​កំពត ស្រុក​ទឹកឈូ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់​ផង​ដែរ​។

ក្នុងឱកាស​នេះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ស្នើ​ឲ្យ​អភិបាលក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ចូលរួម​ត្រួតពិនិត្យ​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដោយ​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ច្បាប់​ត្រឹមត្រូវ ជាពិសេស​មិន​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ហួស​ពី​ការកំណត់​របស់​អាជ្ញាប័ណ្ណ​ឡើយ​។

​ជាមួយនេះ ​ពាក់ព័ន្ធ​នឹង​ទូក​ទេសចរណ៍ លោក​អភិបាលខេត្ត​ បាន​ជំរុញ​ដល់​ជំនាញ​ពាក់ព័ន្ធ​ត្រូវតែ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ទូក​ទាំងនេះ​ឲ្យ​ច្បាស់លាស់ និង​ជូន​លោក​អភិបាលក្រុង និង ប្រធាន​មន្ទីរ​ទេសចរណ៍ ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ទូក​ទេសចរណ៍ បម្រើ​សេវាកម្ម​ភោជនីយដ្ឋាន​ឡើយ ទោះ​មាន​អាជ្ញាប័ណ្ណ​បែបណាក៏ដោយ​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114