BREAKING NEWS
Search

ព្រឹទ្ធសភា ​បើក​កិច្ចប្រជុំ​រវាង​គណៈកម្មការ​អង្កេត​ ស្ដីពី​ការ​បោសសំអាត​ និង​ប្រឆាំង​អំពើពុករលួយ​ជា​មួយ​រដ្ឋបាល​ខេត្ត​

បន្ទាយមានជ័យ ៖ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី​១០ អង្កេត បោសសំអាត​ និង​ប្រឆាំង​អំពើពុករលួយ នៃ​ព្រឹទ្ធសភា បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ថា ​លោក​ចុះ​មក​បើក​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នេះ ​ស្ដីពី​ការ​បោសសំអាត​ និង​ប្រឆាំង​អំពើពុករលួយ ដើម្បី​សិក្សា ស្វែង​យល់ និង​ប្រមូល​ព័ត៌មាន​ ស្ដីពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ វឌ្ឍន​ភាព និង​បញ្ហា​ប្រឈម​នានា នៃ​ការអនុវត្ត​ច្បាប់ ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការរំលោភ​អំណាច ការ​កសាង​ឯកសារ​គតិយុត្តិ​ផ្សេង​ ដើម្បី​បង្កើន​ប្រសិទ្ធភាព តម្លា​ភាព និង​គណនេយ្យ​ភាព​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​សាល​ប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម លោក​អោម ​ចន្ថា អភិបាលរង​ខេត្ត និង ​ជា​អភិបាល​ខេត្ត​ស្ដីទី មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

ក្នុងនោះ លោក​អោន​ ចន្ថា​ បាន​ធ្វើការ​កោតសរសើរ​ដល់​ លោក ម៉ម ​ប៊ុននាង ​ប្រធាន​គណៈកម្មការ​ទី​១០ ​ដែល​បាន​ចុះមក​បើក​ការអង្កេត បោសសំអាត​ និង​ប្រឆាំង​អំពើពុករលួយ ក្នុង​ការងារ​អធិការ​កិច្ច ជា​ការ​ងារ​ដែល​លំបាក​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវ​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ក្នុង​កិច្ចការ​បច្ចេកទេស​អធិការកិច្ច និង​សមត្ថភាព​ច្បាប់ ព្រម​ទាំង​មាន​សីលធម៌​ស្អាតស្អំ​។

កន្លង​មក​នេះ ក្រសួង បាន​ចុះ​ធ្វើ​អធិការកិច្ច និង អង្កេត​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​ការរំលោភ​ដោយ​អំណាច និង​រួមចំណែក​ប្រឆាំង​អំពើពុករលួយ បាន​អង្កេត​ស្រាវជ្រាវ​នៅ​តាម​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ដោយ​បាន​រក​ឃើញ​ចំណុច​ខ្វះខាត និង​ភាព​អសកម្ម​មួយ​ចំនួន បាន​ធ្វើការ​កែតម្រូវ ដោយ​បាន​ធ្វើ​សេចក្ដីណែនាំ ជា​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ជូន​ដល់​បណ្ដា​អង្គភាព ដែល​មាន​បញ្ហា​ឲ្យ​កែលំអ​នូវ​រាល់​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ ជំរុញ​ប្រសិទ្ធភាព ផលិតភាព និង​គុណភាព​សេវា​សាធារណៈ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ពិត​ណាស់​កន្លងមក ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បាន​ខិតខំ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ការអនុវត្ត​នូវ​ភារកិច្ច​ទាំងនេះ មិន​អាច​ល្អឥតខ្ចោះ​នោះ​ទេ តែងតែ​មាន​ភាព​ខ្វះ​ចន្លោះ​ដោយ​ប្រការ​ណាមួយ​ដោយ​អ​ចេតនា ដោយ​កំហុស​បច្ចេកទេស ឬ​ដោយសារ​កម្រិតយល់ដឹង អំពី​ការ​អនុវត្ត​គោលនយោបាយ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​។

​ក្នុង​កិច្ចប្រជុំ​នោះ​ លោក ម៉ម ប៊ុននាង​ បាន​មានប្រសាសន៍​ដែរ​ថា ​តាមរយៈ​ការ​ធ្វើ​អធិការកិច្ច​នោះ គឺ​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ចំណុចខ្លាំង បញ្ហា​ប្រឈម​នានា ដែល​យើង​បាន​ជួបប្រទះ ហើយ​ដែល​ក្រុមការងារ​បាន​រក​ឃើញ និង​ផ្តល់​នូវ​អនុសាសន៍​ជា​មូលដ្ឋាន​សម្រាប់​កែលំអ​ឡើងវិញ ដែល​ជា​ការ​រួមចំណែក​លើកកម្ពស់​នូវ​ការអនុវត្ត​តួនាទី ភារកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ​គួរ​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម ​នៃ​ការអនុវត្ត​ច្បាប់​ ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ និង​ការ​រំលោភ​អំណាច លទ្ធផល ​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ពិនិត្យ​ស្ថានភាព​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយ​ប៉ែត​ ព្រមទាំង​សំណូមពរ​នានា​ដែល​អាជ្ញាធរ​ខេត្ត​បាន​ជួបប្រទះ​ក្នុង​ការ​អនុវត្ត​ការងារ​នា​ពេល​កន្លង​មក​ឲ្យ​បាន​ល្អ​ផង​ដែរ​៕


អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114