BREAKING NEWS
Search

ប្រជុំ ស្ដីពី​ការពិភាក្សា​ផ្ដល់​យោបល់ ក្នុង​ការ​រៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម ​នៅក្នុង​ក្រុង​កំពត​

កំពត ៖ ដោយ​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ​១១៣ អ​.​ន​.​ក្រ ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ក៏ដូចជា​ការពង្រឹង​ នៃ​ការប្រមូល​សំរាម នៅ​ក្នុង​ក្រុង​កំពត​ឲ្យ​មាន​ប្រសិទ្ធភាព ប្រកបដោយ​និរន្តរភាព​បន្ថែម​ទៀត​នោះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ នា​សាល​ប្រជុំ​សាលាខេត្ត លោក ជាវ តា​យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ដែលមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អភិបាលស្រុក​ទឹកឈូ និង អភិបាល​ក្រុង​កំពត ព្រមទាំង​ចៅសង្កាត់​ និង​មេឃុំ​មួយ​ចំនួន​ នៃ​ស្រុក​ទឹកឈូ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សាលា​ខេត្ត​មួយ​ចំនួន​ទៀត ​ស្ដីពី​ការងារ​រួម​ពិភាក្សា​ផ្ដល់​យោបល់​លើ​គម្រោង យន្តការ​ថ្មី ​នៃ​ការ​ប្រមូល​សំរាម​ក្នុង​ក្រុង​កំពត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ដាក់ចេញ​នូវ​របៀបវារៈ​លើ​គម្រោង​យន្តការ​ថ្មី​ចំនួន​២​សម្រាប់​ឲ្យ​សមាជិក​អង្គ​ប្រជុំ​ចូលរួម ពិភាក្សា​ផ្ដល់​យោបល់ ពិសេស​ គឺ​សម្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ ស្រុក​ ឃុំ ​សង្កាត់ និ​មួយៗ​ជ្រើសរើស​ក្នុង​គោលដៅ​ នៃ​ការប្រមូល​សំរាម​នៅក្នុង​ក្រុង​កំពត ក៏ដូចជា​ឃុំ​មួយ​ចំនួន​ជាប់ ក្រុង​កំពត​ ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងនោះ​រួមមាន​គឺ ​៖
ទី​១-​យន្តការ ដាក់ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​ប្រមូល​សំរាម​តាម​លំនៅដ្ឋាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់ និង ដឹកជញ្ជូន​ចាក់​នៅ​ទីលាន​សំរាម​ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន ​នៃ​សំរាម ប្រមូល​បាន​)​។​
ទី២-​យន្តការ ប្រគល់​ដាក់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង ដឹកជញ្ជូន​ដោយ​ផ្ទាល់ ទៅ​ចាក់​នៅ​ទីលាន​សំរាម ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន​ នៃ​សំរាម ប្រមូល​បាន​)។​

​ក្នុង​កិច្ចប្រជុំ​នេះ ​សមាជិក​ទាំងអស់​ ក៏បាន​ឯកភាព​គ្នា​រើស​យក​យន្តការ​ទី​២ ជា​មតិយោបល់​ឯកច្ឆន្ទ ពោល​គឺ​ការប្រគល់​ដាក់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង ដឹកជញ្ជូន​ដោយ​ផ្ទាល់ និង​ទៅ​ចាក់​នៅ​ទីលាន​សំរាម ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន​ នៃ​សំរាម ប្រមូល​បាន​)​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ​បញ្ហា​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ក៏ដូចជា​ឃុំ​មួយ​ចំនួន នៃ​ស្រុក​ទឹកឈូ​ជាប់​ក្រុង​កំពត យើង​សង្កេត​ឃើញ​ថា​ មានការ​យកចិត្តទុកដាក់​បាន​ល្អ​ប្រសើរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ ទោះបី​យ៉ាងនេះ​ក្ដី ក៏​នៅ​មិនទាន់បាន​ឆ្លើយតប​មាន​ប្រសិទ្ធភាព​នៅឡើយ ដោយ​សង្កេត​ឃើញ​នៅ​មាន​កម្រិត ដែល​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ ក៏ដូចជា​ការ​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​មានការ​យឺតយ៉ាវ ​និង​មាន​ចោល​សំរាម​តាម​ដង​ផ្លូវ​ជាយក្រុង​កំពត​ធ្វើឲ្យ​អាជ្ញាធរ​មានការ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​បញ្ហា​សំរាម​នេះ​។

​ដូច្នេះ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជំរុញ​របស់​ក្រសួងបរិស្ថាន​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​កំពត កិច្ច​ប្រជុំ​ពេលនេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​ដើម្បី​ដាក់​យន្តការ​ថ្មី សម្រាប់​អនុវត្ត​នៅ​ពេល​ខាងមុខនេះ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការ​ប្រមូល​សំរាម​នៅក្នុង​ក្រុង​កំពត ​ក៏ដូចជា​នៅ​ឃុំ​មួយ​ចំនួន នៃ​ស្រុក​ទឹកឈូ​ដែលជា​ប់​នឹង​ក្រុង​កំពត ទទួល​បាន​លទ្ធផល​ល្អ ដោយ​បញ្ចៀស​ការ​កកស្ទះ​សំរាម ​ឬ​ការ​ប្រមូល​យឺត​យ៉ាវ​ដូច​មុន​ទៀត​។

​លោក​អភិបាលខេត្ត​ ក៏បាន​ផ្ដាំផ្ញើ និង​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅពេល​យន្តការ​ថ្មី​ចាប់​ផ្ដើម​អនុវត្ត​នៅពេល​ខាងមុខនេះ​ ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​បានល្អ រវាង​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ ធ្វើ​យ៉ាង​ណា​ការប្រមូល​សំរាម​ឲ្យ​អស់ពី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ និង​បញ្ចៀស​ការ​ចោល​សំរាម​ពាសវាល​ពាស​កាល តាម​ដង​ផ្លូវ​ ឬ​សួន​សាធារណៈ​នៅ​ក្នុង​ក្រុង​កំពត​នេះ​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114