BREAKING NEWS
Search

វេជ្ជបណ្ឌិតវ័យក្មេង​សុខចិត្តពន្យារពេលរៀបការដើម្បី​ព្យាបាល​អ្នកជំងឺ Covid-19 ពេលនេះ​បានទទួលមរណភាព

ជនជាតិចិនជាច្រើននាក់កំពុងកាន់ទុក្ខជាថ្មីម្តងទៀតចំពោះការបាត់បង់អ្នកប្រយុទ្ធនៅក្នុងសមរភូមិប្រឆាំងនឹងវីរុស Covid-19 ។

តាមប្រភពព័ត៌មានពី People’s Daily របស់ចិនបានរាយការណ៍ថា លោក Peng Yinhua អាយុ ២៩ ឆ្នាំជាវេជ្ជបណ្ឌិតផ្នែកសួត ដែលបម្រើការនៅមន្ទីរពេទ្យ First People’s ក្នុងស្រុក Jiangxia នៃក្រុងអ៊ូហាន ខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានឆ្លងជំងឺកូរ៉ូណា Covid-19 អំឡុងពេលធ្វើការនៅជួរមុខប្រឆាំងនឹងវីរុសនេះ។

អ្នកលេងអ៊ីនធឺណេតមានការសោកសៅជាខ្លាំង បន្ទាប់ពីដឹងថាលោក Peng បានពន្យាពេលរៀបការដើម្បីការប្រយុទ្ធជាមួយនឹងជំងឺ។ ដោយសារតែការរីករាលដាលនៃវីរុសលោកវេជ្ជបណ្ឌិតបានពន្យាពេលរៀបការដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈ។ លោកមិនបានកក់កន្លែងសម្រាប់ពិធីមង្គលការ ឬមិនផ្ញើលិខិតអញ្ជើញចូលរួមពិធីមង្គលការរបស់លោកទេ។ លោកមិនទាំងបានចំណាយពេលឈប់សម្រាកជាមួយគូដណ្តឹងទៀតផង។

វេជ្ជបណ្ឌិត Peng ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី ២៥ ខែមករាហើយស្ថានភាពរបស់លោកកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានថ្ងៃក្រោយមក។ នៅថ្ងៃទី ១ ខែកុម្ភៈ ដែលជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក លោកត្រូវបានគេបញ្ជូនទៅអង្គភាពថែទាំកម្រិតធ្ងន់។ វេជ្ជបណ្ឌិតវ័យក្មេងរូបនេះ បានទទួលមរណភាពនៅម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ២០ ខែកុម្ភៈ ម្សិលមិញ។

អ្នកនិយមលេងអ៊ីនធឺណេតជនជាតិចិនជាច្រើនកំពុងកាន់ទុក្ខចំពោះមរណភាពរបស់លោក Peng Yinhua។ ពួកគេបានសម្ដែងក្ដីសង្ឃឹមថា បញ្ហាឆ្លងនិងស្លាប់នឹងមិនមាន ដល់បុគ្គលិកពេទ្យនៅជួរមុខទៀតឡើយ។

អ្នកជំងឺម្នាក់នៅឯមន្ទីរពេទ្យដែលស្គាល់លោកវេជ្ជបណ្ឌិតបាននិយាយថា “លោក Peng ជាមនុស្សរឹងមាំនិងសុទិដ្ឋិនិយម។ លោកគួរតែមានអនាគតនិងជីវិតប្រសើរជាងមុន។ ខ្ញុំពិតជាមិនចង់ឃើញគ្រូពេទ្យម្នាក់ទៀតស្លាប់ទេ”៕

ចុចអាន៖ ការសិក្សា៖ ការឆ្លងវីរុស Covid-19 ភាគច្រើនមានរោគសញ្ញាស្រាលនិងបានធ្លាក់ចុះតួលេខ

ប្រែសម្រួល៖ សន្យា