BREAKING NEWS
Search

រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ចុះ​រុះរើ​ផែ​ឈើ​កម្ទេចចោល សាងសង់​ខុសច្បាប់ លើ​ដី​ព្រៃ​លិច​ទឹក​

ព្រះសីហនុ​ ៖ ផែ​ឈើ​មួយកន្លែង ដែល​ទើប​ធ្វើការ​សាងសង់​​គ្មាន​ច្បាប់​អនុញ្ញាត​រំលោភបំពាន​លើដី​ព្រៃ​លិច​ទឹក​តំបន់​សហគមន៍ ​ស្ថិត​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ត្រូវបាន​មន្ត្រីរដ្ឋបាល​ជលផល ខេត្ត​ព្រះសីហនុ រួម​នឹង​កម្លាំង​សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលស្រុក​ស្ទឹងហាវ ​ចុះ​ធ្វើការរុះរើ កម្ទេច​ចោល​។​

ពាក់ព័ន្ធ​នឹង​សំណង់​ផែ​ឈើ​ខាងលើនេះ ត្រូវបាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អះអាងថា ជា​អ្នក​មើល​ការ​ខុសត្រូវ​ឲ្យ​ម្ចាស់​ផែ បាន​និយាយប្រាប់​ឲ្យ​ដឹងថា ចំណុច​ដែលបានសាងសង់​ផែ​នេះ គឺ​ថៅកែ​របស់​ខ្លួន​ទិញ​ពីមន្ត្រីសាលាស្រុកស្ទឹងហាវម្នាក់ ក្នុងតម្លៃ​៤០០០​ដុល្លារ ហើយ​ចំពោះ​ការសាងសង់ មុន​នឹង​ចាប់ផ្តើម​ក៏​ថៅកែ​របស់​ខ្លួន​បាន​សុំ​យោបល់​ពី​មន្ត្រី​សាលាស្រុក​ស្ទឹងហាវនោះ​ផងដែរ ដោយ មន្ត្រីសាលាស្រុករូបនោះនិយាយថា សាងសង់​បាន ពោល គឺ​មិនមែន​ចេះតែសាងសង់នោះទេ ប៉ុន្តែ សម្រាប់​ពេលនេះ ត្រូវបាន​មន្ត្រី​ជលផលតម្រូវឲ្យ​ធ្វើការរុះរើចេញវិញឲ្យ​អស់ និង​មិន​អនុញ្ញាតឲ្យ​ធ្វើការ​សាងសង់​សាជាថ្មី​ទៀត​នោះឡើយ​។

លោក ខៀវ ខា មន្ត្រីរដ្ឋបាលជលផល​ខេត្ត​ព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យ​ដឹងថា ម្ចាស់សំណង់ផែ​ឈើខាងលើនេះត្រូវបានមន្ត្រីរដ្ឋបាលជលផលចុះ​ធ្វើ​កិច្ចសន្យា​អប់រំ​ និង​មិន​អនុញ្ញាត​ឲ្យ​សាងសង់ ចំនួន២​លើក រួច​មកហើយ គឺ​តម្រូវ​ឲ្យ​បញ្ឈប់​ធ្វើការសាងសង់ ប៉ុន្តែ​ម្ចាស់ផែ​ឈើ​មួយ​នេះមិនបាន អនុវត្ត​តាមនោះទេ តែផ្ទុយទៅវិញនៅតែលួចធ្វើការសាងសង់បន្តរហូត ទើប​ពេលនេះ​រដ្ឋបាលជល ផល សម្រេចធ្វើការរុះរើ​កម្ទេចចោលតែម្តង​។ ក្នុងករណី បើ​ម្ចាស់ផែ​ឈើខាងលើនេះ នៅតែបន្ត សកម្មភាព​ រដ្ឋបាល​ជលផល នឹង​មានវិធានការតាមផ្លូវច្បាប់ប្តឹងទៅ​តុលាការតាម​នីតិ​វិធី​ច្បាប់​មិន​ឲ្យ​រួច​ខ្លួន​នោះទេ។

ជាមួយគ្នានេះ លោក ខៀវ ខា​ ក៏បាន​ធ្វើបញ្ជាក់បន្ថែមថា ដី​ចំណុចខាងលើនេះ ជា​ដីព្រៃ​លិច​ទឹក ជា​ដីសាធារណៈរបស់រដ្ឋ មិនអាច​ឲ្យ​បុគ្គល​ណា​ម្នាក់វាតទី​រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​បាន ទេ ហើយ​ការ​សាងសង់​សំណង់ផ្សេងៗ ក៏ដូចជា​សាងសង់សំណង់​ផែ ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ ​សាង​សង់​នោះ​ដែរ បើទោះជា​សុំច្បាប់​អនុញ្ញាត​ក៏ដោយ​។​

លោក គឹម ហាក់ ប្រធាន​សហគមន៍​ព្រៃ​លិច​ទឹកស្រុកស្ទឹងហាវ ក៏បាន​បញ្ជាក់ផងដែរថា ​អ្នក​ពាក់ព័ន្ធ​វាតទី​យក​ដីព្រៃ​លិច​ទឹក ភាគច្រើនជា​មនុស្ស​មាន​លុយ មានអំណាច មាន​បុណ្យស័ក្ដិ​ធំ មិន​ងាយ នឹង​ទប់ទល់ នោះឡើយ គឺត្រឹមលោក​ឋានៈប្រធាន​សហគមន៍​ការពារ​ព្រៃ​លិច​ទឹក គឺ ធ្វើការហាម ឃាត់គេ​មិន​ស្តាប់ទេ។

លោក គឹម ហាក់ បាន​បន្តទៀតថា ព្រៃលិច​ទឹកនេះ មាន​សារៈសំខាន់​ណាស់ ក្នុងការផ្តល់​ជា​ជម្រក ដល់​ជីវចម្រុះ ក្នុងការ​បន្ត​ពូជ ពង​កូន ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ក៏​រស់ពឹងផ្អែក​ជីវភាព​ប្រចាំថ្ងៃជាមួយ​នឹង​តំបន់ព្រៃ​លិចទឹក​នេះ​ផងដែរ គឺពួកគាត់ អាចចូល​ព្រៃ​លិចទឹក រាវចាប់ត្រី ចាប់ ក្តាម បង្គា​ជាដើម។

លោក គឹម ហាក់ បានបញ្ជាក់បន្ថែមថា ព្រៃ​លិច​ទឹក​សហគមន៍ ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខាង​លើ​នេះ​មាន​ទំហំ​ដី​ជាង​៣០០​ហិកតា​ ជា​ប្រភេទ​ដើម​កោង​កាង ​និង​ប្រភេទ​ព្រៃ​លិច​ទឹក​ផ្សេងៗ​ទៀ​តទៅ​ថ្ងៃ​អនាគត ​លោក​នឹង​ចង់​ប្រែក្លាយ​តំបន់​ព្រៃ​លិច​ទឹក​នេះ​ ជា​តំបន់​អេកូ​ទេសចរណ៍ ហើយ​លោក​កំពុងតែ​ស្វែងរក​ដៃគូ​មក​អភិវឌ្ឍន៍​ដែន​ជម្រក​ព្រៃ​លិច​ទឹក​នេះ ​ព្រោះ​ទីតាំង​នេះ​មាន​ទេស​ភាព​ល្អ​ស្អាត​តាមបែប​ធម្មជាតិ ​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​បង្កើន​ជីវភាព​រស់នៅ​រ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​សហគមន៍​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ប៉ុន្តែ​សម្រាប់​ពេលនេះ បើមិនមានការគ្រប់គ្រងឲ្យ​បាន​គង់វង្ស​ទេ​នោះ គឺ​ចប់​ហើយ៕​


អត្ថបទ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114