BREAKING NEWS
Search

ប្រជុំពិភាក្សា​វាយតម្លៃ​លើ​លទ្ធផល នៃ​ការសិក្សា​លទ្ធភាព​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឆ្លាត​វៃ ដើម្បី​គ្រប់គ្រង​តាមដាន​ដោយ​ស្វ័យប្រវត្តិ​នូវ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ ដឹកជញ្ជូន បាន​ដឹក​នាំ​កិច្ចពិភាក្សា វាយតម្លៃ​លើ​លទ្ធផល នៃ​ការសិក្សា​លទ្ធភាព​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឆ្លាត​វៃ ដើម្បី​គ្រប់គ្រង​តាមដាន​ដោយ​ស្វ័យប្រវត្តិ​នូវ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារ​ណៈ និង​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ កាលពី​ថ្ងៃ​សុក្រ ១៣ រោច ខែមាឃ ឆ្នាំ​កុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​

លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ បាន​រាយការ​ណ៍​សង្ខេប​អំពី​លទ្ធផល​ នៃ​ការសិក្សា គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ដែល​ត្រូវ​បាន​សិក្សា​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមក ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ ដោយ​ផ្ទាល់​ពី​លោក​ទេសរដ្ឋមន្ត្រី​។ គម្រោង​នេះ​ត្រូវបាន​សិក្សា ដើម្បី​អនុវត្ត​ចែកចេញជា​៣​ដំណាក់កាល​ធំៗ ដោយមាន​បំពាក់​កាមេរ៉ា​ឆ្លាត​វៃ AI (Artificial Intelligence Camera) និង​ជញ្ជីង​ស្វ័យប្រវត្តិ Weigh in Motion Sensor បង្កប់​លើ​គន្លង​ផ្លូវ ដើម្បី​ដឹង​ពី​ទម្ងន់​រថយន្ត​ឆ្លងកាត់ និង​ផ្តល់​សញ្ញា​មុនពេល​យានយន្ត​មកដល់​ស្ថានីយ ព្រម​ទាំង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​ការ​ថ្លឹង​រថយន្ត និង​ផាកពិន័យ ដែល​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លា​ភាព និង​គណនេយ្យភាព ក្នុង​ការចូល​រួមរឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​អំពី​សារៈសំខាន់ នៃ​ការដាក់បញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ក្នុងការ​ធ្វើកំណែទម្រង់​ឲ្យ​មាន​ភាពប្រសើរឡើង​នូវ​យន្តការ​គ្រប់គ្រង តាមដាន និង​រាយការណ៍​ដោយ​ស្វ័យប្រវត្តិ​រាល់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ទៅកាន់​សមត្ថកិច្ច​ពាក់​ព័ន្ធ ដើម្បី​ធានា​ទប់ស្កាត់​ផ្លូវ​ខូច​មុន​អាយុកាល និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នា​យុគ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។​

ជាមួយគ្នានេះ ​លោក​ទេសរដ្ឋមន្ត្រី​ បាន​ណែ​នាំឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ជំរុញ​គម្រោង​នេះ ដើម្បី​អាច​ដាក់​ដំណើរការ​សាកល្បង​នៅ​ស្ថានីយ​មួយចំនួន ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២០ មុននឹង​ដាក់ឲ្យ​ដំណើរ​ជា​ផ្លូវការ​ទាំង​២៨​ស្ថានីយ​ទូទាំង​ប្រទេស​ផង​ដែរ៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114