BREAKING NEWS
Search

ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២,២៩២ លាន​ដុល្លារ

ភ្នំពេញ ៖ លោក ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​មួយ​ជប៉ុន នៅ​ឆ្នាំ​២០១៩ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២,២៩២ លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មាន​ចំនួន​ទឹកប្រាក់​ជាង ១,៧២៩ លាន​ដុល្លារ និង​កម្ពុជា​នាំចូល​ពី​ជប៉ុន​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៥៦២ លាន​ដុល្លារ​។​

ការ​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី “Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting” រៀបចំឡើង​រវាង​ក្រសួងពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា​ឲ្យ​បាន​យល់ដឹង​កាន់តែ​ប្រសើរ​ឡើង​ពី​ឧស្សាហកម្ម​បច្ចេកវិទ្យា Software របស់​ជប៉ុន ក៏ដូចជា​ដើម្បី​លើកកម្ពស់​កិច្ចសន្ទនា និង​ជំនួប​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា​-​ជប៉ុន ដោយ​សិក្ខាសាលា​នេះ មានការ​ចូល​រួម​ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ ចែក​ជូន​នូវ​បទ​បង្ហាញ​ដ៏​មាន​សារៈសំខាន់​ដល់​សិក្ខាកាម​សរុប​ជាង ៧៣​នាក់។

លោក​អនុរដ្ឋលេខាធិការ បាន​ឡើង​ថ្លែង​បញ្ជាក់​ទៅកាន់ លោក Yasushi Ishida វាគ្មិន​ជាតិ​-​អន្តរជាតិ ព្រមទាំង​សិក្ខាកាម​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​សិក្ខាសាលា​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន នៅ​ឆ្នាំ​២០១៩ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២,២៩២ លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ចំនួន​ទឹកប្រាក់​ជាង ១,៧២៩ លាន​ដុល្លារ និង​កម្ពុជា​នាំចូល​ពី​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ជាង ៥៦២ លាន​ដុល្លារ​។

លោក​ ក៏បាន​ជម្រាបជូន​ពី​គម្រោង​វិនិយោគ​របស់​ជប៉ុន នៅក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ១៣៧​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​បង្គំ​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿង​បង្គំ​រថយន្ត និង​បរិក្ខារ​បច្ចេកទេស​ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូប​អាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប។

លោក​អនុរដ្ឋលេខាធិការ ក៏បាន​បន្ថែមទៀតថា ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (​ឧស្សាហកម្ម ៤.០) ដែល​សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​មួយចំនួន​ដូចជា ការ​បោះពុម្ព 3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេក​វិទ្យា​ជីវសាស្ត្រ ការ​គណនា​ធំៗ និង​ស្មុគស្មាញ ទំនើបកម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះ​ធ្វើ​ថ្មីៗ អំពី​ការគ្រប់គ្រង​ផលិតកម្ម​។ ឧស្សាហកម្ម ៤.០ ជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​វិស័យ​ផ្សេងៗ​ទៀត ជាមួយនឹង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព និង​អត្ថ​ប្រយោជន៍ ដើម្បី​ពង្រឹង និង​ជំរុញ​កំណើនសេដ្ឋកិច្ច ដោយមាន​ការប្រកួតប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភព​លោក ដែល​កំពុង​ធ្វើ​បដិវត្ត​ឌីជីថល ៤.០​។

លោក Yasushi Ishida តំណាង​ពី​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន បាន​ឡើង​ថ្លែង​សុន្ទរកថា ពី​ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ដែលមាន​សមាជិក​អាស៊ាន​ចូលរួម ក្នុង​គោលបំណង​បង្កើតឲ្យ​មាន សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល ការ​ពង្រឹង​សមត្ថភាព ទំនាក់ទំនង និង​ការសិក្សា​តាម​ប្រទេស​នីមួយៗ នៅ​ក្នុង​បណ្តា​សមាជិក​អាស៊ាន​។ លោក​ក៏បាន​បន្ថែមទៀតថា ការបង្កើត​ឲ្យ​មាន​សិក្ខា​សាលា​នា​ថ្ងៃនេះ មាន​កិច្ចសហការ​ជា​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ និង​គាំទ្រ​ក្នុង​ការ​រៀបចំ​សិក្ខា​សាលា​នេះ ដោយ​ជោគជ័យ និង​មាន​អត្ថប្រយោជន៍​ដល់​សិក្ខាកាម​ពី​បណ្ដា​ក្រុមហ៊ុន​ព័ត៌មានវិទ្យា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការជំរុញ​វិស័យ​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចែករំលែក​ព័ត៌​មាន ចំណេះដឹង និង​បទពិសោធន៍ ក្នុង​ការ​ជំរុញ​បច្ចេកវិទ្យា​ព័ត៌មាន​ នៃ​បដិវត្តន៍​ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ទី ៤ (​ឧស្សាហកម្ម ៤.០)​៕


អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114