BREAKING NEWS
Search

អាជ្ញាធរ​ខណ្ឌ​ដង្កោ​ ប្រើ​គ្រឿងចក្រ​​​​ ឈូស​ឆាយ​កើប​សំណល់​អាចម៍ដី​ខ្សាច់​ នៅ​តាម​ដង​ផ្លូវ

ភ្នំពេញ​ ៖​ ស្រប​ពេល​​​ខណ្ឌ​ដង្កោ​បច្ចុប្បន្ន​កំពុង​សម្បូរ​ទៅ​ដោយ​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ​​ចេញពី​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្តាល ដឹក​យក​ទៅ​ចាក់​នៅ​ទីតាំង​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ធ្វើ​ឲ្យ​ជ្រុះ​អាចម៍ដី​ខ្សាច់​រាយប៉ាយ​ពេញ​ផ្លូវ​នោះ, ​​អាជ្ញាធរ​ខណ្ឌ​ដង្កោ​សម្រេច​ប្រើ​គ្រឿងចក្រ​មួយ​គ្រឿង ធ្វើ​ការ​ឈូស​ឆាយ​កើប​អាចម៍​ដី​ខ្សាច់​ទាំង​នេះ។

ការ​ប្រើ​គ្រឿងចក្រ ​ហ្សា​ហ្ស័​រ​​​​ដើម្បី​ធ្វើ​ការ​ឈូស​ឆាយ​នេះ ​ធ្វើ​ឡើង ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​​កុម្ភៈ ឆ្នាំ​២០២០ ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ​​​​​ក្រោយ​ពី​មាន​រថយន្ត​ដឹក​ដី ខ្សាច់ មិន​ស្គាល់​ប្រភព​ជា​ច្រើន​​​គ្រឿង ​ធ្វើ​ចរាចរ​​ពី​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ឆ្លងកាត់​ពី​ផ្លូវ ណឹ​ម ម៉េង បន្ត​មក​ផ្លូវ 20A ហៅ​ផ្លូវ 104 នៅ​ជិត​សាលាសង្កាត់​គង​ន​យ ស្ថិតនៅ​ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា សកម្មភាព​បែបនេះ​រដ្ឋ​បាល​ខណ្ឌដង្កោ នឹង​បន្ត​ជាប្រចាំ និង​បាន​ណែនាំ​ក្រុមហ៊ុន រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ទាំងអស់នោះ ឲ្យ​ដឹកជញ្ជូន​ត្រូវ​តាម​ស្តង់ដារ បើ​មិន​អញ្ចឹងទេ អាជ្ញាធរ​នឹងមាន​វិធានការ​តាមច្បាប់​រដ្ឋបាល​ខណ្ឌ។​

សូមបញ្ជាក់​ឲ្យ​ដឹងថា ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បើកបរ​ចេញពី​រណ្តៅ​ដី ការដ្ឋាន​បូម​ខ្សាច់​ជាច្រើន​ទីតាំង នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដោយ​បើកបរ​ឆ្លងកាត់​សង្កាត់​ព្រែកកំពឹស សង្កាត់​គង​ន​យ និង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ភាគច្រើន​មិន​គ្រប​ឲ្យ​បានល្អ​នោះទេ។ ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នេះ ក៏​តែងតែ​បង្ក​ផលប៉ះពាល់ បរិស្ថាន​ទូទៅ ក៏ដូចជា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ផងដែរ ដោយសារ​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ជាពិសេស​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នេះ ភាគច្រើន គឺ​គ្មាន​ស្លាក​លេខ​ទៀតផង។

ចំពោះ​បញ្ហា​រឿង​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​នេះ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌដង្កោ កាលពី​កន្លងទៅ ដោយសារតែ​ទ្រាំ​មិនបាន​ទៅ​នឹង​សកម្មភាព​ដឹក​ដី​បំផ្លាញ​ផ្លូវ​សាធារណៈ និង​ប៉ះពាល់​បរិស្ថាន ពួកគាត់​ក៏បាន​ប្រតិកម្ម​សម្រេចចិត្ត​លើកគ្នា​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី ក្រុម​ហ៊ុន លី គឹម​ហេង , ​ក្រុម​ហ៊ុន ទ្រី សៀ​ម៉ី និង​ក្រុមហ៊ុន ៣​ទៅ​៤​ផ្សេងទៀត ​​បើកបរ​ឆ្លងកាត់​ក្នុងភូមិ​របស់​ពួកគាត់​បន្តទៀត។

មន្ត្រី​សាលាសង្កាត់​សាក់​សំពៅ​ធ្លាប់​ប្រាប់​ឲ្យ​ដឹក​ថា ម្ចាស់​ក្រុម​ហ៊ុន​ធំៗ ដែលមាន​រថយន្ត​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ​សាធារណៈ និង​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ មាន​ចំនួន ២ ក្រុមហ៊ុន​ធំៗ រួមមាន ក្រុម​ហ៊ុន លី គឹម​ហេង និង​ក្រុម​ហ៊ុន ទ្រី សៀ​ម៉ី និង​មាន ៣​ទៅ ៤​ក្រុម​ហ៊ុន​ផ្សេងទៀត​ផងដែរ បច្ចុប្បន្នកំពុង​បើកបរ​ដឹក​ដី​រថយន្ត​ដឹក​ដី​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌដង្កោ។ ជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​ពិបាក​រស់នៅ​ណាស់ ដោយសារ​មួយថ្ងៃៗ​ឃើញ​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង បាន​បើកបរ​ឆ្លងកាត់​ក្នុងភូមិ​របស់​ពួកគាត់​ក្នុង​ល្បឿន​លឿនៗ បង្ក​ឲ្យ​ដី​ហុយ​ទ្រលោម ពេលខ្លះ​ហូបបាយ​ស្ទើរ​មិនកើត ពីព្រោះ​ដី​ហុយ​ខ្លាំងពេក៕
​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114