BREAKING NEWS
Search

ជប៉ុន​ ជា​ដៃគូ​អភិវឌ្ឍន៍​ប្រកបដោយ​សក្ដានុពល​សម្រាប់​ ការ​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ដល់ពេល​បច្ចុប្បន្ន

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​សម្ដែង​ការគួរ​សម​ លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ៩​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០។​

លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​អំពី​ទំនាក់ទំនង​ល្អ​ប្រកបដោយ​ការ​រីកចម្រើន និង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណា​ចក្រ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​អំពី​ទំនាក់ទំនង​រឹងមាំ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដោយ​បាន​សង្កត់​ធ្ងន់​ថា ជប៉ុន​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ប្រកបដោយ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​។​

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ជម្រាប​ជូន​លោក​ឯកអគ្គរាជទូត អំពី​ការ​បំពេញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិស័យ​អាទិភាព​សំខាន់ៗ របស់​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន។

លើស​ពី​នេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សហការ​ជិតស្និទ្ធ​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ជាមួយនឹង​ក្រសួង​/​ស្ថាប័ន ទីភ្នាក់ងារ JICA និង​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ចក្រ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន (​កម្ពុជា​-​ថៃ​) និង​ចក្រ​ព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ (​កម្ពុជា​-​វៀតណាម​) ក្នុង​រយៈពេល​បី​ខែ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​។​

លោក​ឯកអគ្គរាជទូត បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​សកម្មភាព និង​កាយវិការ​មនុស្សធម៌ រាជ​រដ្ឋាភិ​បាល ក៏ដូចជា​ប្រជាជន​កម្ពុជា ចំពោះ​ការ​ទទួល​ស្វាគមន៍​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​បណ្ដា​ប្រទេស​ជាច្រើន​បដិសេធ​មិន​ឲ្យ​ចូល​ចត ដោយ​ភ័យខ្លាច​ពី​ការ​ឆ្លង​មេរោគ COVID-១៩៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114