BREAKING NEWS
Search

បទ​វិចារណកថា​ ៖ ជម្រាបសួរ​ ជា​ការ​គួរសម​ដែល​សុវត្ថិភាព​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

នៅក្នុង​អំឡុងពេល ​នៃ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០​ របស់​ក្រសួងសុខាភិបាល ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​គារវកិច្ច​គ្នា​ទៅវិញទៅមក ដោយ​ការ​លើកដៃ​សំពះ​ជម្រាប​សួរ ដែលជា​វប្បធម៌​ខ្មែរ ជាជាង​ការ​ចាប់ដៃ​ស្វាគមន៍​គ្នា ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង ​នៃ​វីរុស​កូ​រ៉ូ​ណា និង​ជំងឺ​ផ្លូវ​ដង្ហើម Covid-19​នោះ​។

«​យើង​ប្រើ​វិធីសាស្ត្រ​ហ្នឹង ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ខ្មែរ​អត់​ចាប់ដៃ​ទេ ប៉ុន្តែ​ប្រហែលជា​ចាប់ពី​ទសវត្ស​៧០​មក ក្រោយ​រដ្ឋប្រហារ ៥០​ឆ្នាំក្រោយ​នេះ​ទើប​ខ្មែរ​ចេះ​ចាប់ដៃ … ផ្អាក​ចាប់ដៃគ្នា​រហូត​ដល់​ផុត​អា​កូ​វីត​សិន ហើយ​ប្រើ​វិធី​សំពះ​លើកដៃ វា​ឆាប់​ជាង​ទៀត​។​» សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​។

ជាការ​ពិតណាស់ ដូច​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង វប្បធម៌​ស្វាគមន៍​គ្នា​របស់​ខ្មែរ គឺជា​ការសំពះ​ជម្រាបសួរ ដែលមាន​តាំងពី​យូរលង់​មកហើយ ប៉ុន្តែ​ដោយសារ​សកលភាវូបនីយ​កម្ម​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ចាប់ផ្តើម​ចាប់ដៃ​ស្វាគមន៍​គ្នា ដោយ​មិន​គិត​អំពី​វ័យ​នោះឡើយ​។

កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ រួម​ទាំង​ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​កំពុង​តែមាន​បញ្ហា​ នៃ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​យ៉ាង​គំហុក​នោះ អនុវត្ត​តាម​ដំបូន្មាន និង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ស្វាគមន៍​គ្នា​ទៅវិញទៅមក ដោយ​ការ​លើកដៃ​ជម្រាបសួរ ជាជាង​ចាប់ដៃ​រលាក់​នោះ​។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស កាសែត​កម្ពុ​ជាថ្មី យល់​ឃើញ​ថា ការ​លើកដៃ​ជម្រាបសួរ​គ្នា មិន​គ្រាន់តែ​ជួយ​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា និង​ ជំងឺ​Covid-19​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ហាញ​ដល់​ជនបរទេស​នូវ​អត្តសញ្ញាណ និង​ប្រពៃណី​ជនជាតិ​ខ្មែរ ថា​ជាតិ​សាសន៍​មួយ​ដែល​មាន​វប្បធម៌​ដ៏​រុងរឿង​ទៀត​ផង​។

គួរ​បញ្ជាក់ថា បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដែលមាន​ប្រពៃណី​ស្វាគមន៍​គ្នា​ដោយ​ការ​ចាប់​ដៃ​រលាក់​នោះ ក៏​កំពុង​សំណូមពរ​ប្រជាពលរដ្ឋ​របស់គេ​ឲ្យ​ផ្អាក​ការ​ចាប់ដៃគ្នា​មួយរយៈ ដើម្បី​ទប់​ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​ នៃ​វីរុស​គូ​រ៉ូ​ណា​ថ្មី និង​ជំងឺ Covid-19​នេះ។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការងារ​អាទិភាព​សម្រាប់​ប្រទេស​កម្ពុជា ពេល​នេះ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​ជំងឺ Covid-19 ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ត្រៀមខ្លួន​ទប់ទល់ ប្រសិនបើជា​ជំងឺ Covid-19​នេះ ឆ្លង​មកដល់​ប្រទេស​កម្ពុជា ជាថ្មី​ម្តង​ទៀត​នោះ​។​

«​ខ្ញុំ​សូម​ប្រកាស​នៅទីនេះ​ថា កិច្ចការ​របស់​យើង នៅពេល​កន្លងទៅ​ចាប់ផ្តើម​ពី​ផ្ទុះ​កូ​រ៉ូ​ណា​ថ្មី​នេះ រហូត​ដល់​ពេលនេះ និង​រហូត​ដល់ពេល​បញ្ចប់​ នៃ​ជំងឺ​កូ​វីត​១៩​នេះ ការងារ​អាទិភាព​ខ្ពស់បំផុត​របស់​កម្ពុជា គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត នេះ​ជា​ការណ៍​ដែល​យើង​ត្រូវធ្វើ​ទាំងអស់គ្នា​។​» សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​។

ទន្ទឹមនឹងនេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់បន្ថយ​ការចំណាយ​ប្រមាណ​៥០​ភាគ​រយ​របស់​ក្រសួង​ស្ថាប័ន​នានា លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​កាត់បន្ថយ​ត្រឹម​២៥​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្ដេច ​បាន​ប្រកាស​ថា ប្រាក់​បៀវត្សរ៍​មន្ត្រីរាជការ​ទាំង​អស់មិ​ន​ត្រូវបាន​កាត់​ឡើយ ដោយ​ការ​កាត់​នេះ​មានដូចជា​ចំណាយ​សម្រាប់​ការ​ចេញ​ទៅ​ក្រៅប្រទេស និង​គម្រោង​មួយចំនួនទៀត​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្នាក់ក្រោម​ជាតិ ​ក៏មាន​ភារកិច្ច​ដាក់​ចេញ​នូវ​ការងារ​អាទិភាព​ទី​១ បើទោះបីជា​មានការ​កាត់​កង​ពី​វិស័យ​ដទៃ ហើយ​មក​ប៉ះប៉ូវ​ឲ្យ​ការ​ចំណាយ​វិស័យ​សុខា​ភិ​បាល ដោយ​ការចំណាយ​ទាំងឡាយ​ត្រូវធ្វើ​ចំពោះតែ​កិច្ចការ​ចាំបាច់​តែប៉ុណ្ណោះ​។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ក្រសួងសុខាភិបាល គឺជា​អ្នក​នាំមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​នេះ ចំណែក​នាយករដ្ឋមន្ត្រី​ គ្រាន់តែ​ជា​ការ​សម្រេច​លើ​នយោបាយ​ប៉ុណ្ណោះ​។

ជាការ​ពិតណាស់ ដូច​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​កិច្ចការ​សំខាន់​មួយ​របស់​រាជរដ្ឋា​ភិបាល គឺ​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​អនាម័យ​រាងកាយ ហើយ​មិន​ត្រូវ​ភ័យខ្លាច ឬ​មានការ​រើសអើង​ឡើយ ហើយ​បើសិនជា​ប្រជាពលរដ្ឋ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ទោះជា​នៅ​ខេត្ត​ណាមួយ​ក្តី ចាំបាច់​ត្រៀម​បម្រុង ជួយ​ដល់​ពួកគេ​ផង​ដែរ​។

ទោះបីជា​យ៉ាងណាក្តី កាសែត​កម្ពុ​ជាថ្មី សូម​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ​នានា​តាម​ថែរក្សា និង​ការពារ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស ឲ្យ​បាន​ចៀស​ផុតពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​ជំងឺ Covid-19 នេះ​។ ថ្នាក់​គ្រប់គ្រង និង​អ្នកសារព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី សូម​លើកដៃ​ជម្រាបលា​ប្រិយមិត្ត​អ្នកអាន​ត្រឹមនេះ​សិន​ចុះ​!៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114