BREAKING NEWS
Search

តារា​ខ្មែរ​មួយ​ក្រុម ​ប្រកាស​ចែក​ក្រមា​៨​ពាន់​ក្រមា​ ដោយ​ឥត​គិតថ្លៃ​ នៅ​ខេត្ត​សៀមរាប​

សៀមរាប ​៖​ ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ​ដែល​ដំណើរ​កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​អង្គរ​នោះ​ សិល្បករ​-​សិល្ប​ការិនី​ខ្មែរ​មួយក្រុម​ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២០​នេះ ​នឹង​រួមគ្នា​ចែក​ក្រមា​ខ្មែរ​ចំនួន​៥​ពាន់​ក្រមា​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ពួកគាត់​។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ លោក អ៊ឹម ជីវ៉ា​។

ចំពោះ​គោលបំណង​ នៃ​ការចែក​ក្រមា​ដោយ​ឥតគិតថ្លៃ​នេះ​ ត្រូវ​បាន​លោក​បញ្ជាក់​ថា ​ទី​១,​ចង់​បំផុស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ជាពិសេស​អ្នក​រស់​នៅ​ខេត្ត​សៀមរាប ​កុំឲ្យ​មានការ​ភ័យខ្លាច​នឹង​ជំងឺ Covid 19 ឬ​កុំ​បាក់​ទឹកចិត្ត​មិន​ហ៊ាន​ចេញទៅ​ណា​មក​ណា។ ​២,​ដើម្បី​កុំឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​បំភ្លៃ​ការពិត​មួយចំនួន​ដែល​បាន​ផុស​ខុសពី​ការពិត​ ដែល​មាន​ចេតនា​បំពុល​សង្គម​ខ្មែរ។ ៣,​សុំ​ឲ្យ​បងប្អូន​រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត​ល្អ​គ្រប់​ពេលវេលា ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ ឬ​ទឹកស្អាត​ឲ្យ​បាន​ញឹកញាប់​ពេល​ទៅ​ក្រៅ​ ឬ​មក​ផ្ទះ។​ ៤,​សុំឲ្យ​បងប្អូន​តាមដាន​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់​ជាក់លាក់​ណាមួយ​ដោយ​ត្រូវ​តាមដាន​ព័ត៌មាន​ផេ​ក​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដែលមាន​ផេ​ក​ សម្ដេច​តេ​ជោ ហ៊ុន សែន ​និង​ផេ​ក​ក្រសួងសុខាភិបាល​កម្ពុជា​ជាដើម​ និង​ ៥ ,​ការចែក​ក្រមា​នេះ ​គឺ​ចង់​បំផុស​ឲ្យ​បងប្អូន​អាច​ប្តូរ​ពី​ការ​ប្រើ​ម៉ាស់ ​មក​ជំនួស​ដោយ​ប្រើ​ក្រមា​ខ្មែរ​វិញ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​បន្ថែម​ថា សកម្មភាព​នេះ គឺ​ធ្វើ​ឡើង​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ប្រើ​ក្រមា​ខ្មែរ​វិញ។ ​សម្តេច​តេ​ជោ ក៏បាន​មានប្រសាសន៍​ដោយ​ប្រើ​ពាក្យ​ស្លោ​កថា​ ក្រមា​​ខ្មែរ​ថែ​សុខភាព​។ ​

លោ​ក អ៊ឹម ជីវ៉ា ថា​ សម្រាប់​លោក​ គឺ​មិនមាន​ការ​ភិតភ័យ​ខ្លាច​ឆ្លង​ជំងឺ​Covid19​ឡើយ ​ហើយ​បើ​យើង​មិន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុល​សង្គម​ទេ វា​នឹង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់​ក្នុង​សង្គម​ថែមទៀត​៕


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114