BREAKING NEWS
Search

អេ​ឡិច ចាន់​ត្រា ត្រូវ​ម្ចាស់​ដើមការ​ជាង​១០​រោង​ សុំ​លើក​ពន្យារ​ពេល​រហូត​ស្ងប់ស្ងាត់​ជំងឺ​កូវីត១៩

​ភ្នំពេញ​ ៖​ តារា​សម្តែង​និង​ចម្រៀង​ប្រុស​លោក អេ​ឡិច ចាន់​ត្រា ជាមួយ​ការចូលរួម​អំពាវនាវ​ឲ្យ​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​វ័យ​ មានការ​ប្រុង​ប្រយ័ត្ន​និង​ថែរក្សា​ការពារ​អនាម័យ​បាន​ខ្ពស់​នោះ​ លោក​ក៏បាន​បញ្ជាក់​ថា​ សម្រាប់​ការងារ​សិល្បៈ​ ដែល​ត្រូវ​ចេញ​ច្រៀង​-​សម្តែង​នៅ​តាម​មង្គលការ​មួយ​ចំនួន​ពេលនេះ ​ត្រូវ​បាន​ម្ចាស់​កម្មវិធី​សម្រេច​សុំ​លើក​ពន្យារ​ពេល​រហូត​ជំងឺ​នេះ​បាន​ស្ងប់ស្ងាត់​។

​ផ្អែក​តាម​ការ​រៀបរាប់​របស់​តារា​ប្រុស​រូប​សង្សារ​លោក អេ​ឡិច ចាន់​ត្រា បាន​ឲ្យ​មហាជន​ដឹង​ដូច្នេះ​ថា កូវីដ១៩ ​អ្នក​ប្រល័យ​ការងារ​ពួក​ខ្ញុំ​អស់ហើយ​ ថ្ងៃនេះ​គ្រាន់តែ​ទទួល​ទូរស័ព្ទ របស់​ម្ចាស់​ដើមការ​ជាង​១០​រោង​ពន្យារ​ពេល​រៀបការ។​ កូនចៅ​ខ្ញុំ​ម្នាក់ៗ និយាយ​ថា​ធ្វើ​ម៉េច​ទៅ​មេ​បើ​ការងារ Cancel ច្រើន​អញ្ចឹង​មាន​លុយ​ឯណា​បង់​ធនាគារ​។ ទោះបីជា​យ៉ាង​នេះ ​ក៏​ពិត​មែន​តារា​ប្រុស​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ​ធ្វើ​ម៉េច​បើ​អញ្ចឹង សឹង​ទាំង​អស់​គ្នា​នឹង​គិត​ទ្បើង​ដុះ​សក់​ខ្លួនឯង​និង​សំខាន់​ចូលរួម​ថែរក្សា​សុខភាព​និង​អនាម័យ​ផង​ណា​មិត្តភក្តិ​បងប្អូន​និង​ហ្វេ​ន​ទាំងអស់គ្នា​។ ​

​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០២០​ កម្ពុជា​ថ្មី​មិន​អាច​ទាក់ទង​ ដើម្បី​សូម​ការ​សួរ​នាំ​បន្ថែម​ពី​លោក អេ​ឡិច ចាន់​ត្រា បាន​នៅឡើយ​ទេ​ខណៈ​ ដែល​លោក​ក៏បាន​អំពាវនាវ​ឲ្យ​មហាជន​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ផង​នោះ​។

​សូមបញ្ជាក់​ថា ​ជា​វិធានការ​នៃ​ចូលរួម​ការពារ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នោះ​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ដោយ​យោង​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ​សូម​ឲ្យ​មាន​ការ​ផ្អាក​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​តាម​ទីធ្លា​សាធារណៈ​ ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​កុះករ​ចាប់ពី​ថ្ងៃ​ទី​១៧ ​ខែ​មីនា ឆ្នាំ​២០២០​រហូត​ដល់ពេល​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល​៕

អត្ថបទ៖ ចាន់​រ៉ា