BREAKING NEWS
Search

លោក ហ៊ុន ម៉ា​ណែ​ត ផ្តាំ​ផ្ញើ​ឱ្យ​ពលទាហាន​ថ្មី យកចិត្តទុកដាក់​លើ​គ្រប់​ភារកិច្ច​ក្នុង​រយៈពេល​ហ្វឹកហ្វឺន ដើម្បី​ទទួលបាន​ជោគជ័យ

ភ្នំពេញ ៖​ ការលើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បែបនេះ នៅ​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល ជាមួយ​ពលទាហាន​ថ្មី ដែល​ទើបត្រូវ​បានជ្រើសរើស​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក ឆ្នាំ​២០២០ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កងឯកភាព​ហ្វឹកហ្វឺន កងពលធំ​អន្តរាគមន៍​លេខ​២ (​ខេត្តសៀមរាប​) និង​នៅ​សាលា​ពលទាហាន​ទី​៥ យោធភូមិភាគ​ទី​៥ (​ខេត្តបាត់ដំបង​), កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។​

ថ្លែង​ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​សិក្ខាកាម​ពលទាហាន​ថ្មី ដែល​បាន​ខិតខំ​ហ្វឹកហ្វឺន ហើយ​តស៊ូ​លត់ដំ​មកដល់ ពេលនេះ បន្ទាប់ពី​ការផ្ទេរ​ជីវភាព​ពី​ជន​ស៊ីវិល ចូលមក​រស់នៅក្នុង​ជីវិត​ជា​កងទ័ព​។ នេះ​ក៏ដោយ​សារ​យើង​ម្នាក់ៗ​មាន​ឆន្ទៈ​ស្ម័គ្រចិត្ត​មោះមុត បូកផ្សំ​នឹង​ការលើកទឹកចិត្ត​របស់​ក្រុមគ្រួសារ​ញាតិមិត្ត ហើយក៏​បញ្ជាក់បាន​អំពី​ការយល់ដឹង​អំពី​តម្លៃ​នៃ​ឱកាស​ដែល​ទទួលបាន ក៏ដូចជា​ភាពជោគជ័យ​ទៅមុខ​មួយ​ជំហាន​ទៀត ដែលជា​មោទនភាព​របស់​ឪពុក​ម្តាយ ព្រោះថា​ជា​ឱកាស​ដែល​បានមក​ដោយ​មិន​ងាយស្រួល​ឡើយ គឺ​ត្រូវ​ឆ្លងកាត់​ការជ្រើសរើស​សម្រិតសម្រាំង​វាយតម្លៃ​របស់​គណៈកម្មកា​រ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ​ជាច្រើន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​ថ្នាក់ដឹកនាំ​កងទ័ព ជើងគោក តែង​បាន​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​កងទ័ព ដោយ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ តែង​បាន​ខិតខំ​ពង្រឹង​ការងារ​ធានា​ផ្គត់ផ្គង់​ឱ្យបាន​កាន់តែ​ល្អប្រសើរ ហើយ​ចំពោះមុខ​នេះ កំពុង​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ពលទាហាន​ថ្មី ដែលមាន​ស្មារតី និង​ឆន្ទៈ​នៅក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ទទួលបាន​នូវ​ការហ្វឹកហ្វឺន​បំពាក់បំប៉ន​ជំនាញ​គ្រប់គ្រាន់ និង​ការផ្គត់ផ្គង់​ធានា​គ្រប់គ្រាន់​។ ដូច្នេះ​ពលទាហាន​ថ្មី​ទាំងអស់​ត្រូវខិតខំ​បង្កើន​ស្មារតី​តស៊ូ​ហ្វឹកហ្វឺន​រៀនសូត្រ និង​ពង្រឹង​ទឹកចិត្ត​ឱ្យ​កាន់តែ​រឹងមាំ ឱ្យ​ស័ក្ដិសម​នឹង​ការបង្ក​លក្ខណៈ​លើកទឹកចិត្ត​ឧបត្ថម្ភ​ទំនុកបម្រុង​របស់​ថ្នាក់ដឹកនាំ​។​

​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ពលទាហាន​ថ្មី ជា​បច្ចុប្បន្ន​នៃ​កងទ័ព ហើយក៏​ជា​អនាគត​នៃ​កងទ័ព​។ ដូច្នេះ វគ្គ​ហ្វឹកហ្វឺន​រយៈពេល​៣​ខែ​នេះ ទោះបី​មាន​រយៈពេល​ខ្លី ប៉ុន្តែ​គឺជា​វគ្គ​មូលដ្ឋាន​នៃ​ការ​លត់​ដំ​កាយសម្បទា និង​ការពង្រឹង​ស្មារតី​តស៊ូ​អំណត់​ព្យាយាម ព្រោះ​យើង​ម្នាក់ៗ មានលទ្ធភាព​បំពេញការងារ​ច្រើន​គ្រប់ ជំពូក ប៉ុន្តែ​ត្រូវមាន​កត្តា​ជំរុញ​ពី​ខាងក្រៅ ដើម្បី​បង្កើត​ទម្លាប់​បំបាត់​ការសង្ស័យ​ខ្លួនឯង ធ្វើឱ្យ​ចិត្ត​ក្លាហាន​ជឿទុកចិត្ត​ខ្លួនឯង និង​ជឿថា​យើង​ធ្វើបាន ក៏ដូចជា​របៀបរបប​បំពេញការងារ​របស់​ក​ង​ទ័ព ដែល​តម្រូវឱ្យ​ចេះ​ធ្វើការ​រួមគ្នា​ជា​សមូហភាព សហការគ្នា បង្កើត​មិត្តភាព សាមគ្គីភាព ចេះ​ជួយ​យកអាសា​គ្នា ចេះ​ទទួលខុសត្រូវ​ទាំង​ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុម ម្ចាស់​ការគោរព​ច្បាប់​វិន័យ​ក្រឹត្យក្រម មាន​ឋានានុក្រម​ការងារ​ច្បាស់លាស់ បូក​ជាមួយនឹង​ចំណេះដឹង​ផ្នែក​យុទ្ធវិធី ដើម្បី​បម្រើ​តម្រូវការ​ផ្នែក​សមត្ថភាព របស់​ពលទាហាន​ថ្មី​នៅក្នុង​ការបំពេញ​ការងា​រ​ក្នុង​គ្រប់​កាលៈទេសៈ ឈានទៅ​សម្រេច​ភារកិច្ច​រួម​។

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់​លើ​គ្រប់​ភារកិច្ច ដែល​ត្រូវបំពេញ​ក្នុង​រយៈពេល​ហ្វឹកហ្វឺន​នេះ ដើម្បី​ទទួលបាន​ជោគជ័យ​របស់​ម្នាក់ៗ និង​របស់​វគ្គ​ហ្វឹកហ្វឺន​ទាំងមូល ដោយ​ត្រូវគោរព​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ទាំង​វិន័យ​សាលា វិន័យ​ប្រចាំ​វគ្គ និង​ដំបូន្មាន​របស់​យោធា​ចា​រ្យ ជាពិសេស​ការណែនាំ​អំពី​បទដ្ឋាន​ផ្សេងៗ​នៅ​ទី​លើ​លាន និង​សម្រាប់​ការហាត់​កាយសម្បទា ដើម្បី​ធានា​សុវត្ថិភាព ហើយក៏​ត្រូវយក​ឱកាស​បង្កើត​ចំណងមិត្តភាព សាមគ្គីភាព និង​អនុស្សាវរីយ៍​ឱ្យបាន​រឹងមាំ​យូរអង្វែង ក្នុងនាម​ជា​កងទ័ព​តែមួយ នៅក្រោយពេល​បញ្ចប់​វគ្គ ហើយ​ទទួលបាន ការចាត់តាំង​ទៅ​បម្រើ​ការងារ​នៅតាម​បណ្តា​អង្គភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ​កង ពល​ធំ​អន្តរាគមន៍​លេខ​២ ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ថ្នាក់ដឹកនាំ​សាលា​ពលទាហាន​ទី​៥ គណៈ​គ្រប់គ្រង​វគ្គ ក្រុម​យោធា​ចា​រ្យ ដែល​បាន​យកចិត្តទុកដាក់​ដឹកនាំ​រៀបចំ​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​នេះ និង​សូម​ជូនពរ​ឱ្យ​បញ្ចប់​ដោយ​សុវត្ថិភាព​, ប្រសិទ្ធភាព និង​ទទួលបាន​នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​ពលទាហាន​ថ្មី​ទៅ​បំពេញ ភារកិច្ច​ក្នុង​ជួរ​កងយោធពល​ខេ​រម​ភូមិន្ទ​យើង​៕
សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114