BREAKING NEWS
Search

ព្រឹក​នេះ​ សម្ដេច​តេ​ជោ អញ្ជើញ​ជួប​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​១៩ ចំនួន​៤២២​នាក់ ​នៅ​វិមាន​សន្តិភាព​

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​នេះ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​សម្ដេច​តេ​ជោ​ប្រឆាំង​កូ​វីដ​១៩ ប្រមាណ​ជាង​៤២២​នាក់ ​នៅ​វិមាន​សន្តិភាព។

ជំនួប ​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​ក្រុម​គ្រូពេទ្យ​សម្ដេច​តេ​ជោ​នៅថ្ងៃនេះ​ ធ្វើឡើង​នៅ​វិមាន​សន្តិ ភាព​ គឺជា​ការ​ផ្តល់​ការណែនាំ​ និង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ ដែល​បាន​ស្ម័គ្រចិត្ត​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​

កាលពីពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ពេទ្យ ​ក៏ដូចជា​សិស្ស និស្សិត​ ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ក្រោយ​ការ​អំពាវនាវ​នេះ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដែល​មាន​ លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នោះ ក៏បាន​ចេញ​មក​អំពាវនាវ​បន្ត​ផង​ដែរ​។​

​តាមរយៈ​ការ​អំពាវនាវ​នេះ​ មាន​អ្នក​ប្រកប​វិជ្ជាជីវៈ​ពេទ្យ សិស្ស និង​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា និង​កំពុង​សិក្សា ក៏បាន​ដាក់ពាក្យ​ចូលរួម​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់។ ក្រោយ​បាន​ទទួល​អ្នកស្ម័គ្រចិត្ត​ហើយ​នោះ​ សមាគម​គ្រូពេទ្យ​យុវជន​សម្ដេច​តេ​ជោ ក៏បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល ​និង​បំពាក់បំប៉ន​បច្ចេកទេស​បន្ថែម​ទៅលើ​ការ​បង្ការ និង​ត្រួតពិនិត្យ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​នេះ។​

គិត​មកដល់​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០ កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ចំនួន​៩១​នាក់​ ក្នុង​នោះ​ស្រី​២២​នាក់ ​ប្រុស​៦៥​នាក់។ អ្នក​ឆ្លង​នេះ​រួមមាន ​៖ ជនជាតិ​ចិន១​នាក់​, អង់គ្លេស៣នាក់​, កាណាដា​១​នាក់​,​បែលហ្ស៊ិក​១​នាក់​, បារាំង​៣៤​នាក់ ,​ទារក​អាយុ​៤​ខែ​១​នាក់​, ម៉ាឡេស៊ី១២នាក់ និង​ខ្មែរ៣៥​នាក់​។
ក្នុង​ចំណោម​អ្នក​ឆ្លង៨៧​នាក់​នេះ បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន​៦​នាក់​រួមមាន​ បុរស​ជនជាតិ​ចិន ស្ត្រី​ជនជាតិ​អង់គ្លេស ​និង​ខ្មែរ​៤នាក់៕​


អត្ថបទ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114