BREAKING NEWS
Search

​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​​បង់ក្លាដេស ​អាច​ជា​កន្លែងប្រឈម​ខ្លាំង​​សម្រាប់​វីរុសកូវីដ១៩

ទឹក​ស្អុយ​និង​ផ្ទាំង​ក្រណាត់​រញ៉េរញ៉ៃ​ រនាប​ឫស្សី​ដែល​បាន​ផ្ទុក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន ១ លាន​នាក់​នៅ​បង់ក្លាដេស​រស់នៅ ​គឺ​ជា​កន្លែង​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​សម្រាប់​អ្នក​ជំនាញ ​មើលពី​ការ​រាលដាល​នៃ​រោគ​ឆ្លងកូវីដ១៩នេះ។ នៅ​ក្នុង​ជំរំ​ដែល​ប្រជាជន​ម៉ូស្លីម​គ្មាន​ប្រទេស​ភាគច្រើន​បាន​មក​ដល់​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​គេច​ពី​ការ​គាប​សង្កត់​របស់​យោធា​មីយ៉ាន់ម៉ា​ឆ្លង​កាត់​ព្រំ​ដែន​ក្បែរ​នោះ ​គឺ​ជា​ដី​ដែល​អំណោយផល​សម្រាប់​ជំងឺ​ណា​មួយ រួមទាំងវីរុសដែលកំពុងផ្ទុះនេះផងដែរ។

សាធារណជន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​  កំពុង​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​រក្សា​ចម្ងាយ​ពីរ​ម៉ែត្រ (ប្រាំ​មួយ​ហ្វីត) ។ ចំណែក​ទទឹង​នៃ​ផ្លូវ​ភាគច្រើន​នៅ Kutapalong ដែល​ជា​ជំរំ​ជន​ភៀសខ្លួន​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក ​ដែល​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចំនួន ៦០ ម៉ឺន​នាក់​រស់នៅ​ គឺស្ទះ​ជា​រៀងរាល់ថ្ងៃ​ ជាមួយ​ហ្វូង​មនុស្ស​ដែល​ស្វែង​រក​អាហារ​និង​ឥន្ធនៈ។ ម៉ាស​ដែល​បាន​ក្លាយ​ជា​ចាំបាច់​ប្រចាំថ្ងៃ​នៅ​ក្នុង​ពិភពលោក​ ភាគច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​មាន​ប្រើ​ទៅវិញ​នៅ​ក្នុង​ជំរុំ​នេះ។ ខ្ទម​នីមួយៗ​មាន​ទំហំ​ត្រឹម​តែ ១០ ម៉ែត្រការ៉េ ហើយ​មាន​មនុស្ស​ដល់​ទៅ ១២ នាក់​រស់​នៅ​ជាមួយ​គ្នា។

បុគ្គលិក​ជំនួយ​ម្នាក់​បាន​និយាយ​ថា “ អ្នក​អាច​លឺ​សំឡេង​ជិត​ខាង​របស់​អ្នក​ដក​ដង្ហើម​បាន” ។ លោក Paul Brockman ប្រធាន​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​និយាយ​ថា ​ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​ គឺ​ពិតជា​មិន​អាច​ទៅ​រួច​ទេ​នៅ​ក្នុង​ជំរំ​នេះ។ លោក​បាន​ប្រាប់ AFP ថា៖ ទំហំ​នៃ​បញ្ហា​ប្រឈម​គឺ​ធំធេង​ណាស់។ ប្រជាជន​ដែល​ងាយ​រងគ្រោះ​ដូចជា​ជនជាតិ​រ៉ូហ៊ីងយ៉ា​ នឹង​រង​ផល​ប៉ះពាល់​មិន​សមាមាត្រ​ ដោយ​ជំងឺ​កូវីដ១៩ ​ដែល​ជា​ជំងឺ​ឆ្លង​ថ្មី។

សូម​បញ្ជាក់​ថា​ បង់ក្លាដេស​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ឆ្លង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ហើយ​មាន​ចំនួន​តិច​ជាង ៥០ ករណី ​ប៉ុន្តែ​សាធារណជន​និង​អ្នក​ជំនាញ​ខ្លាច​មាន​ច្រើន​ទៀត។  ជនជាតិ​រ៉ូហ៊ីងយ៉ាទើប​តែ​ដឹង​អំពី​ជំងឺ​នេះ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​កាត់​ផ្ដាច់​អ៊ីនធឺណិត​ ចាប់តាំង​ពី​ចុង​ឆ្នាំ​មុន ​ក្រោម​វិធាន​ដើម្បី​រឹត​បន្តឹង​លើ​ជន​ភៀស​ខ្លួន។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ទោះ​យ៉ាងណា​ការ​ភ័យខ្លាច​បាន​កើន​ឡើង​ចាប់​តាំង​ពី​ក្រុម​គ្រួសារ​រ៉ូហ៊ីងយ៉ា​ដែល​មាន​សមាជិក​បួន​នាក់​ ដែល​បាន​វិល​ត្រឡប់​មក​ពី​ឥណ្ឌា​កាល​ពី​សប្ដាហ៍​មុន ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ឯ​មជ្ឈមណ្ឌល​ឆ្លង​កាត់​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ធ្វើ​តេស្ត៍។ ស្ត្រី​បង់ក្លាដេស​ម្នាក់​នៅ Cox’s Bazar ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​ធ្វើ​តេស្ត៍​រក​វីរុស​ថ្មី​ផង​ដែរ។

មេដឹកនាំ​សហគមន៍​រ៉ូហ៊ីងយ៉ា​ លោក Mohammad Jubayer មាន​ប្រសាសន៍​ថា “ យើង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់។ ប្រសិន​បើ​វីរុស​មក​ដល់​ទី​នេះ ​វា​នឹង​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃ” ។ លោក​បាន​និយាយ​ថា “ជំនួយ​និង​បុគ្គលិក​សហគមន៍​មូលដ្ឋាន​ចូល​ជំរំ​ជា​រៀងរាល់​ថ្ងៃ។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​ចំនួន ​ក៏​បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដែរ។  ពួកគេ​អាច​ផ្ទុក​វីរុស​នេះ” ។

មេដឹកនាំ​សហគមន៍​ម្នាក់​ទៀត​គឺ​លោក Sayed Ullah មាន​ប្រសាសន៍​ថា ​មាន​ភាព​ល្ងង់ខ្លៅ​និង​ព័ត៌មាន​មិន​ពិត​ជា​ច្រើន​អំពី​វីរុស​នេះ​ ដោយសារ​តែ​ការ​បិទ​អ៊ីនធឺណិត។ លោក​បន្ថែម​ថា “ យើង​ភាគ​ច្រើន​មិន​បាន​ដឹង​ថា ​តើ​ជំងឺ​នេះ​កើត​ឡើង​យ៉ាង​ម៉េច​ទេ មនុស្ស​បាន​លឺ​ថា ​វា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន។ លោក​បន្ថែម​ថា “ យើង​កំពុង​ពឹង​ផ្អែក​លើ​សេចក្ដី​មេត្តា​ របស់​​ព្រះ​ អល់ឡោះ ” ។

អង្គការ​សហប្រជាជាតិ​ ដែល​បាន​ប្រើ​អ្នក​ស្ម័គ្រចិត្ត​និង​បុគ្គលិក​ជំនួយ​ដើម្បី​បើក​យុទ្ធនាការ​លាងដៃ​និង​អនាម័យ ​នៅ​ក្នុង​ជំរំ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​សេវាកម្ម​អ៊ីនធឺណិត​ធម្មតា​ឡើង​វិញ។ អ្នក​នាំ​ពាក្យ​របស់​អង្គការ​នៅ​ជំរំ​បាន​និយាយ​ថា “ អន្តរាគមន៍​សុខភាព​សង្គ្រោះ​ជីវិត ​ត្រូវ​ការ​ការ​ប្រាស្រ័យ​ទាក់ទង​រហ័ស​ និង​ប្រកបដោយ​ប្រសិទ្ធភាព ​ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​គឺ​ជា​គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា ​និង​ប្រសិទ្ធភាព​នៃ​ស្ថានភាព​ពេល​នេះ ” ៕

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖bangkokpost