BREAKING NEWS
Search

លោកពូទីនដាក់សប្តាហ៍ក្រោយជាវេលាឈប់សម្រាកដោយមានប្រាក់ឈ្នួលទូទាំងប្រទេស

រុស្សីនឹង​សម្រាកទូទំាង​ប្រទេស​នៅសប្តាហ៍ក្រោយនេះ ក្រោមបញ្ជាលោកវ្លាឌីមៀពូទីនដែលចាត់ទុកថា ជាវេលា​ឈប់សម្រាកដែលមានប្រាក់ឈ្នួលធំបង្អស់។

ក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ ទៅកាន់ប្រទេសជាតិខ្លួនយប់មិញនេះ ប្រធានាធិបតីរុស្ស៊ី លោក​ វ្លាឌីមៀពូទីន ដាក់បញ្ជាថ្មី​ ឱ្យពន្យាការបោះឆ្នោតវិសោធនកម្មច្បាប់នៅថ្ងៃទី ២២ ខែមេសា និងដាក់សប្តាហ៍ក្រោយនេះ ថាជាវេលា​ឈប់សម្រាកដែលមានប្រាក់ឈ្នួលទូទាំងប្រទេស

នេះជាផ្នែក​នៃការលើកទឹកចិត្តប្រជាជនរុស្ស៊ី ឱ្យនៅតែផ្ទះដើម្បីកាត់​បន្ថយការរាលដាលនៃវីរុស។
ដោយសារមេរោគឆ្លងថ្មីមនុស្សជាង ១៨.០០០ នាក់បានស្លាប់ពាសពេញពិភពលោកហើយ​ប្រទេសរុស្ស៊ីមានករណីឆ្លងចំនួន ៦៥៨ ករណីនិងស្លាប់ ៣ នាក់។

ប្រទេសរុស្ស៊ីបានបញ្ជាក់ពីការឆ្លងមេរោគថ្មីចំនួន ១៦៣ ករណីកាលពីថ្ងៃពុធដោយបាននាំយកចំនួនករណីផ្លូវការរបស់ប្រទេសនេះឡើងដល់ ៦៥៨ ករណីហើយបានកត់សម្គាល់នូវចំនួនករណីកើនឡើងច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ។

យោងតាម មូស្គូថែមស៍ ប្រទេសរុស្ស៊ីមនុស្សពីរនាក់នៅទីក្រុងម៉ូស្គូបានស្លាប់កាលពីថ្ងៃពុធដែើម្នាក់​មានអាយុ ៧៣ ឆ្នាំនិងម្នាក់ទៀត ៨៨ ឆ្នាំដោយជំងឺកូវីដ១៩។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានប្រកាសថា បណ្ណាល័យ បណ្តារោងកុន មណ្ឌលកំសាន្តនិងក្លឹបរាត្រី ត្រូវបញ្ជាឱ្យបិទទំាងស្រុង នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង។

ចុងក្រោយមកទៀតនេះ នៅថ្ងៃច័ន្ទទី២៣ខែមិនា បណ្តា​ភោជនីយដ្ឋាន ហាងកាហ្វេនិងឧទ្យានទំាងអស់នៅមូស្គូត្រូវបិទទ្វារជាកំហិត។

ប្រទេសរុស្ស៊ីក៏បានបិទចោល នូវ​រាល់ព្រឹត្តិការណ៍កីឡានិងព្រឹត្តិការណ៍វប្បធម៌ ការជួបជុំធំ ៗ ជាច្រើនមកហើយ ហើយ​ ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ​តែម្តង អ្នករស់នៅទីក្រុងម៉ូស្គូដែលមានវ័យពី ៦៥ ឆ្នាំឡើងទៅ នឹងត្រូវគេបញ្ជាឱ្យញែកខ្លួនចេញពីអ្នកដទៃ ក្នុងផ្ទះខ្លួនឯង។

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានណែនាំដល់ពលរដ្ឋខ្លួន ឱ្យវិលត្រឡប់ទៅផ្ទះវិញដោយសារលទ្ធភាព ដែលសហរដ្ឋអាមេរិកអាចបិទព្រលានយន្តហោះទាំងអស់ដើម្បីបន្ថយការរីករាលដាលនៃមេរោគឆ្លងអាចកើតឡើងក្នុងអាទិត្យនេះ​ហើយ។

លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីនទៅជួបអ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យជាយម៉ូស្គូ រូបថត Moscow Times

ក្រសួងការពារជាតិរុស្សីបាននិយាយថា លោកពូទីនបានបញ្ជាឱ្យកងទ័ពរុស្ស៊ីធ្វើសមយុទ្ធដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងវីរុសនេះប្រសិនបើចាំបាច់។

កាលពីថ្ងៃទី ២៤ ខែមីនា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីការឆ្លងវីរុសកូវីដ១៩ចំនួន ៥៧ ករណីថ្មីដែលធ្វើអោយចំនួនករណីផ្លូវការរបស់ប្រទេសកើនឡើងដល់ ៤៩៥ នាក់ហើយ​អភិបាលក្រុងម៉ូស្គូបានប្រាប់ប្រធានាធិបតីវ្ល៉ាឌីមៀរពូទីនថា ប្រទេសរុស្ស៊ីកំពុងប្រឈមនឹង“ ស្ថានភាពធ្ងន់ធ្ងរ”  ។

ភ្លាមៗ លោកពូទីនដោយស្លៀកឈុតការពារពិសេសបានទៅមើលមន្ទីរពេទ្យនៅជាយក្រុងកូម៉ូមក្កានៃទីក្រុងមូស្គូជាកន្លែងដែលអ្នកជំងឺដែលមានជំងឺកូវីដ កំពុងត្រូវបានព្យាបាលហើយ​អ្នកសារព័ត៌មាន​សរសេរថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះលោកក៏ឆ្លៀតពេលចាប់ដៃគ្រូពេទ្យនិងប្រធានមន្ទីរពេទ្យទៀត។ លោកពូទីន​បានឱ្យ មន្ទីរពេទ្យទីក្រុងមូស្គូកញ្ចប់ថវិការហូតដល់ ២០០,០០០ រូប្លិ (២៥០០ ដុល្លារ) សម្រាប់អ្នកជំងឺម្នាក់ៗដើម្បីជួយរ៉ាប់រងថ្លៃដើមនៃការព្យាបាលពួកគេ។

កាសែត Moskovsky Komsomolets បានរាយការណ៍ថា ស្ត្រីអាយុ ៦៩ ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាបានឆ្លងវីរុសហ្កូវីដ បានស្លាប់នៅក្នុងមន្ទីរពេទ្យលេខ ១ នៃទីក្រុងមូស្គូ។ អ្នកស្រី​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីកូនស្រីរបស់គាំត់បានត្រឡប់មកពីព័រទុយហ្កាល់។ មន្ទីរសុខាភិបាលទីក្រុងម៉ូស្គូក្រោយមកបាននិយាយថា ស្ត្រី​រូបនេះ​បានស្លាប់ដោយសារជម្ងឺមហារីកហើយត្រូវបានគេធ្វើតេស្ត៍រកឃើញថាមានផ្ទុកវីរុសកូវីដទៀត​។

ក្រុមហ៊ុន Volkswagen បាន​ផ្អាកផលិតកម្មរថយន្តរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីភ្លាមៗ ដោយសារកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសនៅអឺរ៉ុប។

សាយ ពេជ្រ