BREAKING NEWS
Search

សមត្ថកិច្ច​បញ្ជាក់​ពី​មូលហេតុ ​នៃ​អគ្គិភ័យ​ឆាបឆេះ​ ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ផ្សារ​ដេប៉ូ ​ស្លាប់​ម្នាក់ របួស​៥​នាក់

ភ្នំពេញ ​៖​ ​ស្ត្រី​ចំណាស់​ម្នាក់ ​បាន​ស្លាប់, ​មនុស្ស​ប្រុស ស្រី​ចំនួន​៥​នាក់ ​បាន​រង​របួស​ធ្ងន់ ​និង​​ស្រាល ក្រោយពី​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​នោះ ​ហើយ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ​សមត្ថកិច្ច​បញ្ជាក់​ថា​ បណ្តាលមកពី​ការ​ចាក់​សាំង​ម៉ូតូ​ធ្លា​ក់​ដប សាំង​លើ​​ម៉ាស៊ីន​ម៉ូតូ​កំពុង​ក្តៅ។

គ្រោះ​អគ្គិភ័យ​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៣​A​ ផ្លូវ​លេខ​២២១ កែង​ផ្លូវ​លេខ​១៤៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​ទួលគោក។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ជា​ផ្ទះ​មួយ​ប្រកបមុខរបរ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ និង​លក់​សាំង​ច្រក​ដប ហើយ​នៅមុន​ពេល​កើតហេតុ​នេះ គេ​បាន​ឃើញ អ្នកលក់​សាំង​មុខ​ផ្ទះ​កើតហេតុ ​​​ចាក់​សាំង​ឲ្យ​ម៉ូតូ​មួយ​គ្រឿង ខណៈ​ចាក់​នោះ ​ក៏​ស្រាប​តែ​រលំ​ដប​សាំង បង្កើត​ឲ្យ​មាន​ជា​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​លើ​ម៉ូតូ​ជាច្រើន​គ្រឿង បន្ត​ទៅ​ឆេះ​ដល់​ក្នុង​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​បន្ថែម​ទៀត។

ខណៈនោះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​នៅតែ​មិន​រលត់ ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​ខាង​ជំនាញ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដើម្បី​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​ដែរ ដោយ​ប្រើប្រាស់​រថយន្ត​អស់​ជាច្រើន​គ្រឿង ទើប​ភ្លើង​បាន​រលត់​។ ប៉ុន្តែ​អ្វីដែល​ជាការ​រន្ធត់​នោះ​គឺ ក្នុង​ហេតុការណ៍​អាក្រក់​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់ ​បាន​ស្លាប់ ​និង​៥​នាក់​ទៀត​ បាន​រងរបួស​ធ្ងន់​និង​ស្រាល។​

បើតាម​សមត្ថកិច្ច​ប៉ូលិស ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៦​នាក់ ដែល​ទទួលរង​គ្រោះថ្នាក់​ដោយ​ស្លាប់​និង​របួស​នេះ​៖ ទី​១-​ឈ្មោះ យន់ ស្រ៊ីប ភេទ​ស្រី អាយុ​៧១​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​(​ស្លាប់​)​។ ​ទី​២​មាន ឈ្មោះ​អ៊ួ​ន សារ៉ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ។​ទី​៣ -​ឈ្មោះ​ស៊ូ ស៉ី​ថា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​។ ​ទី​៤-​ឈ្មោះ​អ៊ួ​ន ភឿន​លី​លីហ្សា ភេទ​ស្រី អាយុ​១២​ឆ្នាំ​ជនជាតិខ្មែរ។ ទី​៥-​ឈ្មោះ​អ៊ួ​ន ភឿន​លី​លីកា ភេទ​ស្រី អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ។ ទី​៦-​ឈ្មោះ​គៀត ឡាង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ ។ អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ)។

សមត្ថកិច្ច​បន្តថា សម្រាប់​មូលហេតុ​គឺ​បណ្តាលមកពី​ការ​ចាក់​សាំង​ម៉ូតូ​ធ្លា​ក់​ដប សាំង​លើ​​ម៉ាស៊ីន​ម៉ូតូ​កំពុង​ក្តៅ​ បណ្តាល​ឆាបឆេះ​តែម្ដង​។ ចំពោះ​សម្ភារ​ខូចខាត​រួមមាន ម៉ូតូ​ចំនួន​០៣​គ្រឿង ម៉ាក​ស្កូ​ពី គ្មាន​ស្លាក​លេខ​(​ឆេះ​ទាំងស្រុង​, ម៉ាក​PCX (​ឆេះ​ទាំងស្រុង​) និង​ម៉ាក​PCX ពណ៌​ស​លាយ​ក្រហម (​ឆេះ​៥០​ភាគរយ​) រីឯ​សម្ភារៈ​ក្នុងផ្ទះ​ជាន់​ក្រោម ឆេះ​ស្ទើរ​ទាំងស្រុង​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ដែល​ស្លាប់​ក្រុមគ្រួសារ​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា និង​អ្នករបួស​០៤​នាក់​ទៀត​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង ក្មេងស្រី​០១​នាក់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​

ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ បាន​ប្រើប្រាស់​អស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង ដោយ​មកដល់​កន្លែង​កើតហេតុ​ចំនួន​១២​គ្រឿង ទើប​រលត់​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃ​ដដែល៕
​ស្រីរ័ត្ន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114