BREAKING NEWS
Search

ពលរដ្ឋម៉ាឡេស៊ី​ ជាប់​គាំង​នៅ​កម្ពុជា​​ ១១១ នាក់​​ ត្រូវ​បានដឹកតាម​យន្តហោះពិសេស​មួយ​​គ្រឿងទៅកាន់​ប្រទេសខ្លួន​វិញ​

ម្សិលមិញ​នេះ​(ថ្ងៃទី​២៥ ខែមីនា ២០២០) មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិខ្លួនដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ នេះបើតាម​លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​បាន​សរសេរ​លើ​បណ្តាញសង្គមមុន​​នេះ។

លោក​បាន​លើក​ឡើង​ថា កម្ពុជា​ក៏បានសម្របសម្រួលឲ្យពលរដ្ឋចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។ ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកដើម្បីម៉្យាង អរគុណកម្ពុជា​ចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋម៉ាឡេស៊ីផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។

លោក​ក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី ៩ មីនាកន្លងទៅ អរគុណចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។