BREAKING NEWS
Search

ទៀង មុំ​សុធាវី បរិច្ចាគ​ថវិកា​៥​ពាន់​ដុល្លារ​ ចូលរួម​ទប់ស្កាត់​​ជំងឺ​Covid-19

ភ្នំពេញ ​៖ ​តារាចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ទៀង មុំ​សុធាវី និង​ស្វាមី​លោក ជួន សុ​កាន់​ណា​រឹទ្ធ ដែល​ជា​អ្នកជំនួញ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ​ហើយ​ទើបនឹង​រៀបការ​រួច​ថ្មីថ្មោង​នោះ ​ពេលនេះ​បានសម្រេច​បរិច្ចាគ​ថវិកា​ចំនួន​៥០០០​ដុល្លារ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​Covid-19។

បើ​តា​ការ​បញ្ជាក់​ពី​សំណាក់​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ​បាន​ប្រាប់​ឲ្យ​ដឹងថា ​តារា​សិល្បៈ ​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​ច្រើន​ជាង​គេ​សម្រាប់​”​មូលនិធិ​សិល្បករ​កូ​វីដ​១៩” នោះ​ គឺ​តារាចម្រៀង​ដែល​មាន​ទឹកដម​សំឡេង​មនោសញ្ចេតនា​អ្នកនាង ទៀង​មុំ សុធាវី និង​ស្វាមី​លោក ជួន សុ​កាន់​ណា​រឹទ្ធ គឺ​បាន​បរិច្ចាគ​ទឹកប្រាក់ ៥​ពាន់​ដុល្លារ​(​ប្រាំ​ពាន់​ដុល្លារ​)ចូលរួម​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ Covid-19​។

លោក ហេង ឡុង បន្តទៀតថា ​ការចូលរួម​បរិច្ចាគ​ថវិកា​នេះ​ គឺធ្វើឡើង​តប​តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អរគុណ​បងប្អូន​ដែល​បាន​គាំទ្រ​សកម្មភាព​មនុស្សធម៌​ប្រឆាំង​ជំងឺ Covid-19​ទាំង​អស់គ្នា​។ លោក​បន្ថែមថា ​គិត​រហូត​មក​ទល់ពេលនេះ ​គឺមាន​សិល្បករ​-​សិល្បការិនី​របស់​ខ្មែរ​ជាច្រើន​ បាន​នាំគ្នា​ផុសផុល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​សកម្មភាព​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​Covid-19​។​

ជាមួយគ្នានេះ ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​អ្នកនាង ទៀង មុំ​សុធាវី ក៏បាន​លើកឡើង​និង​អំពាវនាវ​ថា​ នេះ​គឺជា​ទឹកចិត្ត​ចូលរួមចំណែក​ដ៏​សែន​រីករាយ​បំផុត​ពី​នាង​ខ្ញុំ​និង​ក្រុមគ្រួសារ​ហើយក៏​សូម​បួងសួង​ដល់​ទេវតា សូមជួយ​ថែរក្សា​បងប្អូន​ខ្មែរ​យើង​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ជៀស​ផុត ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ​។​

តាម​ការកត់សម្គាល់​ប​ន្ទា​ប់​ពី​មានការ​អំពាវនាវ​រប​ស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​រួមគ្នា​ជួយ​ទប់ទល់​ការរីក​រាលដាល​ជំងឺ​Covid-19​នៅ​ប្រទេស​កម្ពុជា​នោះ ​ភ្លាមៗ​នេះដែរ គេ​សង្កេត​ឃើញថា ​មានការ​ចែករំលែក​សកម្មភាព​មនុស្សធម៌​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នកជំនួញ ឯកឧត្តម លោក​ឧកញ៉ា​ល្បីៗ​និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ ​ខណៈ​ដែល​សិល្បករ​-​សិល្បការិនី​របស់​ខ្មែរ​ជាច្រើន​ ក៏បាន​បង្ហាញ​ឆន្ទៈ​រួបរួម​គ្នា​ចូលរួម​ឧបត្ថម្ភ​ថវិកា​ទប់ស្កាត់​ និង​ព្យាបាល​ជំងឺ​Covid-19​ផងដែរ​៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114