BREAKING NEWS
Search

សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវដល់​ប្រើម៉ាស ឬក្រមាដើម្បីការពារជំងឺឆ្លងកូវីឌ-១៩

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​​ប្រើម៉ាស ឬក្រមាដើម្បីការពារជំងឺឆ្លងកូវីឌ-១៩។  ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩(COVID-19) ចំនួន ៤២២នាក់ នៅវិមានសន្តិភាពកាលពីម្សិល​មិញ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវកូវីឌ-១៩ នៅទូទាំងប្រទេស ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ ពីគ្រួសារនីមួយៗ និងពីភូមិនីមួយៗ រហូតដល់កម្រិតទូទាំងប្រទេស។

ប្រជាពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាសការពារជំងឺឆ្លងកូវីឌ-១៩។ ប្រសិនបើពុំមានម៉ាសគ្រប់គ្រាន់ទេ គឺត្រូវប្រើក្រមាជំនួសគួបផ្សំគ្នា គឺម៉ាសក៏ប្រើ ក្រមាក៏ប្រើ ហើយប្រសិនបើគ្មានម៉ាសឬក្រមាជាប់ខ្លួនទេ ពេលក្អក ឬក្រដាស ត្រូវយកដៃខ្ទប់មាត់ ដើម្បីការពារកុំឲ្យឆ្លងរោគទៅកាន់អ្នកដ៏ទៃ ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ព្រោះថាសម្តេចតេជោនាយករដ្ឋមន្ត្រីក៏ពាក់ម៉ាស់ដែរក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីឌ-១៩។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ និងទឹកអាកុល ឬចឹលសម្លាប់មេរោគនិងបាក់តេរី អោយបានស្អាតល្អជានិច្ច។ ចំពោះសម្តេចផ្ទាល់ គឺបានដុសលាងសម្អាតដៃជាមួយទឹកអាកុលមុនពេលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងកម្មវិធីជួបជុំផ្សេងៗ ហើយពេលអញ្ជើញទៅដល់ផ្ទះវិញក៏ត្រូវដុសលាងសម្អាតដៃមួយសារទៀតជាមួយសាប៊ូដើម្បីសម្លាប់មេរោគនិងបាក់តេរីផ្សេងៗរួមទាំងមេរោគឆ្លងកូវីឌ-១៩ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺតែងតែធ្វើអនាម័យជាប់ជានិច្ច។

សម្តេចសូមឱ្យមានការប្រុងប្រយ័ត្នកុំអោយមានឆ្លងរោគកូវីឌ-១៩ ដ៏កាចសាហាវនេះអោយសោះ ព្រោះមកទល់ថ្ងៃទី ២៥ មីនា​ម្សិលមិញ គឺមានអ្នកឆ្លងមេរោគនេះ ៩៦ នាក់ហើយ៕