BREAKING NEWS
Search

អ៊ឹម ជីវ៉ា បរិច្ចាគ​ថវិកា​ជាង​៣០០​ដុល្លារ ​តាមរយៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ទិញ​ម៉ាស់​ចែក​ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ ​៖​ ជាការ​ចូលរួមចំណែក​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​អំឡុង​ពេលដែល​កំពុងមាន​ការរីក​រា​ល​ដាល​ជំងឺ​កូ​វីដ​១៩ ​នៅ​ប្រទេស​កម្ពុជា​ តារា​សម្តែង ​លោក អ៊ឹម ជីវ៉ា បានសម្រេច​បរិច្ចាគ​ថវិកា​ចំនួន​ ៣ ២០០ ​ដុល្លារ​ តាមរយៈ​ លោក ហែម ដា​រិ​ទ្ធិ​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ទិញ​ម៉ាស់​ចំនួន​២០០​ប្រអប់ ​ស្មើ​នឹង​១​ម៉ឺន​សន្លឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​។​

យោងតាម​ការ​បង្ហោះ​រប​ស់​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ថា ​នៅ​រសៀល​នេះ​ ខ្ញុំបាទ​សូម​ចូលរួម​ឧបត្ថម្ភ​ម៉ាស់​ចំនួន​២០០​ប្រអប់ ​ស្មើ​នឹង​១​ម៉ឺន​សន្លឹក សរុប​ថវិកា​ចំនួន ​៣ ២០០​ ដុល្លារ​ ជូន​ដល់​លោក ហែម ដា​រិ​ទ្ធិ អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ សម្រាប់​ការប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​COVID-19។

លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា ​ការចូលរួមចំណែក​នេះ​ គឺ​ដោយសារ​ការមើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​លោក​អភិបាលខណ្ឌ ហែម ដា​រិ​ទ្ធ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ ដោយ​មិន​ខ្លាច​ការនឿយហត់​។

​លោក​អភិបាលខណ្ឌ​ ជា​មន្ត្រី​គំរូ​គួរ​ឲ្យ​គោរព ​ទើប​ខ្ញុំ​សម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ទិញ​ម៉ាស់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយ​លោក​អភិបាលខណ្ឌ​នា​ពេលនេះ​។​

តារា​សម្តែង ​លោក អ៊ឹម ជីវ៉ា និយាយទៀតថា​ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ជួយ​ខណ្ឌ​ និង​ប្រទេស​កម្ពុជា​យើង ​ដើម្បី​ទប់ស្កាត់​ និង​បង្ការ​ការពារ​ជំងឺ​មួយ​នេះ ​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខ​ភាព​ល្អ​ទាំងអស់គ្នា​។

​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នា​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២០​នេះ ​លោក អ៊ឹម ជីវ៉ា បាន​លើកឡើង​ថា​ អ្វីដែល​លោក​បានធ្វើ​នេះ ​គឺជា​ការរួមចំណែក​ចែករំលែក​ក្តី​ស្រលាញ់​តាម​លទ្ធភាព​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ​និង​ខ្មែរ​ចេះ​ជួយ​ខ្មែរ​តែប៉ុណ្ណោះ​៕


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114