BREAKING NEWS
Search

សមត្ថកិច្ច​ កំពុង​តាម​ចាប់​លោក​ប៉ូលិស​ម្នាក់ រហស្សនាម​ត្រីកោណ​០៦ ដែល​បាញ់​បោះ​ជិត​១០​គ្រាប់​

ភ្នំពេញ​ ៖​ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​(​រហស្សនាម​ត្រីកោណ​០៦)​ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ ដោយសារ​តែ​លោក​នាយរង​រូបនោះ ​រួម​ទាំង​គូកន​ជិត​១០​នាក់​ ជិះ​រថយន្ត​មកដល់ ​ក៏​ឈប់ ​រួច​ដក​កាំភ្លើងខ្លី​បាញ់​ផ្ចុច​ដី​ប្រមាណ​១០​គ្រាប់​ បណ្តាល​ឲ្យ​ស្ត្រីមាន​កូន​ម្នាក់​ដែល​ទើប​សម្រាល​កូនខ្ចី​ហើយ ​ត្រូវ​ភ័យ​លោះ​ព្រលឹង​សន្លប់ ​និង​អ្នកជិតខាង​ផ្សេងទៀត​នាំគ្នា​រត់​ចែក​ជើង​គ្នា ​ព្រោះតែ​ខ្លាច​ត្រូវ​គ្រាប់កាំភ្លើង​ដែល​ជន​រូប​នោះ​បាញ់​។

ហេតុការណ៍​បាញ់បោះ​សេរី​ដែល​បង្ក​ដោយ​លោក​នាយរង​គ្រឿងញៀន​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់​ ថ្ងៃទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០២០​ ចំណុច​ផ្លូវ​រថភ្លើង ​ក្នុងភូមិ​០៣ សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​។​

ជនបង្ក​បាញ់បោះ​សេរី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​នោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ឈ្មោះ​គង់ សុភាព ឋានន្តរសក្ដិ​វរសេនីយ៍ទោ តួនាទី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (​មាន​រហស្សនាម​ត្រីកោណ​០៦)។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​ស៊ីវិល​មួយ​ក្រុម មាន​គ្នា​ជិត​១០​នាក់ ជិះ​រថយន្ត​៣​គ្រឿង ​មួយគ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស​ មួយ​គ្រឿង​ទៀត ​ម៉ាក Camry បា​ឡែ​ន​ ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​ និង​១​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូ​ស បាន​បើក​មកដល់​កន្លែងកើតហេតុ ​ហើយ​នាំគ្នា​ចុះ​ពី​រថយន្ត​ដើរ​សំដៅ​មក​ទីតាំង​កើតហេតុ ​ដែលមាន​ប្រជាពលរដ្ឋ​កំពុង​អង្គុយ​ជុំគ្នា។ ភ្លាមៗ​នោះ ​ស្រាប់តែ​ជនដៃដល់​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ ឈ្មោះ​គង់ សុភាព ឋានន្តរសក្ដិ វរសេនីយ៍ទោ តួនាទី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (​មាន​រហស្សនាម​ត្រីកោណ​០៦)​ បាន​ដក​កាំភ្លើងខ្លី​ស៊េរី​ទំនើប​បាញ់​ជិត​១០​គ្រាប់ ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ភិតភ័យ ស្លន់ស្លោ ​នាំគ្នា​រត់​ជាន់ជើងគ្នា​ និង​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាល​កូនខ្ចី​ហើយ​បាន​ដួលសន្លប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀតថា​ ក្រោយពី​បាញ់បោះ​អស់ចិត្ត​ហើយ​នោះ ​ពួកគេ​ក៏​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្ដង​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ករ​ណី​បាញ់បោះ​សេរី​ភ្លាម កម្លាំង​សមត្ថកិច្ច​ខណ្ឌ​-​ប៉ុស្តិ៍ ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​សាកសួរ​ និង​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​មនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​ប្រហែល​១០​នាក់ ជិះ​ឡាន​បី​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​៣៣០​ ពណ៌​ស មួយ​គ្រឿង ម៉ាក​បា​ឡែ​ន ពណ៌​ទឹកសមុទ្រ មួយគ្រឿង និង​ម៉ាក​ព្រុស ពណ៌​ខ្មៅ មួយគ្រឿង មិន​ស្គាល់​ស្លាក​លេខ ​ទាំងបី​គ្រឿង​ទៅដល់​កន្លែងកើតហេតុ ក៏​ឃើញ​ឈ្មោះ គង់ សុភាព និង​គូកន ចុះ​មក​ពីលើ​ឡាន​ដក​កាំភ្លើង​អា​មេ​បាញ់​ផ្ចុច​ដី​ជាច្រើន​គ្រាប់​បណ្តាលឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​យ៉ាង​ខ្លាំង រួច​ក៏​នាំគ្នា​ឡើង​ជិះ​ឡាន​គេច​ចេញ​ទៅ​បាត់​។

សមត្ថកិច្ច​បាន​រកឃើញ​សំបក​គ្រាប់​ចំនួន​០៦​គ្រាប់​នៅ​កន្លែងកើតហេតុ​យកទៅ​រក្សាទុក​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ វែកមុខ​ជនដៃដល់​ដែល​បាញ់​នោះ​ ព្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​៕


អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114