BREAKING NEWS
Search

Facebook ផ្ដល់​ប្រាក់ ១០០លាន​ដុល្លារ​ ​ជួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រង​គ្រោះ​ព្រោះ​​វីរុសកូវីដ១៩

Facebook បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​អង្គភាព​ព័ត៌មាន​នានា​ ដែល​កំពុង​ទទួល​រង​នូវ​វិបត្តិ​នៅ​ទូទាំង​ពិភពលោក​ ដោយសារ​ជំងឺ​រាតត្បាតកូវីដ១៩  ដោយ​លើក​ឡើង​ពី​តម្រូវការ​សម្រាប់​តែ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បានតែប៉ុណ្តោះ។

នាយក​ផ្នែក​ព័ត៌មាន​របស់​ហ្វេសប៊ុក ​គឺ​លោក Campbell Brown បាន​មាន​ប្រសាសន៍​ថា “ ឧស្សាហកម្ម​ព័ត៌មាន​កំពុង​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ដ៏​អស្ចារ្យ​ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​មនុស្ស​ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ១៩ នេះ។  នៅ​ពេល​ដែល​សារព័ត៌មាន​ត្រូវ​ការ​ជា​ចាំបាច់​ ជាង​ពេល​ណាៗ​ទាំងអស់ ​នោះ​ប្រាក់ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​កំពុង​តែ​ថយ​ចុះ​ ដោយសារ​តែ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នៃ​វីរុស។ អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ​កំពុង​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង ​សូម្បី​តែ​មនុស្ស​ដែល​ធ្លាប់​ងាក​មក​រក​ពួកគេ​ក៏ដោយ ” ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​បាន ឲ្យដឹង​ថា ​ថវិកា​ថ្មី​នេះ​រួម​បញ្ចូល​ទាំង​ជំនួយ​ឥត​សំណង​ចំនួន ២៥ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ក្នុង​ស្រុក​ តាម​រយៈ​គម្រោង​សារព័ត៌មាន​ហ្វេសប៊ុក​និង ៧៥ លាន​ដុល្លារ​ សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ទីផ្សារ​បន្ថែម​ទៀត​ នឹងដើម្បី “ ផ្ទេរ​​ប្រាក់​ទៅ​ឱ្យ​អង្គភាព​សារព័ត៌មាន​ជុំវិញ​ពិភពលោក ” ។

ហ្វេសប៊ុក​បាន​បន្ថែម​ទៀត​ថា ​ខ្លួន​នឹង​ផ្ដល់​ជំនួយ​ដល់​អ្នក​បោះពុម្ព​ផ្សាយ ​ដែល​ត្រូវ​ការ​បំផុត​នៅ​ក្នុង​ប្រទេស​ ដែល​រង​គ្រោះ​ខ្លាំង​បំផុត។ ការ​ផ្លាស់ប្ដូរ​នេះ​កើតឡើង​ចំ​ពេល​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ នៃ​ការ​ថយ​ចុះ​និង​ការ​បិទ​​អង្គភាព​ព័ត៌មាន ​ដែល​រង​ការ​វាយ​ប្រហារ ​ដោយ​ការ​បិទទ្វារ​និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដែល​បណ្ដាល​មក​ពី​វិបត្តិ​សុខភាព។

សូម​បញ្ជាក់​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ Facebook និង​ Google បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​អង្គភាព​សារព័ត៌មាន ​បន្ទាប់​ពី​មាន​ការ​រិះគន់​ថា ​ឥទ្ធិពល​របស់​ពួកគេ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​លំបាក ​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ​ឌីជីថល។

ទោះយ៉ាងណា Facebook ក៏​បាន​គាំទ្រ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​ការ​ពិត​ជាមួយ​សារព័ត៌មាន AFP និង​ក្រុមហ៊ុន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត ​រួមមាន ​សារព័ត៌មាន ​រ៉យទ័រ ​និង​សារព័ត៌មាន Associated Press ដែល​ខ្លឹមសារ​ក្នុង​ព័ត៌មាន​ពួកគេ​បើ​សិន​​វាយ​តម្លៃ​មិន​ពិត​ នឹង​ត្រូវ​កាត់​បន្ថយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន ​ដើម្បី​ឱ្យ​ចំនួនមនុស្ស​កាន់​តែ​មើល​​តិច៕

 

ប្រែសម្រួល ៖​ សាង​ ស្រីល័ក្ខ
ប្រភព៖ thejakartapost