BREAKING NEWS
Search

បើក​ឡាន​បុក​គេ​ស្លាប់​២​នាក់​ រួច​បើក​រត់គេច​ ចៃដន្យ​ជ្រុះ​ស្លាក​លេខ​ ប៉ូលិស​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បាន​ភ្លាម

ភ្នំពេញ ​៖​ អ្នកបើកបរ​រថយន្ត​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ តាម​ចាប់ខ្លួនបាន​ពេល​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៣១ ខែមីនា​ ឆ្នាំ​២០២០ បន្ទាប់​ជនសង្ស័យ​ខាងលើ ​បាន​បើក​រថយន្ត​បុក​គេ​ស្លាប់​ចំ​នួន​២​នាក់ កាលពី​ម៉ោង​២០​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២០​នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ក្រោយពី​មានការ​ប្រទះ​ឃើញ​បុរស​២​នាក់​ ក្នុង​នោះ​ម្នាក់​ បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ និង​ម្នា​ក់​ទៀត ​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ រួចមក ​សមត្ថកិច្ច​ បាន​​ស្រាវជ្រាវ តាមរយៈ​​ស្លាក​លេខ​រថយន្ត​បង្ក​ហេតុ​ ដែល​បាន​ដាច់​ជ្រុះ​នៅ​កន្លែងកើតហេតុ ​ទើប​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​យកមក​សួរនាំ​ និង​បញ្ជូន​តុលាការ​។​

តាមរយៈ​ស្លាក​លេខ​រថយន្ត​បង្កហេតុ​ ដែល​បាន​ដាច់​ជ្រុះ​នៅ​កន្លែង​កើត​ហេតុ គឺ​លេខ​ភ្នំពេញ​2BA. 9111 ខាង​មន្ទីរ​សាធារណការ ​​បានបញ្ជាក់​ក្នុង​ឯកសារ​តម្កល់ទុក​នោះ រថយន្ត​ពាក់​ស្លាក​លេខ​ខាងលើ ជា​រថយន្ត​ម៉ាក ធុន​ដ្រា ពណ៌​ខ្មៅ​ ផលិត​នៅ​ឆ្នាំ​២០១០ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សេង ចិន្តា មាន​ទីលំនៅ​ផ្ទះ​លេខ​៩៣​អឺ​២ ផ្លូវ​លេខ​១៣៤ ភូមិ​៦ សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ បាន​ចុះបញ្ជី​បង់​ពន្ធ និង​ជន​ធ្វើ​ស្លាក​លេខ​ប្រើប្រាស់​នៅ​ថ្ងៃទី​១១ ខែ​១០ ឆ្នាំ​២០១៩។

ប៉ូលិស​និយាយថា តាមរយៈ​រូបភាព​ក្នុង​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្បែរ​កន្លែងកើតហេតុ គឺ​ភាគី​រថយន្ត​បង្ក​ បាន​បើកបរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​៥៨P លុះ​មកដល់​ចំណុច​មុខផ្ទះ​លេខ​១២៨ ក៏បាន​​​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF.8899 ដែល​ជនរងគ្រោះ​ទាំង​នាក់​ខាងលើ​កំពុង​ជិះ​ឌុប​គ្នា(បើក​បត់​ផ្លូវ​កែង)។ ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ទូច វន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​រការ​ធំ ឃុំ​ចាម ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ឌុប​បងថ្លៃ​។ នៅពេល​បុក​រួច​ខាង​រថយន្ត​បង្កហេតុ​មិនបាន​ឈប់​មើល​ទេ ​គឺ​បើក​រត់​គេចខ្លួនបាត់​តែម្តង ដោយ​ដាច់​ជ្រុះ​ស្លាក​លេខ​រថ​យន្ត​ប៉ែក​ខាងមុខ បន្សល់ទុក​នៅ​កន្លែងកើតហេតុ​នោះ​។ ចំណែក​​​ជន​រងគ្រោះ ជា​អ្នក​ជិះ​ម៉ូតូ ​បាន​ស្លាប់​​ ហើយ​អ្នក​ជិះ​ខាងក្រោយ​​ ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ក្រោយមក​ក៏បាន​ស្លាប់​ដែរ។

អ្នក​បើក​រថយន្ត​ខាងលើ ​បាន​បញ្ជាក់​ ​​នៅ​ក្នុង​បណ្ដាញ​អ៊ីនស្ដាក្រាម​ មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន ​ថា «ខ្ញុំ​ទទួល​បាន​ស្អែក ​ខ្ញុំ​ចូល​ខ្លួន​ដោះស្រាយ​ហើយ ​ព្រោះ​ម៉ូតូ​ចេះ​មក​កាត់​ទទឹង​ផ្លូវ ចាប់​ហ្វ្រាំង​មិន​ទាន់»។

បច្ចុប្បន្ន ​ប៉ូលិស ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​បញ្ជូន​ទៅ​ឲ្យ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕
ប៊ុន​សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114