BREAKING NEWS
Search

លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​បរិច្ចាគ​ប្រាក់ខែ​ចំនួន​៧​ខែ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ​ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន សម្រាប់​រយៈពេល​៧​ខែ ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០។

សូមជម្រាបថា គិត​មកដល់ពេលនេះ មាន​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ នៅតាម​ក្រសួង​ស្ថាប័ន និង​សប្បុរសជន ក្នុងនោះ​មាន​សម្តេចនាយក​រដ្ឋមន្ត្រី​ផង បាន​ចូលរួម​បរិច្ចាគ​ថវិកា​យ៉ាងច្រើន ដល់​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែល​ប្រចាំការ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ការទទួល​ប្រាក់ឧបត្ថម្ភ​ពី​សប្បុរសជន​សម្រាប់​ប្រឆាំង​កូ​វីដ​១៩​។

លោក​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ថវិកា​ពី សប្បុរសជន​ចំនួន​១០​លាន​១​សែន​៧​ម៉ឺន​ដុល្លារ​។ ​ទន្ទឹមនឹង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ទាំងនេះ​ក៏មាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​នាក់​ទៀត​ បានប្រកាស​ផ្តល់​ប្រាក់ខែ​របស់ខ្លួន​ម្នាក់ៗ​ពី​៦​ទៅ​៧​ខែ​ផ្តល់ជូន​គណៈកម្មការ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕
កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114