BREAKING NEWS
Search

« មេរោគសង្គម ក្នុងបរិបទកូវីដ »

បើតួលេខនៃការឆ្លងជំងឺកូវីតនៅកម្ពុជាជាមធ្យមស្ថិតនៅខ្ទង់រាយ លេខស្តើង ហើយការរក្សាអត្រាទាបបែបនេះ ទោះធៀបពីចំនួនប្រជាជន ក៏យើងមានភាពល្អប្រសើរខ្លាំងជាងប្រទេសជឿនលឿនដូចជា អាមេរិក អ៉ីតាលី បារាំង អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស….ដែរ។ មកដល់ថ្ងៃនេះករណីអ្នកផ្ទុកមេរោគនៅស្រុកខ្មែរមានតែនាំចូលពីខាងក្រៅ(មួយភាគធំជាជនបរទេស) ព្រមទាំងបានជាសះស្បើយជាបណ្តើរៗ និងគ្មានអ្នកស្លាប់នោះឡើយ។ ចំនុចវិជ្ជមាននេះ យើងត្រូវមើអោយឃើញផង និងក៏ត្រូវហ៊ានលើកឡើងផងពីភាពខ្លាំងរបស់យើងដែលឆ្លុះបញ្ចាំងដល់ការដឹកនាំ ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ រួមនឹងការការពារអនាម័យរបស់ប្រជាជនខ្លួនឯងផ្ទាល់។

សូមកុំភ្លេចថា មេរោគកូរ៉ូណាគឺជាវិញ្ញាសារដែលចេញក្នុងពេលព្រមគ្នា ដូច្នេះវាគួរតែត្រូវបានកត់សំគាល់ពីសមត្ថភាពនៃការគិតគូរ ចាត់ចែង ដឹកនាំរបស់អ្នកគ្រប់គ្រងប្រទេសដែរ។

វាគឺជាមេរោគសង្គមដែរ ចំពោះស្រុកខ្មែរ អ្នកអគតិដែលតែងមើលមិនឃើញ ឬមិនចេះនិយាយពីចំនុចល្អ ក៏សូមកុំចេះតែដេករកនឹកគំនិតស្មោកគ្រោកមករិះគន់ វាយប្រហារស្រុកឯង ឬមេដឹកនាំ។
និយាយនេះដោយសារខ្ញុំឃើញមានផុសចេញគំនិតខ្មៅមួយចំនួន លើកឡើងថា ៖
. បើស្រុកខ្មែរត្រជាក់ដូចគេវិញ មិនដឹងងាប់យ៉ាងណា !
. បើស្រុកខ្មែរមានប្រជាជនច្រើនវិញ មិនដឹងឆ្លងយ៉ាងណា !
. បើស្រុកខ្មែរមានអ្នកកើតច្រើនវិញ មិនដឹងពេទ្យខ្មែរព្យាបាលយ៉ាងម៉េច !
. បើសិនបិទអោយជិត ឬមិនបើកអោយចិនចូល គឺច្បាស់ជាមិនមានឆ្លងបែបនេះទេ ! ….។ល។ល។

និយាយរួម ដើម្បីបង្កើតជាមេរោគសង្គម​ ជនមួយក្តាប់តូចមិនខ្ចីទទួលស្គាល់ មិនខ្ចីសរសើរអ្វីទាំងអស់ ទោះបីមានចំនុចល្អលំដាប់ពិភពលោកបែបណា តែផ្ទុយទៅវិញ បើនិយាយចេញគឺយកតែប្រៀបធៀបតែចំនុចល្អរបស់គេ ទោះរបស់នោះស្ថិតនៅក្នុងស្ថានភាព និងបរិបទផ្សេងគ្នាពីកម្ពុជាក៏ដោយ។

បើឈប់មិនបាន សូមបន្ថយការនិយាយប្រកបដោយគំនិតទុរយស បំភ្លៃពីខ្មែរហួសហេតុពេកខ្លះទៅ ខណៈដែលប្រទេសដែលអ្នករស់ ឬអ្នកពឹងពាក់កំពុងមានស្ថានភាពអាក្រក់ជាងប្រទេសខ្លួនឯងដែលអ្នកគិតថាអាក្រក់ទៀតនោះ។ ប្រយ័ត្ន ! ភ្លើងដែលឆេះមកជិតដល់ជើងអ្នកផង។

ជាឧទាហរណ៍អាក្រក់មួយ ប្រសិនបើមានសាច់សារលោហិតខ្មែរយើងណាម្នាក់ដែលរស់នៅប្រទេសជឿនលឿនមហិមាឆ្លងកូវីដវិញ ហើយឈានរហូតដល់ស្លាប់នោះ ជាទឹកចិត្តជនរួមជាតិខ្មែរទូទៅគឺនៅតែអាណិតអាសូរ សោកស្តាយដូចគ្នា ទោះជាអ្នកនោះជាមនុស្សអប្រិយ ឬមាននិន្នាការបែបណាក៏ដោយ។ កូវីដអាមេរិក កូវីដអ៉ឺរ៉ុប វាក៏ដូចកូវីដខ្មែរដែរ មិនមែនថាការដែលបានឆ្លងកូវីដអាមេរិក គឺពោរពេញដោយមោទកភាពជាង ឬមានកិត្តិយសខ្ពស់ជាង ហើយនៅខ្មែរសុទ្ធតែថោកទាប ឬមិនថ្លៃថ្នូរឯណា ! ។ ដូច្នេះគួរកុំបរទេសនិយមខ្លាំងពេក កុំអួតតែភាពអស្ចារ្យតែលើជ្រុងណាមួយពេក ។

ចូរចាំថា ទោះអ្នកក្រ អ្នកអន់ អ្នកមិនសូវចេះអ្វីក៏ដោយ អោយតែមានគំនិតចេះត្រៀមលក្ខណៈ ដឹកនាំចាត់ចែង គ្រប់គ្រងច្បាស់លាស់ ត្រឹមត្រូវ នោះតិច ឬច្រើនគឺច្បាស់ជាអាចមានលទ្ធផលល្អ។ អោយតម្លៃខ្លួនឯង ជាតិសាសន៍ឯង ទើបអ្នកផ្សេងគេអោយតម្លៃយើង។

ជាជនជាតិខ្មែរមួយរូប ខ្ញុំសូមសាទរ និងមានមោទកភាពចំពោះការសម្រេចបានរបស់កម្ពុជាយើងក្នុងការប្រឆាំងមេរោគសាកលនេះ ដែលទាំងេនះគឺផ្តើមចេញពីការរួមចំណែកទាំងអស់គ្នា ចេញពីការខិតខំរបស់ពេទ្យខ្មែរ និងជាពិសេសចេញពីស្មារតីមុះមុត និងភាពច្បាស់លាស់របស់មេដឹកនាំខ្មែរ គឺតាសែន តែម្តង។

ចូលរួមទាំងអស់គ្នា ថែរក្សាសុខភាព អនាម័យ ដើម្បីជៀសពីជំងឺប្រល័យលោក«កូវីដ-១៩» !

ដកស្រង់ពី ៖ ម៉ុងស្យ៊ើ កូវីដ