BREAKING NEWS
Search

សម្ដេច​ក្រឡាហោម ស ខេង អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឲ្យ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់​បន្ថែម​ពីលើ​ការអនុវត្ត​គ្រប់​វិធានការ​ការ​ការពារ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក៏​ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តាម​វិធានការ​សំខាន់ៗ​ចំនួន ១១ ចំណុច នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខនេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ ២០២០ បានចេញ​នូវ​សេចក្ដីអំពាវនាវ​ស្ដីពី ការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។

យោងតាម​ការអំពាវនាវ​របស់​សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ប្រកបដោយ​ក្ដី​មោទនភាព​ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ ក្នុង​ពេល​ធ្វើ​ចរាចរណ៍​រួមចំណែក​ ក្នុង​ការ​កាត់បន្ថយ​ការ​បាត់​បង់ជីវិត ការ​រង​របួស និង​ការខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ពេល​កន្លងទៅ​។

​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ​ក្នុង​ករណី​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។ ក្នុង​ឱកាស ​ដែល​ទូទាំង​ប្រទេស​កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ស្រប​ពេល​ដែល​កម្ពុជា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តាម​វិធានការ​សំខាន់ៗ​ចំនួន ១១​ចំណុច ដូចជា ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ដាច់ខាត ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជានិច្ច។

ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើ​ដំបូល ហ្នឹង​មិន​ដំឡើង​ថ្លៃឈ្នួល​ធ្វើដំណើរ​នោះ​ទេ ដោយ​ត្រូវ​ប្រកាន់​យក​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ គឺ​ត្រូវ​គោរព​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាព​សុខដុម​រម្យ​នា​ក្រុម​គ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​រ​បស់​ប្រទេសជាតិ​ផង​ដែរ​៕​